រដ្ឋាភិបាលរៀបចំរថភ្លើងនិងរថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃ

ការដាក់អោយដំណើរការស្ថានីយ៍រថភ្លើង (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុង និងរថភ្លើង ដែលរដ្ឋរៀបចំ​ដោយឥតគិតថ្លៃពីភ្នំពេញនិងបណ្តាលខេត្តមួយចំនួន។​

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​លោក វ៉ា ស៊ឹមសូរិយា បាន​ឲ្យ​​VOD ដឹង​ថា​ ​ពលរដ្ឋ​​អាច​ទៅ​ពិនិត្យ​មើល​ថ្ងៃ​ចេញ និង​ទទួល​សេវា​រថភ្លើង​ឥត​គិត​ថ្លៃ​សម្រាប់​ការ​ចេញ​ដំណើរ​ទៅ​កាន់​ស្ថានីយ​​ប៉ោយ​ប៉ែត​ និង​ខេត្ត​ព្រះសីហនុ​បាន។

លោក​ថា៖ «​ រថភ្លើងមានកម្មវិធីមួយថ្ងៃទៅមួយថ្ងៃមកដែលបងប្អូនអាចទៅមើលកម្មវិធីនៅ​​តាមស្ថានីយរថភ្លើងបាន »

មន្ត្រី​ទំនាក់ទំនង​នៃ​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ​​កញ្ញា សាល ស្រីនា បាន​ឲ្យ​ដឹង​ថា​​សេវា​រថភ្លើង​ឥត​គិត​ថ្លៃ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី​១៥ សម្រាប់​ការ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្ថានីយ​ក្រុង​ប៉ោយ​ប៉ែត ហើយ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ សម្រាប់​ការ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្ថានីយ​ខេត្ត​ព្រះសីហនុ។ កញ្ញា បញ្ជាក់ថា ការដឹកជញ្ជូនមិនយកលុយសម្រាប់មនុស្ស ប៉ុន្តែម៉ូតូ ឬ រថយន្តត្រូវគិតលុយ។​

កញ្ញា សាល ស្រីនា៖ « សំបុត្រចំពោះការធ្វើដំណើរទៅខាងកំពង់សោមគឺត្រូវយកមុនមួយថ្ងៃ ដូចថាថ្ងៃត្រូវចេញដំណើរអញ្ចឹងគាត់អាចមកយកថ្ងៃបាន ចំពោះការធ្វើដំណើរភ្នំពេញ​-ប៉ោយប៉ែត អាចមកយកសំបុត្រពីរថ្ងៃមុន »

​ចំណែក សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​នេះ​កំពុង​រៀប​ចំ​ពិភាក្សា​គ្នា​ពី​ការ​បញ្ចេញ​រថយន្ត​ក្រុង​សាធារណៈ​ដើម្បី​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាស​ភក្ដី។

ទោះ​ជា​យ៉ាង​ណា លោក ម៉េត មាសភក្ដី​ មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​រថយន្ត​ក្រុង​ប៉ុន្មាន​ដែល​នឹង​ដឹក​ជញ្ជូន​ពលរដ្ឋ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​នេះ​នោះ​ទេ។

លោក​ថា​៖ « យើងកំពុងតែគិតគូរហើយខ្ញុំជម្រាបជូនបានតែប៉ុណ្ណេះទេ យើងកំពុងគិតគូរលើកិច្ចការអស់នេះហើយចំពោះព័ត៌មានលម្អិតគឺខ្ញុំអត់អាចជម្រាបជូនបានទេ។ គឺថាឡានប៉ុន្មានគ្រឿង ទៅផ្លូវណាខ្លះទៅថ្ងៃណាថ្ងៃណីអី គឺខ្ញុំសុំបន្តិចទៀតទើបអាចជម្រាបជូនជាសាធារណៈ »

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ គាំទ្រ​ចំពោះ​វិធានការ​រដ្ឋ​នេះ​ តែ​លោក​លើក​ជា​យោបល់​ថា​គួរតែ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ច្រើន​ពី​ពេល​វេលា និង​ទីតាំង​ដែល​សេវា​ទាំង​នោះ​ផ្តល់​ឲ្យ​ពល​រដ្ឋ​ដើម្បី​ឲ្យ​ពល​រដ្ឋ​អាច​ប្រើ​ប្រាស់​សេវា​នេះ​បានទូលំទូលាយ​។

លោក​ថា៖ « កុំឲ្យថាមានឡានហើយនៅតែពិបាករក រកមិនឃើញមិនអីអញ្ចឹងទៅ ហើយការផ្តល់ព័ត៌មានហ្នឹងវារាងដូចជា មិនគ្រប់ជ្រុងជ្រោយ។ អញ្ចឹងសួរថាមានអ្វីដែលនៅខ្វះរវាងមធ្យោបាយដែលជិះអត់អស់លុយហើយធ្វើឲ្យប្រជាពលរដ្ឋនៅតែបង្ខំចិត្តប្រើប្រាស់រថយន្តក្រុងឯកជនដែលមានតម្លៃថ្លៃស្រាប់ហ្នឹង »

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាលពី​ដើម​ខែ​សីហា​កន្លង​ទៅ​បាន​បញ្ជា​ឲ្យ​ក្រសួង​សាធារណការ​ ចរចា​ជា​មួយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល រ៉ែលវេ របស់​លោក គិត ម៉េង ដើម្បី​ផ្ដល់​សេវា​រថភ្លើង​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ បន្ថែម​ពី​លើ​សេវា​រថយន្ត​ក្រុង​ដោយ​ដែល​បាន​ផ្ដល់​ឲ្យ​ពល​រដ្ឋ​កន្លង​មក។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចេញ​រថយន្ត​ក្រុងសាធារណៈ​ដើម្បី​ដឹក​ជញ្ជូន​ពល​រដ្ឋ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ដោយ​ឥត​គិត​ថ្លៃ​រៀងរាល់​រដូវ​បុណ្យ​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ​ ដោយ​ថា​ដើម្បីកុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន​នៅតែ​បន្ត​ដំឡើង​ថ្លៃ​ក្នុង​ឱកាស​នៃ​ពិធី​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ