មជ្ឈមណ្ឌលសិទិ្ធមនុស្សបង្ហាញរបាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅតំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR មានក្តីរំពឹងថា របាយការណ៍របស់ខ្លួន អាចជាផ្នែកមួយធ្វើឱ្យរាជរដ្ឋាភិបាលពិចារណា ហើយកែប្រែផលប៉ះពាល់ផ្សេងៗ និងបញ្ហាសិទ្ធិមនុស្សនៅតំបន់សេដ្ឋកិច្ចពិសេសឱ្យកាន់តែប្រសើរឡើង។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍ថា គោលបំណងដែលខាងមជ្ឈមណ្ឌលចេញរបាយការណ៍នេះ ​គឺ​ជាសារមួយជូនទៅរាជរដ្ឋាភិបាល តួអង្គពាក់ព័ន្ធ និង​ក្រុមហ៊ុនសាជីវកម្មដែលទទួលខុសត្រូវនៅតំបន់សេដ្ឋកិច្ចពិសេសឱ្យពិចារណា និងកែប្រែនូវចំណុច​ខ្វះខាត ព្រមទាំង​ផលប៉ះពាល់​ទាំងឡាយ​ដែលកើតមានកន្លងមក។

លោកមានប្រសាសន៍ដូច្នេះថា៖«យើងចេញរបាយការណ៍ សាលាកបត្រព័ត៌មានហ្នឹង គឺជាសារមួយ ដើម្បីឱ្យអង្គពាក់ព័ន្ធទាំងអស់ហ្នឹង កាត់បន្ថយបាទ ធ្វើម៉េចកាត់បន្ថយ​ភាពអវិជ្ជមាន​ហ្នឹ​ង ដើម្បីធានាការអភិវឌ្ឍ ក៏ដូចជាការប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស​ហ្នឹង ​ប្រព្រឹត្តិទៅដោយរលូន និងដោយនិរន្តរភាព»

កាលពីថ្ងៃទី១ តុលា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសាលាកប័ត្រព័ត៌មាន ឬ​របាយការណ៍មួយបង្ហាញថា ​តំបន់សេដ្ឋកិច្ចពិសេសបានរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងនៅជុំវិញតំបន់។

របាយការណ៍​បន្ត​ថា ខណៈអត្ថប្រយោជន៍នៃតំបន់សេដ្ឋកិច្ចពិសេស បាននាំមកនូវលក្ខខណ្ឌក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មក៏ពិតមែន ប៉ុន្តែ ​ក៏មានបញ្ហាសិទ្ធិមនុស្សដែលកើតមាននៅតំបន់សេដ្ឋកិច្ចពិសេស​ ដូចជា កង្វះតម្លាភាព និងការផ្សព្វផ្សាយជាសាធារណៈ រួមមាន​កង្វះព័ត៌មានស្តីពីការ​បង្កើតតំបន់នេះ និង​ទទួលបានព័ត៌មានអំពីស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសដែលអាចធ្វើឲ្យមានការបណ្តេញចេញដោយបង្ខំ ដោយ​គ្មានសំណងត្រឹមត្រូវ និងយុត្តិធម៌ព្រោះគ្មានការពិគ្រោះយោបល់ជាមុន។

បន្ថែមពីនេះ ការប្រើប្រាស់កម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប និងកង្វះបទប្បញ្ញត្តិទាក់ទងនឹងប្រាក់ឈ្នួលមុនពេលដែលច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមាត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ ២០១៨ បណ្តាលឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករ ការធ្វើការងារលើសម៉ោង និងទទួលបានប្រាក់ឈ្នួលតិចតួច។

របាយការណ៍នេះ រកឃើញទៀតថា មានការរឹតបន្តឹងធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិ ជួបប្រជុំ និងសមាគម ខណៈ​ដែល​សមាជិកសហជីព និង​សមាគមមួយចំនួន ត្រូវបានរារាំង និងមានការរំលោភបំពានសេរីភាព​។ លើសពីនេះ សហជីពប្រឈមនឹងការរើស​អើង​យ៉ាងខ្លាំង ការបំភិតបំភ័យ និង​ជួនកាលមានទាំងអំពើហិង្សា ក៏ដូចជាការយាយីពីប្រព័ន្ធតុលាការផងដែរ។

វីអូឌី(VOD) មិនអាចសុំការឆ្លើយតបតាមទូរស័ព្ទពីសំណាក់អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា និងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាននៅឡើយទេ នៅថ្ងៃនេះ។

កាលពីខែកញ្ញា ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ​នៅតំបន់សេដ្ឋកិច្ចពិសេសក្តី ឬ​នៅតាមសហគ្រាសមិនមែនតំបន់សេដ្ឋកិច្ចពិសេសក្តី ការរំលោភសិទ្ធិការងារ ទៅលើកម្មករតែងកើតឡើង ពិសេសនៅពេលមិនមានវត្តមានសហជីពឯករាជ្យ ឬ​សហជីពដែលការពារប្រយោជន៍ជូនកម្មករពិតប្រាកដ។ មិនតែប៉ុណ្ណោះ លោកថា សហជីពដែលមិនចំណុះរដ្ឋាភិបាល ឬចំណុះនិយោជក ពិតជាពិបាកបំពេញការងារជូនកម្មករ និងរងការរើសអើងប្រាកដមែន។

​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្តល់អនុសាសន៍ក្នុងសាលាកប័ត្រព័ត៌មាននោះថា ដើម្បីដោះ​ស្រាយបញ្ហាទាំងនេះ រាជ​​រដ្ឋាភិបាល គប្បីបដិសេធ​ការអនុញ្ញាត​ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស លុះត្រា​តែ​អាជ្ញាធរ​បាន​អនុវត្ត​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ និង​សង្គម និង​ការពិគ្រោះ​យោបល់ជាមួយប្រជាសហគមន៍មូលដ្ឋាន​។

បន្ថែមពីនេះ ​របាយការណ៍​នោះ បាន​ជំរុញ​ឲ្យ​ធ្វើ​កំណែទម្រង់ច្បាប់​គ្រប់គ្រង​​តំ​បន់​សេដ្ឋកិច្ច​ពិសេស តាមរយៈ​ការគោរព​សិទ្ធិមនុស្ស និងធានាការអនុវត្តតាមច្បាប់ការងារ។

របាយការណ៍​នេះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​​​ធានា​ថា ​អនុក្រឹត្យ​ដែល​បាន​អនុម័ត​យល់​ព្រម​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ អាច​ស្វែងរក​បាន​ដោយ​សាធារណៈ និង​​ធានា​ឲ្យ​មាន​សេរីភាព​សមាគម និង​សហជីព​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​បំពេញ​ការងារ​ជូន​កម្មករ ឬ​សមាជិក​របស់​ពួកគេ​ដោយ​គ្មាន​ការ​រើស​អើង និង​គំរាម​កំហែង។

គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍនៅកម្ពុជា បង្ហាញថា ​រដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាំងពីឆ្នាំ២០០៥ ហើយគិតត្រឹមឆ្នាំ២០១៦ តំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជាមានចំនួន ៣៨​កន្លែងនៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ