ជីវិតមេដឹកនាំហ្វីលីពីនគំរាមកំហែងដោយមេរោគមហារីក

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព៖ វេបសាយបរទេស)

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកទើបពិនិត្យពោះវៀនធំហើយកាលពីបីសប្តាហ៍មុន ហើយពេលនេះកំពុងតែរង់ចាំលទ្ធផលពីពេទ្យថា កើតជំងឺមហារីកមែនដែរឬអត់។

ប្រធានាធិបតីហ្វីលីពីនលោក ឌូទើតេ វ័យ៧៣ឆ្នាំ ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនកាលពីពាក់កណ្តាលឆ្នាំ២០១៦ គឺជាប្រធានាធិបតីចាស់ជាងគេរបស់ប្រទេសនេះ។

អ្វីដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍លើលោក ឌូទើតេ នោះគឺសង្គ្រាមគ្រឿងញៀន សម្លាប់អ្នកពាក់ព័ន្ធគ្រឿងញៀន ដោយមិនឆ្លងកាត់ការជំនុំជម្រះនៅតុលាការ។ បើទោះជាមានការថ្កោលទោសពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសលោកសេរីផ្សេងៗទៀតក៏ដោយក៏មិនអាចរារាំងសកម្មភាពសម្លាប់អ្នកពាក់ព័ន្ធគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានដែរ។

របាយការណ៍ក្រុមអ្នកការពារសិទ្ធិមនុស្សបង្ហាញថា ចាប់ពីខែកក្កដា ឆ្នាំ២០១៦ដល់ខែកុម្ភះឆ្នាំ២០១៨ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ឌូទើតេ បានសម្លាប់អ្នកពាក់ព័ន្ធករណីគ្រឿងញៀនអស់ជាង២០០០០នាក់។ អ្នកដែលលោកសម្លាប់ទាំងនេះ មិនមែនតែពលរដ្ឋសាមញ្ញនោះទេគឺមន្ត្រីគ្រប់ជាន់ថ្នាក់របស់លោករួមទាំងអភិបាលក្រុងផងក៏ត្រូវបានបាញ់សម្លាប់ដែរ។

កាលពីឆ្នាំមុនមេដឹកនាំរូបនេះក៏ធ្លាប់បានព្រមានបាញ់សម្លាប់កូនប្រុសរបស់លោកដែរ បើសិនជារកឃើញថា មានពាក់ព័ន្ធការជួញដូរគ្រឿងញៀន។

លោក ឌូទើតេ ធ្លាប់ថ្លែងថា អំពើបាបកម្មនានាទៅថ្ងៃអនាគត ឬ ចំណាត់ការផ្លូវច្បាប់ផ្សេងៗពេលលោកអស់តំណែងនោះលោកជាអ្នកទទួល។

បើតាមសារព័ត៌មាននៅក្នុងស្រុករបស់ហ្វីលីពីនមួយចំនួនបានចុះផ្សាយថា មួយរយៈកាលចុងក្រោយមេដឹកនាំរូបនេះ មិនបានបង្ហាញខ្លួនជាសាធារណៈ និងខកខានមិនបានចូលរួមកម្មវិធីសំខាន់ៗមួយចំនួន ហើយការប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធក៏លោកមិនបានចូលរួមដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Harry Roque បានច្រានចោលព័ត៌មាននានាដែលថា ប្រធានាធិបតីមានបញ្ហាផ្នែកសុខភាពដោយថា នោះគឺជាថ្ងៃឈប់សម្រាករបស់ប្រធានាធិបតី។

ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញលោក ឌូទើតេ ថ្លែងថា លោកមានគម្រោងចូលរួមប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្តែគ្រូពេទ្យប្រាប់ឲ្យលោកទៅពិនិត្យដើម្បីទទួលថ្នាំ។

លោកបន្តថា មួយរយៈនេះ លោកឈឺចាប់រាល់ថ្ងៃរួមទាំងជំងឺឈឺមួយចំហៀងក្បាល និងជំសម្ពាធសរសរសៃឈាមផង ដែលកើតឡើងខ្លាំងពេលលោកជក់ បារី។

លោក ឌូទើតេ កំពុងតែរង់ចាំការវាយតម្លៃពីគ្រូពេទ្យ ហើយលោកថា បើសិនជាលោកកើតមហារីកដល់ដំណាក់កាលទី៣ ដែលលែងទទួលការព្យាបាលបាននោះ លោកនឹងមិនអាចទ្រាំបានយូរទៀតទេ។

លោក ឌូទើតេ កើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៤៥ ហើយជាប់ឆ្នោតជាប្រធានាធិបតីទី១៦របស់ហ្វីលីពីនកាលពីខែមិថុនាឆ្នាំ២០១៦។

ក្រៅពីសកម្មភាពសម្លាប់ក្នុងសង្គ្រាមគ្រឿងញៀនលោក ឌូទើតេ ក៏មានភាពលេចធ្លោក្នុងនយោបាយអន្តរជាតិដែរ គឺលោកមានការប៉ះទង្គិចខ្លាំងជាមួយរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក អូបាម៉ា ប៉ុន្តែមានការត្រូវរ៉ូវជាមួយរដ្ឋាភិបាលអាមេរិកវិញក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ក្រោមការដឹកនាំរបស់លោក ឌូទើតេ ទំនាក់ទំនងរវាងចិន និងហ្វីលីពីនក៏មានភាពល្អប្រសើរខ្លាំងណាស់ដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ