នាយករដ្ឋ​មន្ត្រីប្រកាសលុបចោល «គម្រោងបង្កើត​ខេត្តថ្មីចំនួនពីរ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៥ ឧសភា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលការសិក្សា​លើគម្រោង​បំបែកខេត្តថ្មី ចំនួនពីរ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ​ ខេត្តរតនៈគិរី និងមណ្ឌលគិរី។

ការប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៥ តុលា ក្នុងទិវាគ្រូបង្រៀនពិភពលោក នៅវិទ្យាស្ថានជាតិអប់រំ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីជូនដំណឹងថ្មីថ្ងៃនេះ ឱ្យបញ្ឈប់ការសិក្សាអំពីគម្រោងបំបែកខេត្តថ្មីដែល​ស្នើឡើងដោយ​ក្រសួងមហាផ្ទៃ កាលពីពេលកន្លងមក។ លោក បញ្ជាក់ថា មិនបាច់យកលេសបង្ខិតសេវាឱ្យកៀកពលរដ្ឋ មកធ្វើជាកម្មវត្ថុដើម្បីបែងចែកខេត្តថ្មីនោះទេ។ លោកថា សំណើរបំបែកខេត្តថ្មីនេះ ធ្វើឱ្យ​ពេលមានការរត់ការជាបន្តបន្ទាប់ដើម្បី​បានតំ​ណែងអភិបាល អភិបាលរងខេត្តថ្មី ដែលធ្វើឱ្យលោកមិនសប្បាយចិត្ត។

លោកមានប្រសាសន៍ថា ៖ «ដាក់ដំបូងដាក់អីចឹងតែម្តងថា ប្រញាប់ងាប់ទៅណា?សញ្ញាសួរ។ ឯងមិនទាន់នឹងធ្វើស្អីផង សម្រេចបង្កើតឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត ធ្វើអនុខេត្តទៅហើយ។ ឥលូវនេះរាលដាលដល់ស្ថាប័ន ព្រោះបើត្រូវធ្វើគឺ ធ្វើមុនបោះឆ្នោតក្រុមប្រឹក្សា។រាលដាលដល់ស្ថាប័នហើយ អីចឹងបើចែកចេញជាពីរ ត្រូវលោកឯងអនុត្រូវធ្វើប្រធានអនុ។ អនុខេត្តនេះ ត្រូវឡើងទៅធ្វើចៅហ្វាយខេត្តនេះ ឥលូវឈប់នៅឱ្យស្ងៀម បានហើយ។ មហាផ្ទៃបិទកុំព្យូទ័រចោលទាំងអស់ថ្ងៃនេះកុំធ្វើអីឱ្យសោះ ខ្ញុំគ្មានពេលស៊ីញ៉ែគ្មានពេលអីទៀតទេ។រួចហើយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី យកសេចក្តីប្រកាសរបស់ខ្ញុំ ចេញស.ជ.ណ មួយបញ្ចប់តែម្តងទៅ »

លោកនាយករដ្ឋមន្ត្រី បន្ថែមថាមានមន្ត្រីខិល​ខូចមួយចំនួនដែលបានរត់ការផ្គូរផ្គងតំណែង​អភិបាល អភិបាលរងខេត្ត និងតំណែងស្ថាប័នផ្សេងទៀត និង​ឱ្យមន្ត្រីដែលមានខ្លួនទាំងឡាយទៅទារប្រាក់ត្រឡប់មកវិញ។

លោក ហ៊ុន សែន ថ្លែងមិនបានប៉ុ​ន្មានម៉ោង​ផង ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយ    ភ្លាមៗ ជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយបញ្ជាក់ថារាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការសិក្សាស្រាវជ្រាវពីគម្រោងបង្កើតខេត្តពីរជាផ្លូវការចាប់ពីថ្ងៃទី ៥តុលាតទៅ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ  ​សាទរចំពោះការសម្រេចនេះ ព្រោះលោកយល់ថាការបង្កើតខេត្តថ្មីបន្ថែមទៀត ពុំមែនជាជម្រើសល្អ និងពុំទាន់ចាំបាច់នៅឡើយទេ។ លោកថា ដើម្បីឱ្យ​សេវាបម្រើជូនពលរដ្ឋបានមានប្រសិទ្ធភាព  គឺ រាជរដ្ឋាភិបាលគប្បី ពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានស្រាប់ឱ្យបានខ្លាំង ពិសេសរដ្ឋបាលថ្នាក់ឃុំ និងស្រុក ដែលនៅកៀកប្រជាពលរដ្ឋ តាមរយៈការបញ្ជូនធនធានមនុស្ស និងថវិកា ឱ្យចំគោលដៅ និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ ចំណែកសកម្មភាពរត់ការណាមួយដើម្បីបានតំណែងឬ បានអំណាច​សម្រាប់ការបង្កើតខេត្តថ្មីនោះ លោកថាជាទម្រង់នៃការប្រព្រឹត្តអំពើពុករលួយ ហើយប្រសិនបើ​រកឃើញថាពួកគេមានជាប់ពាក់ព័ន្ធសកម្មភាពបែបនេះ មន្ត្រីទាំងនោះត្រូវប្រឈមមុខចំពោះផ្លូវច្បាប់​។

លោកមានប្រសាសន៍បន្ថែមថា«សព្វថ្ងៃនេះ រដ្ឋបាលពីរកម្រិតហ្នឹងនៅខ្វះធនធានហរិញ្ញវត្ថុ និងធនធានមនុស្ស ដែលមានឆន្ទះក្នុងបម្រើប្រជាពលរដ្ឋ។ អីចឹងកាលណារដ្ឋបាលស្រុក និងឃុំ ខ្លាំងហើយ ការទំនាក់ទំនង ជាមួយខេត្តក៏មានការឆាប់រហ័សដែរ។ អីចឹងយើងគ្មានហេតុផលណា ដែលយើងមើលឃើញថាទាល់តែយកខេត្តទៅដាក់តំបន់នោះទើបសកម្មទេ។ បើវាអសកម្ម សូម្បីយកខេត្តហ្នឹងបំបែកឱ្យបានច្រើនយកទៅដាក់ នៅភូមិប្រជាពលរដ្ឋក៏អសកម្មដែរ។ »

កាលពីខែសីហា ក្រសួងមហាផ្ទៃ បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសិក្សាបង្កើតខេត្តថ្មីចំនួនពីរបន្ថែមទៀតក្នុងភូមិសាស្ត្រខេត្តកណ្តាល និង ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។ សំណើរសុំបង្កើតខេត្តថ្មីនេះ ក្រោមហេតុផលដើម្បីជួយលើកម្ពស់ប្រសិទ្ធិភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងងាយស្រួលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ យ៉ាងណា​ក្តី សំណើរនេះ ក៏ត្រូវលោក ហ៊ុន សែន បានចុះ​ហត្ថលេខា​យល់ព្រមផងដែរកាលពីពេល​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ