ជប៉ុន​ផ្ដល់​ថវិកា​ជាង៤០ម៉ឺនដុល្លារ​ដល់​ស៊ី​ម៉ាក់​ដើម្បី​សម្អាត​មីន​ក្នុង​ខេត្ត​បន្ទាយមានជ័យ

គ្រាប់មីន

ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​ដល់​អង្គភាព​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ ​ដើម្បី​សម្អាត​មីន​ក្នុង​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ រហូតដល់​ខែ​តុលា​ ឆ្នាំ​២០១៩។

អគ្គនាយក​ស៊ីម៉ាក់​លោក ហេង រតនា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក​កាលពី​ម្សិល​មិញ​ថា រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​អង្គការ​JMAS របស់​ជប៉ុន​បាន​សម្រេច​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​ជាថវិកា​ចំនួន​ប្រមាណ​៤២​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​បោស​សំអាត​ចម្ការ​មីន​ជាង​៣០០​ហិតា​ ស្ថិត​នៅ​ស្រុក​ម៉ាឡៃ​ និង​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០១៨នេះ ដល់​ខែ​តុលា​ ឆ្នាំ​២០១៩​។

​លោក​ ហេង រតនា ​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា គម្រោង​នេះ​ក៏​បាន​គាំទ្រ​អ្នក​រងគ្រោះ​ដោយសារ​មីន​ តាមរយៈ​ការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​នៃ​តំបន់​បោសសំអាត​មីន​រួច​ផង​ដែរ។

​យោង​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា ​រហូតដល់ឆ្នាំ​​២០១៧​ គ្រាប់​មីន​ និង​​គ្រាប់​​មិន​​ទាន់​​ផ្ទុះ​​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ស្លាប់​​ និង​​របួស​​ចំនួន​​៦៤ ៧២០​នាក់ ​ក្នុង​​នោះ​ស្លាប់​​១៩ ៧៥៨​នាក់​ របួស​​ ៣៥ ៩៤១​នាក់​ និង​​ពិការ​​ចំនួន​ ​៩ ០២១​នាក់​។​ ក្នុង​​ចំណោម​​អ្នក​​ស្លាប់​ និង​​រ​បួស​ទាំង​​នោះ​​ចំនួន​ ​៨១​​ភាគ​​រយ​​ជា​​បុរស​ ១១​ភាគ​​រយ​​ជា​​កុមារ​ និង​​៨​ភាគ​រយ​​ជា​ស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ