ស្រ្តីស៊ីឈ្នួលពពោះជំនួសត្អូញត្អែរពីបញ្ហាសុខភាពនិងជីវភាពគ្រួសារ

ស្ត្រីវ័យ២៧ឆ្នាំម្នាក់ដែលមានឈ្មោះក្រៅថា​ ជាតា​​​ ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីជិត២០នាក់ដែលស៊ីឈ្នួលពពោះជំនួសនៅក្នុងសហគមន៍របស់គាត់

ស្ថិតនៅភូមិដាច់ស្រាយាលមួយក្នុងខេត្ត​តាកែវ​ មានស្រ្តីជិត២០នាក់ ស៊ីឈ្នួលពពោះជំនួសតាមការអូសទាញពីមេខ្យល់ ដោយសន្យាផ្តល់ថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ ដោយមានអ្នកខ្លះនៅលីវ ហើយអ្នកខ្លះទៀតមានប្តីនិងកូន។

ស្ត្រីវ័យ២៧ឆ្នាំម្នាក់ដែលមានឈ្មោះក្រៅថា​ ជាតា​​​ ជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីជិត២០នាក់ដែលស៊ីឈ្នួលពពោះជំនួសនៅក្នុងសហគមន៍របស់គាត់។ ជាតា មានកូនស្រីម្នាក់អាយុ​​​​​​៣ឆ្នាំ​ ម្តាយវ័យចំណាស់៦០ឆ្នាំ ហើយប្តីគាត់ជាកម្មករសំណង់។ ក្រៅពីធ្វើការសំណង់ដើម្បីបានចំណូលចិញ្ចឹមគ្រួសារ ពេលខ្លះប្តីរបស់គាត់ស៊ីឈ្នួលធ្វើស្រែនៅក្នុងភូមិ។​​​

អ្នកស្រី ជាតា បានប្រាប់ វីអូឌី ថាដោយជួបបញ្ហាជីវភាពប្រចាំថ្ងៃ គាត់បានសម្រេចចិត្តពពោះជំនួសឲ្យជនបរទេស តាមការអូសទាញពីឈ្មួញកណ្តាលម្នាក់ជាថ្នូរនឹងទឹកប្រាក់៦ ០០០ដុល្លារ។ អ្នកស្រីត្អូញត្អែថា​ ប្រាក់ឈ្នួលដែលទទួបាននោះមិនបានជួយស្តារជីវភាពអ្នកស្រីឲ្យល្អប្រសើរជាងមុនទេ​។ ពួកគាត់គ្មានលទ្ធភាពទិញដី ឬសង់ផ្ទះនោះទេ​​​ ដោយពួកគាត់បន្តរស់នៅក្នុងផ្ទះតូចលើខ្នងព្រែក ជាចំណីផ្លូវ។

អ្នកស្រី ជាតា និយាយថា៖ «ពីមុននៅលើខ្នងព្រែក ពេលនេះ ក៏នៅលើខ្នងព្រែក ហើយបើគេធ្វើផ្លូវលើកទៅណាសិនទៅ ចាំគេធ្វើរួចលើកមកវិញ»។

អ្នកស្រី ជាតា បានបន្តថាអ្នកស្រីពពោះឲ្យបុរសជនជាតិបារាំងដែលស្រឡាញ់ភេទដូចគ្នា។ កាលពីឆ្នាំមុនអ្នកស្រីបានធ្វើការវះកាត់ ហើយបានកូនប្រុសម្នាក់។ ​​​បន្ទាប់ពីធ្វើការវះកាត់ អ្នកស្រីបានប្រើថ្នាំផ្សះច្រើន ដែលធ្វើឲ្យអ្នកស្រីមានបញ្ហាសុខភាពមកដល់សព្វថ្ងៃនេះ។ អ្នកស្រីមានការខកចិត្តចំពោះការស៊ីឈ្នួលពពោះនេះ ព្រោះវាមិនបានធ្វើឲ្យជីវភាពប្រសើរឡើង តែផ្ទុយទៅវិញបន្សល់ទុកនូវជំងឺប្រចាំកាយ។

អ្នកស្រី ជាតា និយាយថា៖ «ខ្ញុំចេះតែឈឺខាងក្រោមៗពោះហ្នឹងដោយសារប្រើថ្នាំផ្សះច្រើនពេក»។

បន្ទាប់ពីវះកាត់បាន៦ទៅ៧ខែ អ្នកស្រីបានទៅធ្វើការងារសំណង់ដែលមានការលើកដាក់ហើយប្រើកំលាំងខ្លាំងដែលបណ្តាលឲ្យសុខភាពអ្នកស្រីកាន់តែចុះខ្សោយថែមទៀត។

នាយកប្រតិបត្តិនៃអង្គការស្ត្រីដើម្បីការអភិវឌ្ឍន៍​នៅកម្ពុជា លោកស្រី រស់ សុភាព បានមានប្រសាសាន៍ថា ស្រ្តីវះកាត់យកកូនមិនអាចធ្វើការងារធ្ងន់ធ្ងរបានទេ ហើយលោកស្រីមានការព្រួយបារម្ភចំពោះសុខភាពស្រ្តីពពោះផ្សេងទៀតដែលធ្វើការវះកាត់។

លោកស្រី រស់ សុភាព ​​​បានមានប្រសាសន៍ថា៖ «ស្ត្រីដែលវះកាត់ហើយមិនអាធ្វើចការធ្ងន់បាន មិនអាចធ្វើការដូចដើមបាន ធ្វើឲ្យគាត់មានការប៉ះពាល់ដល់ជីវភាពទៅថ្ងៃអនាគត»។

ទាក់ទិននឹងការពរពោះជំនួសនេះ លោក សាវឿន ជាមេភូមិមួយក្នុងខេត្តតាកែវអះអាងថា គាត់ធ្លាប់បានព្យាយាមជាច្រើនលើកក្នុងការទប់ស្កាត់ករណីនេះ។ តែទោះជាយ៉ាងណាក៏ដោយក៏​​មានស្ត្រីជិត២០នាក់នៅក្នុងភូមិរបស់លោក បានលួចលាក់ពរពោះជំនួសក្នុងរយៈពេលប្រមាណជិត៣ឆ្នាំកន្លងមកនេះ។ លោកបានទទួលព័ត៌មានចុងក្រោយថាស្រ្តីម្នាក់នៅភូមិរបស់លោកសម្រាលកូនបានប្រហែល៤ឬ៥ខែមុននេះ ប៉ុន្តែក្មេងនោះត្រូវបានបញ្ជូនទៅក្រៅប្រទេសហើយ។ ចំពោះការលួចលាក់ពពោះជិត២០នាក់នោះគឺមានក្រុមមេខ្យល់នៅក្នុងសហគមន៍ជាអ្នកអូសទាញស្ត្រីទាំងនោះ តែលោកសង្កេតឃើញថា មួយរយៈចុងក្រោយនេះហាក់ដូចជាបានស្ងាត់ក្រោយមានការបង្ក្រាបជាបន្តបន្ទាប់។

លោក សាវឿន និយាយថា៖ «​ ដូចជាស្ងាត់ឥឡូវនេះតែមិនដឹងថាគេមានការទាក់ទងលាក់លៀមបែបណាខ្ញុំមិនបានដឹងដែរ។ ឃើញតែគេចេញទៅបាត់ៗមេខ្យល់ហ្នឹងតែខ្ញុំមិនហ៊ានសន្និដ្ឋានថាគេនៅធ្វើរឿងនេះទៀតឬយ៉ាងម៉េចទេ។ ខ្ញុំមិនហ៊ាននិយាយព្រោះគ្មានភស្តុតាង បើគេលួចជួបគ្នាទីណាក្រៅយើងក៏មិនអាចដឹង»។

លោក សាវឿន បានមានប្រសាសន៍ថាការពពោះជំនួសនេះអាចបង្កជាអំពើហិង្សាក្នុងគ្រួសារ ព្រោះស្រ្តីពពោះភាគច្រើនជាអ្នកមានស្វាមី ហើយតម្រូវមិនឲ្យរួមភេទជាមួយគ្នានោះទេ។​​​ ហើយម្យ៉ាងវិញទៀតវាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ និងខូចឈ្មោះសហគមន៍។

លោក សាវឿន បានបន្ថែមថា៖ «ការលួចលាក់ពរពោះនេះវាធ្វើឲ្យខូចសហគម​ន៍ ទីមួយគឺថាវាបង្ករទៅជាអំពើហឹង្សារក្នុងគ្រួសារព្រោះថាក្រោយពេលបានដាក់(ពងមេជីវិត)គេមិនឲ្យនៅជិតប៉ះពាល់គ្នាទេប្តីប្រពន្ធនឹង ព្រោះអ្នកធ្វើហ្នឹងគឺភាគច្រើនសុទ្ធតែមានប្តី។ មួយវិញទៀតគឺប៉ះពាល់ដល់ប្រពៃណីព្រោះខ្មែរយើងពីមុនមកមិនដែលមានការស៊ីឈ្នួលពរពោះនោះទេ»។

អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានប្រាប់ VOD​​​​ ថា អាជ្ញាធរបន្តបង្ក្រាបករណីពពោះជំនួសនេះ​​ហើយចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងនោះទេ។​

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា៖ «កន្លងមកយើងគ្រាន់តែឮតែដល់ពេលទៅរក​​​មនុស្សក៏វាបាត់ទៅឲ្យតែមានភស្តុតាងជាក់លាក់គឺអត់រួចខ្លួនទេ។តែម្នាក់ៗឲ្យតែមានរឿងហ្នឹងកើតឡើងចេះតែនាំគ្នាលាក់បាំង» ។

អ្នកស្រី ជាតា បានបន្ថែមដែរថាអ្នកស្រីឈប់ស៊ីឈ្នួលពរពោះជំនួសទៀតហើយ ដោយសារសុខភាពគាត់មានការចុះខ្សោយ ហើយប្រាក់ឈ្នួលដែលបាននោះក៏មិនបានផ្លាស់ប្តូរការរស់នៅរបស់គាត់បានដែរ។ កាលពីបីខែមុន អ្នកស្រីបានចូលធ្វើការនៅរោងចក្រស្បែកជើងមួយក្នុងខេត្តកណ្តាល។​​​

តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចចោទប្រកានស្រ្តីស៊ីឈ្នួលពពោះ៣២នាក់ ដោយចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ដែលស្ថិក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្ម។ ទាក់ទងនឹងករណីនេះដែរ តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែមិថុនា​​​ ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ស្រ្តីខ្មែរបូននាក់ និងបុរសជនជាតិចិនម្នាក់ជាមេខ្យល់ ដែលជាប់ពាក់ព័ន្ធនឹងការពពោះជំនួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ