រថភ្លើងមួយខ្សែរត់ក្នុងទិសដៅឆ្ពោះទៅកាន់ភ្នំពេញ បានរត់ធ្លាក់ផ្លូវនៅចំណុចឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមអ្នកធ្វើដំណើរម្នាក់តាមរថភ្លើងគោលដៅពីបាត់ដំបងទៅភ្នំពេញ លោក ឃី ពិសី បានឲ្យដឹងថា នៅម៉ោងប្រមាណ៧ និង២០នាទី រថភ្លើងដែលពួកគេកំពុងជិះនោះបានធ្លាក់ផ្លូវ នៅក្នុង តំបន់ដាច់ស្រយាលមួយ។ ក្រោយពេលរថភ្លើងរត់ធ្លាក់ផ្លូវហើយ លោកក៏បានយកម៉ូតូ ដែលដាក់ផ្ញើលើរថភ្លើងនោះជិះបន្តដំណើរទៅភ្នំពេញ។ លោក ពិសី ឲ្យដឹងទៀតថា អ្នកធ្វើការលើរថភ្លើងម្នាក់របួសស្រាល។
ទោះយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហាញរបាយការណ៍ចំនួនអ្នកគ្រោះថ្នាក់ និងចំនួននៃការខូចខាតទ្រព្យ សម្បត្តិ និងមូលហេតុនៃការបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវនេះនៅឡើយទេ។