​កម្ពុជាថា​សេចក្តីសម្រេច​របស់ ​EU អយុត្តិ​ធម៌​ តែ​វា​នឹងធ្វើ​ឲ្យ​កម្ពុជា​តាំងចិត្តកាន់​តែខ្លាំង​ថែម​ទៀត​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​​​ថានៅ​​តែ​បន្ត​ដំណើរ​ទៅ​មុខ​ហើយ​រឹតតែ​ខ្លាំង​ក្លាជាងមុនថែម​ទៀត​ បើ​ទោះ​បីជា​អឺរ៉ុប​ព្រមានពីការ​​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធដែលខ្លួន​ថាបាន​​ធ្វើឡើង​ដោយ​​អយុត្តិធម៌​​ លំអៀង និង​គ្មាន​ភស្តុតាង​ច្បាស់​លាស់​។

សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​៧ តុលានេះ ​បាន​ប្រកាស​ទុក​ពេល​៦ខែ​ឲ្យ​កម្ពុជា មុន​ក្រុម​ប្រទេស​នេះ​សម្រេច​ថា​រក្សា​ទុក​ ឬ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ ហោកាត់​ថាEBAពី​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១០ តុលា ម្សិលមិញ ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​​នេះ និង​​បាន​ចាត់​ទុក​ថា​មាន​ភាព​អយុត្តិធម៌ ខ្វះ​តម្លាភាព លំអៀង និង​មិន​បង្ហាញ​ភស្តុតាង​ណា​មួយ​​ដល់​កម្ពុជា​នោះ​ទេ។ ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ថា ប្រសិន​ជា​អឺរ៉ុប​សម្រេច​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​(EBA)​ពី​កម្ពុជា​មែន​នោះ​វា នឹង​ធ្វើ​ឲ្យ​កម្ពុជា​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្នុង​ការ​ការពារ និង​រក្សា​សកម្ម​ភាព​របស់​ខ្លួន។

​លិខិត​នោះ​សរសេរ​ថា៖ « សិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ លំនៅឋាន និងការងារ គឺជាបុរេលក្ខខណ្ឌសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យ សហភាពអឺរ៉ុបមិនត្រឹមតែបដិសេធចោលតថភាពដូចនេះទេ ប៉ុន្តែភាពស្ងប់ស្ងៀម និងការគាំទ្រជាចំហរបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យនៃក្រុមមួយចំនួន ដោយមានកិច្ចការពារពីស្ថាប័នខ្លះរបស់សហភាពអឺរ៉ុប ច្បាស់ណាស់ថាបានវៀរចាកយ៉ាងឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ »

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានថ្លែងទៅកាន់​និស្សិត និងប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុនថាលោក​មិនឱនលំទោនចំពោះការគំរាមកំហែង ឬព្រមានពីបរទេសណាមួយនោះទេ។

លោក ហ៊ុន សែន ថ្លែងបែបនេះថា៖«ឥឡូវអ្នកណាចង់ចាត់ការកម្ពុជាតាមវិធីណា ចាត់ចុះ តែកម្ពុជា ត្រូវ​រឹងមាំ ចំពោះគោលការណ៍ ការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួន កម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើកម្ពុជាធ្វើអី ចាំបាច់ធ្វើប្រទេសមួយធ្វើអី»

ភ្លាម​ៗក្រសួងនិង​ស្ថាប័នរបស់រដ្ឋជិត​​៣០ បានចេញសេចក្តីប្រកាសគាំទ្រការលើកឡើងរបស់​លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន ជាបន្តបន្ទាប់។

សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​ហូត​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា កាលពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​នេះ គឺ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​មេដឹក​នាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ការ​រំលាយ​បក្សប្រឆាំង​ដ៏ធំ​មួយ​នេះ និងអ្វី​ដែល​គេ​ហៅថា​ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឯករាជ្យ​នានា នៅកម្ពុជា។

ឯកអគ្គរដ្ឋទូត​សភា​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar សុំ​មិន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ បាន​អះអាង​ថា​ការ​បិទ​ផ្លូវ​របស់​អឺរ៉ុប​មិន​អាច​នាំ​ឲ្យ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ខ្លាំង​ក្លា​នោះ​ទេ ដោយ​ថា​នៅ​មាន​ប្រទេស​ជាច្រើន​នៅ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ល្អ​ជា​មួយ​កម្ពុជា។

​លោក​ថា៖ « ឧទាហរណ៍ប្រៀបធៀបគ្រួសារមួយទៅនឹងកម្ពុជាទៅចុះ កម្ពុជារបៀបដូចជាស្ទូចត្រីផង ចងមងផង បង់សំណាញ់ផង គ្រប់មុខនោះណា មិនមែនចងតែសន្ទូចទេ! ហើយបើសន្ទូច(EBA) យើងចងមិនបានយើងនៅសល់មង សល់សំណាញ់ នៅសល់អីតទៅទៀតដែរ »

បើ​តាម​លោក​ ស៊ាង ថៃ ក្រៅពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ កម្ពុជា​នៅ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ក្រុម​ប្រទេស​សមាជិក​​WTO និង​សមាជិក​អាស៊ាន រួម​ទាំង​ដៃ​គូរ​របស់​អាស៊ាន​ផ្សេង​ទៀត​ដែល​កម្ពុជា​អាច​នាំ​ចេញ​ដោយ​រួច​ពន្ធ​គយ​​ទៅ​បាន។

អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ឆ្លើយ​តប​សំណួរ​របស់​VOD តាម​សារ​អេឡិចត្រូនិក​Whatapp ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ចំពោះ​រឿង​នេះ ​ តែ​លោក​សង្ឃឹម​ថា​កម្ពុជា​នៅ​តែ​មាន​ពេល​ពិភាក្សា​ជា​មួយ​អ្នក​បច្ចេកទេស​របស់​សហភាព​អឺរ៉ុប​ចំពោះ​បញ្ហា​នេះ​ផង​ដែរ។

លោក​សរសេរ​ថា៖ « កម្ពុជាមិនស្លាប់ដោយសារគ្មាន EBA នោះទេ។ កម្ពុជាបានដឹងថាតាមស្ថានភាពអភិវឌ្ឍរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះគឺ កម្ពុជានឹងបាត់បង់ EBA ដោយស្វ័យប្រវត្តិនៅឆ្នាំ២០២១ ឆ្នាំ២០២៣យ៉ាងយូរ។ ម្យ៉ាង អ្វីដែលប្រកាសដោយ EU គឺនៅឆ្លងដំណាក់កាលច្រើនទៀត ដែលខ្ញុំជឿថា យើងនៅមានពេលជួបអ្នកបច្ចេកទេស EU ថែមទៀត ហើយប្រទេសជាសមាជិក EU ទាំងអស់ក៏ត្រូវមានកុងសង់ស៊ីសផងដែរទើបសេចក្ដីសម្រេចនោះអាចយកទៅអនុវត្តបាន ឆ្លងតាមនីតិវិធីទាំងនេះគឺអាចដល់ឆ្នាំគោល២០២១ ២០២២ ដែលជាឆ្នាំយើងបានត្រៀមថានឹងបាត់បង់រួចទៅហើយ »

អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់​ដេរ ហៅ​កាត់​ថាGMAC លោក កាំង ម៉ូលីកា ថា​សមាគម​មិន​ទាន់​​មាន​ការ​ព្រួយ​បារម្ភ​ណាមួយ​នៅ​ឡើយ​ទេ​ចំពោះ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដរាប​ណា​មិន​ទាន់​ឃើញ​មាន​វិធានការណ៍​ជាក់លាក់​ណា​មួយ​ពី​អឺរ៉ុប​នោះ។

លោកថា៖ « យោបល់របស់ខ្ញុំការស៊ើបអង្កេតផ្លូវការមិនទាន់មាននៅឡើយទេ ចាំដល់ពេលហ្នឹងសិន! ហើយទី២ទៀតទោះបើកការស៊ើបអង្កេតយ៉ាងណាក៏ដោយ យើងនៅមានរយៈពេល១ឆ្នាំដើម្បី ធ្វើការផ្ដល់ចម្លើយឲ្យគ្នាទៅវិញទៅមក អញ្ចឹងទ្វារនៅតែបើកចំហសម្រាប់ការធ្វើការជាមួយគ្នារវាងរដ្ឋាភិបាលកម្ពុជា និងខាងសហគមន៍អឺរ៉ុប »

អ្នក​វិភាគ​បញ្ហា​សង្គម​លោក មាស នី បាន​ប្រាប់​VOD ចំពោះ​ការ​អះអាង​របស់​រដ្ឋាភិបាល​នេះ​គឺ​​គ្រាន់​តែ​ជា​ការ​អះអាង​តែ​ម្ខាង​​ប៉ុណ្ណោះ ខណៈ​អ្នក​ប្រឈម​ផ្ទាល់​​គឺ​ជា​អ្នក​វិនិយោគ។ លោក​បាន​លើក​ឡើង​បន្ថែម​ថា​ប្រសិន​ជា​អ្នក​វិនិយោគ​មិន​អាច​ឈរ​ជើង​នៅ​កម្ពុជា​បាន​នោះ​ លទ្ធផល​ចុង​ក្រោយ​គឺ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​ទាំង​មូល។

លោកថា៖ « វាមិនអាស្រ័យលើការអះអាងរបស់រដ្ឋាភិបាលតែឯងនោះទេគឺវាអាស្រ័យទៅលើអារម្មណ៍របស់អ្នកវិនិយោគទុន។ ប្រសិនជាប្រធានរោងចក្រក៏ក្រុមហ៊ុនកាត់ដេរ ក៏ក្រុមហ៊ុនដែលគេបោះទុនវិនិយោគនៅស្រុកយើងនេះគេធុញថប់នឹងស្ថានភាពអស់ហ្នឹង ណាមួយលក់ក៏ពិបាកលក់ទៅក្រៅ មិនចំណេញច្រើនផង ហើយប្រឈមនឹងបាតុកម្ម ញឹកញាប់ផងនោះ អាហ្នឹងខ្ញុំគិតថាវាជាគ្រោះថ្នាក់ធំសម្រាប់រដ្ឋាភិបាល សម្រាប់ប្រជាជន ក៏ដូចជាសម្រាប់ប្រទេសមួយនេះដែរ »

​បើតាម​លោក មាស នី ចង់​មិន​ចង់​កម្ពុជា​អាច​ឈាន​ដល់​ការ​បោះឆ្នោត​ឡើង​វិញ ហើយ​ក្នុង​ដំណាក់​កាល​នេះ​គឺ​មាន​ច្រក​ពីរ​ដែល​រដ្ឋាភិបាល​អាច​នឹង​ប្រើ​ប្រាស់​ដើម្បី​អាច​រួច​ផុត​ពី​បញ្ហា​គឺ ការ​ខំ​ប្រឹង​ប្រែង​កែ​ទម្រង់​ការ​ដឹក​នាំ​ឡើង​វិញ​ដើម្បី​យក​ចិត្ត​ពលរដ្ឋ និង​ការ​ចរចា​ផ្នែក​នយោបាយ​ណា​មួយ​ដែល​អាច​ធ្វើ​ឡើង។

​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប​ក្នុងឆ្នាំ២០១៧ មាន​ទំហំ​ជា​សាច់​ប្រាក់​ជាង ​៦ពាន់លានដុល្លា។ ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​សហគមន៍​អឺរ៉ុប​ ភាគ​ច្រើន​ គឺ​ជា​ផលិតផល​វាយនភណ្ឌ​កាត់ដេរ និង​កសិកម្ម។ ​​​របាយកាណ៍ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងដោយ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជ​កម្ម​លោក ប៉ាន សូរស័ក្ត កាលពីចុងឆ្នាំ២០១៧ បង្ហាញថា​នៅឆ្នាំ២០១៦​កម្ពុ​ជាចំណេញប្រា​ក់ពីការមិនបង់​ពន្ធនៅពេល​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុបបាន​ចំនួន​​៦៧៦​​លា​នដុល្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ