ឥទ្ធិពល​សន្តិសុខថៃវាយអ្នកទេសចរជនជាតិចិននៅព្រលានយន្តហោះ

ភ្ញៀវទេសចរជនជាតិចិនដែលត្រូវបានរងការវាយតប់ពីអ្នកយាមអាកាសយានដ្ឋាននៅប្រទេសថៃ កាលពីថ្ងៃទី២៧ កញ្ញា ២០១៨ (រូបភាព៖ វេបសាយ channelnewsasia)

កាលពីថ្ងៃទី២៧ខែកញ្ញាកន្លងទៅសន្តិសុខប្រចាំនៅព្រលានយន្តហោះដុនមឿនក្នុងទីក្រុងបាងកក បានវាយលើបុរសជាអ្នកទេសចរជនជាតិចិនម្នាក់​ ក្រោយពេលអ្នកទេសចររូបនោះមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរលើនីតិវិធីមួយចំនួន។​

តាមការអះអាងរបស់សមត្ថកិច្ចនៅទីនោះថ្លែងថា បុរសជាជនជាតិចិន​ធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីចូលទីក្រុងបាងកក ប៉ុន្តែបុរសនោះមិនបានបង្ហាញឯកសារផ្លូវច្បាប់សម្រាប់ការស្នាក់នៅ សមត្ថកិច្ចក៏បានហៅទៅក្នុងបន្ទប់រង់ចាំមួយ ហើយបុរសនោះមិនព្រមចាំមានការឈ្លោះប្រកែកគ្នាឡើងរហូតដល់មានការវាយតប់។

ក្រោយការវាយតប់

ក្រោយការវាយតប់ភ្លាមៗ បុរសជនជាតិចិន​រូបនោះត្រូវបានបណ្តេញចេញពីប្រទេសថៃ ហើយក្រោយមកវីឌីអូនៅកន្លែងកើតហេតុក៏ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានអន្តរជាតិ។​

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃបានបញ្ចេញប្រតិកម្មបន្តបន្ទាប់លើករណីនេះ ចំណែកនាយករដ្ឋមន្ត្រីថៃលោក ប្រា យុទ្ធចាន់អូចា ក៏បានចេញលេចក្តីថ្លែងការណ៍មួយ ស្តីបន្ទោសសមត្ថកិច្ចរបស់លោក ហើយក៏បានសុំទោសដល់អ្នកទេសចរចិនផងដែរ។​

លោកប្រាយុទ្ធ បញ្ជាក់ថា បើសិនជាអ្នកទេសចរមិនអាចបំពេញឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីស្នាក់នៅក្នុងប្រទេសថៃ អ្នកនោះក៏មិនត្រូវឃាត់ទុកក្នុងបន្ទប់រងចាំដើម្បីសាកសួរដែរ ហើយថា ជាសកម្មភាពមិនត្រឹមត្រូវរបស់មន្ត្រីលោក។​

ចំណាត់ការឆ្លើយតបក្រោយហេតុការណ៍

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Sunsern Kaewkumnerd​ ថ្លែងថា រដ្ឋាភិបាលមិនអាចប្រងើយកន្តើយចំពោះករណីនេះបានទេ។​ លោកឲ្យដឹងទៀតថា ក្រោយហេតុការណ៍ភ្លាមៗសន្តិសុខដែលវាយអ្នកទេសចរចិននោះ ត្រូវបានដកចេញពីតួនាទី ចំណែកមន្ត្រីគ្រប់គ្រងពីររូបក៏ត្រូវព្យួរការងារដែរហើយដាក់ឲ្យសមត្ថកិច្ចជំនាញស៊ើបអង្កេតលើករណីនេះទៅតាមច្បាប់។​

ចំណែកសន្តិសុខដែលបានវាយលើអ្នកទេសចរជនជាតិចិននោះ ក៏យល់ព្រមសរសេរលិខិតសុំទោសដាក់ទៅស្ថានទូតចិនប្រចាំនៅប្រទេសថៃដែរ។​

ទោះយ៉ាងណារយៈពេល២សប្តាហ៍ក្រោយហេតុការណ៍ហិង្សាកើតឡើងនេះ មិនទាន់ឃើញអាជ្ញាធរថៃបង្ហាញរបាយការណ៍ស៊ើបអង្កេត ឬ មានការដាក់ទោសទណ្ឌបន្ថែមអ្វីទៅលើមន្ត្រីរបស់ខ្លួនដែលពាក់ព័ន្ធករណីនេះនោះទេ។​

ចំណែកឥរិយាបថថ្នាក់ដឹកនាំថៃសុំទោសអ្នកទេសចរចិននេះ ក៏អាចជាផ្នែកមួយគ្រាន់តែសម្តែងឡើងឲ្យអាជ្ញាធរចិន និងអ្នកទេសចរជនជាតិចិនផ្សេងទៀតស្ងប់ចិត្ត ព្រោះអ្នកទេសចរចិនទៅថៃមានចំនួនច្រើនជាងគេគឺរបាយការណ៍រដ្ឋាភិបាលថៃក្នុងឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរ៣៥លាននាក់ ក្នុងនោះជនជាតិចិនមានចំនួន​១៣លាននាក់។​

នៅក្នុងសង្គមថៃក៏មានការលើកឡើងចំពោះភាពខ្វះចន្លោះខ្លះរបស់អ្នកទេសចរចិនដែរ ដូចជាឥរិយាបថមិនសូវមានសណ្ឋាប់ធ្នាប់ជាដើម។​

បញ្ហាក្នុងការទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរ

លោក ប្រាយុទ្ធ ចាន់អូចារ និងលោក ស៊ី ជីងពីង (រូបភាព៖ វេបសាយបរទេស)ក្រោយហេតុការណ៍លិចទូកទេសចរណ៍នៅកោះហ្វូកេត ភាគខាងត្បូងប្រទេសថៃ បណ្តាលឲ្យស្លាប់អ្នកទេសចរចិនជិត៥០នាក់ ក៏បង្កជាបញ្ហាខ្លះក្នុងការទំនាក់ទំនងដែរ។ ចំណែកការទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ដោយសារតែថៃបារម្ភពីបញ្ហាបំណុល និង អធិបតេយ្យភាពទឹកដី ទើបមានបញ្ហាបដិសេធដោយស្ងៀមស្ងាត់លើគម្រោងកសាងផ្លូវរថភ្លើងភ្ជាប់ទៅចិន និងការបដិសេធសំណើរបស់ចិនក្នុងការជីកដីកាត់ប្រទេសនៅភាគខាងត្បូងដើម្បីបើកធ្វើចរាចរណ៍ដឹកទំនិញតាមផ្លូវទឹក។​

អត្ថបទទាក់ទង

នៅក្នុងតំបន់អាស៊ានថៃអាចជាប្រទេសទី២ បន្ទាប់ពីម៉ាឡេស៊ីដែលមិនសហការជាមួយចិន នាំឲ្យគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនៅក្នុងតំបន់នេះជួបឧបសគ្គ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ