កម្ពុជា​ស្នើ​វៀតណាម​រក្សា​តម្លៃ និង​បង្កើន​ការ​ទិញ​ផលិត​ផល​កសិកម្មពី​​កម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ លោក វេង សាខុន( រូប ពី ហ្វេសប៊ុក លោក វេង សាខុន)

រដ្ឋាភិបាលកម្ពុជាស្នើដល់ប្រទេសវៀតណាមឲ្យរក្សាតម្លៃ និងបន្តទិញផលិតផលកសិកម្មកម្ពុជាបន្តទៀត ជាពិសេសបង្កើនតម្លៃកៅស៊ូដែលបានទិញពីកម្ពុជាផងដែរ។

នៅលើទំព័រ​ហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានឲ្យដឹងថា នៅថ្ងៃនេះប្រតិភូកសិកម្មកម្ពុជា បានជួបជាមួយមួយប្រតិភូកសិកម្មវៀតណាមដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមលោក ង្វៀន សួនគឿង។

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មុនពេលកិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបីចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម)

ក្នុងជំនួបនោះរដ្ឋមន្ត្រីកសិកម្មកម្ពុជាបានលើកឡើងថា ថ្មីៗនេះកសិករកម្ពុជាមានភាពសប្បាយរីករាយចំពោះតម្លៃស្វាយចន្ទី និងដំឡូងមី ដែលវៀតណាមបានទទួលទិញ ដោយលោកសង្ឃឹមថាវៀតណាមនឹងបន្តរក្សាបាននូវតុល្យភាពតម្លៃ និងបរិមាណនៃការប្រមូលទិញ​កសិផលពីកម្ពុជានៅដដែល ខណៈលោកស្នើឲ្យភាគីវៀតណាមជួយពិនិត្យលទ្ធភាពក្នុងការបង្កើនតម្លៃកៅស៊ូ ដែលប្រមូលទិញពីកម្ពុជា ដើម្បីសម្រួលដល់ជីវភាពកសិករកម្ពុជាផង​ដែរ។

បើតាមលោក វេង សាខុន ភាគីវៀតណាមបានយល់ព្រមតាមសំណើទាំងនេះនឹងសន្យាសហការជាមួយវិស័យឯកជនវៀតណាមក្នុងការពិនិត្យមើលពីលទ្ធភាពសម្របសម្រួលតម្លៃកសិកម្មទាំងនេះដែរ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូក្រសួងកសិកម្មបានឲ្យដឹងថាតម្លៃកៅស៊ូជ័រកក បច្ចុប្បន្នមានតម្លៃចន្លោះពី ១ ៨០០ ដល់ ២ ១០០រៀលក្នុងមួយគីឡូ។

អ្នកដាំកៅស៊ូម្នាក់នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក កាន ឈាន មានប្រសាសន៍ថាតម្លៃនេះមានការធ្លាក់ចុះច្រើនបើធៀបនឹងឆ្នាំ២០១៥ ដែលកាលណោះលោកអាចលក់បានពី៣ពាន់រៀល ដល់៤ពាន់រៀលក្នុងមួយគីឡូ។ លោកបន្តថាការធ្លាក់ចុះតម្លៃកៅស៊ូនេះបានធ្វើឲ្យគ្រួសារលោកបាត់បង់ចំណូលជាងពាក់កណ្ដាល ដែលលោកត្រូវធ្វើការបន្ថែមទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាសងបំណុលធនាគារ។

លោកគាំទ្រចំពោះការលើកឡើងរបស់​​រដ្ឋាភិបាលកម្ពុជា តែលោកសំណូមពរ​​រដ្ឋាភិបាលគួរ​​ជួយរកទីផ្សារបន្ថែមដល់កសិករផង ជាជាងមានតែទីផ្សារវៀតណាមតែមួយនោះ។

លោកថា៖ « ថ្ងៃណាដែលគាត់ទិញបានច្រើនគឺគាត់ទម្លាក់ថ្លៃបន្តិចទៅ! ថ្ងៃណាដែលគាត់ទិញមិនបានហ្នឹងគឺគាត់ឲ្យយើងឡើងមួយកាក់ពីរកាក់ទៅតាមអ្វីដែលគាត់ត្រូវការឲ្យគ្រប់ចំនួនរបស់គាត់។ អាហ្នឹងជាបញ្ហាដែលខ្ញុំមើលឃើញថាទីផ្សារវាមានតែមួយស្រេចតែហ្នឹងគេថានោះណា។ ប្រសិនជាប្រមុខរាជរដ្ឋាភិបាលលោកជួយខ្នះខ្នែងឲ្យមានរោងចក្រនៅក្នុងស្រុក មានរោងចក្រកែច្នៃមានរោងចក្រនាំចេញអី នេះវាជាការមួយដែលប្រសើរបំផុតសម្រាប់ប្រជាពលរដ្ឋ។ នេះជាការសំណូមពររបស់ខ្ញុំ គឺខ្ញុំចង់ឲ្យមានទីផ្សារឲ្យច្រើនបន្តិចកុំចាំតែទីផ្សារវៀតណាមតែមួយ »  

អគ្គលេខាធិការរងសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនា យល់ការការស្នើឡើងតែម្យ៉ាងរបស់រដ្ឋាភិបាលមិនអាចធ្វើឲ្យវៀតណាមយល់ស្របតាមនោះទេ ដរាបណាផលិតទាំងនោះនៅតែពឹងផ្អែកលើការទិញយ៉ាងច្រើនពីវៀតណាមតែមួយនោះ។ លោកបន្ថែមថាមានតែខិតខំបង្កើតរោងចក្រ និងទីផ្សារឲ្យបានច្រើនប៉ុណ្ណោះទើបអាចធ្វើឲ្យជីវភាពពលរដ្ឋល្អប្រសើរបាន។

លោកថា៖ « នៅពេលដែលកសិករប្រមូលផលបាន ទោះបីជាមានកិច្ចសន្យារវាងរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលវៀតណាម តែជាក់ស្ដែងវាអត់បានអ្វីដូចជាកិច្ចសន្យានោះទេ។ យកល្អយើងគួរតែរកប្រទេសណាផ្សេងទៀតដែលទាក់ទងនឹងផលិតផលដំឡូង ឬក៏កៅស៊ូ វាជាជាងទៅពឹងផ្អែកលើប្រទេសវៀតណាមតែមួយ » ។ 

​ក្នុងរបាយការណ៍ការងារកសិកម្មប្រចាំឆ្នាំ២០១៧ កម្ពុជានាំចេញដំឡូងមីជិត៤លានតោន ស្វាយចន្ទីជាង ៧ម៉ឺនតោន និងកៅស៊ូជាង ១៨ម៉ឺនតោន ទៅក្រៅប្រទេស។ ប្រទេសដែលទទួលទិញផលិតទាំងនេះច្រើនជាងគេពីកម្ពុជាមានវៀតណាម ចិន ថៃ ម៉ាឡេស៊ី និងសិង្ហបុរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ