លោក ហ៊ុន សែន ថាមានបំណងលើកកម្ពស់ទំនាក់ទំនងជាមួយអាមេរិកគ្រប់វិស័យ

លោក ហ៊ុន សែន ចាប់ដៃជាមួយលោក ដូណល ត្រាំ ក្នុងកិច្ចប្រជុំនៅប្រទេសហ្វីលីពីន(រូបពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា កម្ពុជាតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនង ទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយ សហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។

យោងតាមលិខិរបស់លោកហ៊ុន សែន កាលពីម្សិលមិញផ្ញើទៅសមាជិកព្រឹទ្ធសភា អាមេរិក ២រូប បញ្ជាក់ពីការរុករកអដ្ឋធាតុឈ្លើយសឹកនិងទាហានអាមេរិក។

លិខិត៖«ខ្ញុំមានសេចក្តីរីករាយដោយបានទទួលលិខិតរួមគ្នារបស់ឯកឧត្តម សម្តែងនូវការ ពេញចិត្តចំពោះវឌ្ឍនភាព សេដ្ឋកិច្ចសង្គម និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃ និង សេចក្តីប្រាថ្នារបស់ឯកឧត្តម ដែលចង់បន្តឡើងវិញនូវកម្មវិធីរុករកអដ្ឋធាតុឈ្លើយសឹក និង ទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។»​

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្លើយតបនឹងសំណើរបស់សមាជិកព្រឹទ្ធសភាទាំងពីរ​ និង អង្គការពាក់ព័ន្ធដទៃទៀតរបស់អាមេរិក រដ្ឋាភិបាលកម្ពុជាព្រមអនុញ្ញាតឲ្យ មានការរុករកអដ្ឋ ធាតុឡើងវិញ បើទោះបីជាអាមេរិកនៅតែរឹតត្បិតទិដ្ឋការលើមន្ត្រីកម្ពុជាក៏ដោយ។

លិខិតនោះលោកក៏បានបញ្ជាក់ដែរថា លោកតែងតែមានបំណងលើកកម្ពស់ទំនាក់ ទំនង ទ្វេភាគីជាមួយអាមេរិក។

លិខិត៖«ជាការពិតយើងតែងតែចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីនិងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយសហរដ្ឋអាមេរិក ដោយឈរ លើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។​»

កម្ពុជាបានផ្អាកសកម្មភាពអាមេរិកមិនឲ្យរុករកអដ្ឋធាតុទាហានរបស់ពួកគេក្រោយពេលដែលអាមេរិកប្រកាសហាមអ្នកការទូតកម្ពុជាមួយចំនួនមិនឲ្យចូលទឹកដីអាមេរិក។ មូលហេតុដែលអាមេរិកហាមអ្នកការទូតកម្ពុជា បន្ទាប់ពីកម្ពុជាស្នើឲ្យអាមេរិកពិចារណា ផ្អាក ការបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើសនិងដាក់ទោសហើយ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ