កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​កាន់​តែ​ច្រើន ខណៈ​ភ្ញៀវ​បរទេស​ផ្សេង​ទៀត​ថយ​ចុះ

ភ្ញៀវ​ទេសចរ​ចិន (រូបភាពពី Reuters)

របាយការណ៍​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ភ្ញៀវទេសចរបរទេស​ដែល​ចូល​មក​កម្ពុជា​គិត​ត្រឹម​ពាក់​កណ្ដាល​ត្រីមាស​ទី៣ ឆ្នាំ​​នេះ​ កើន​ឡើង​ជិត ១២​ភាគរយ​​ ប៉ុន្តែ ​ភ្ញៀវ​ទេសចរ​ចិន​បាន​នាំ​មុខ​គេ​យ៉ាង​លើស​លប់។

ក្នុង​របាយការណ៍​ស្ថិតិ​ទេសចរណ៍​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​សីហា​កន្លង​មក​នេះ ​​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​កម្ពុជា​ មាន​ចំនួន​​ជិត ៤លាននាក់​ កើន​ជាង​ ៤០​ម៉ឺន​នាក់​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន(ជាង៣លាន ៥៣​ម៉ឺន​នាក់)។

ក្រសួងទេសចរណ៍​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​ជិត ​៤លាន​នាក់​នោះ​ ភ្ញៀវ​ទេសចរណ៍​ចិន​មាន​ជាង ​១លាន​ ២សែននាក់ ដោយ​កើន​ឡើង ​៧២ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។

​ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ជាង​ ៥សែននាក់ ដោយ​បាន​ថយ​ចុះ​ ១ភាគរយ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ឡាវ ថៃ កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក ជប៉ុន បារាំង និង​អង់គ្លេស​ សុទ្ធ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា បាន​ធ្លាក់​ចុះ​ទាំង​អស់។

ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ជាង ៥​លាន ៦​សែន​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​ចិន​​មាន​ដល់​ទៅ​ជាង ១​លាន ២១​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ ២១.៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​បាន​មក​ដល់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ