ស៊ឺរ៉ា ឡេអូន សើរើការវិនិយោគរបស់ចិន ដោយបារម្ភពីបំណុលនិងរ៉ែ​

ក្រុមអ្នកស្វែងរកពេជ្រចម្រាញ់យកដីពីទន្លេនៅ Koidu រដ្ឋធានីនៃស្រុក Kono ភាគខាងកើតប្រទេសសេរ៉ាឡេអូនកាលពីថ្ងៃទី 28 ខែមេសា ឆ្នាំ 2012 (រូបភាព៖ Issouf Sanogo/AFP/Getty Images)

ស៊ឺរ៉ា ឡេអូន ជាប្រទេសដែលមានប្រជាជនជិត៨លាននាក់ ស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះ សំបូរទៅដោយធនធានរ៉ែដូចជា រ៉ែពេជ្រ រ៉ែមាស រ៉ែដែក និង រ៉ែប៊ុកស៊ីតជាដើម​។

បើទោះជាសំបូរធនធាន ប៉ុន្តែ ស៊ឺរ៉ា ឡេអូន នៅតែស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតលើពិភពលោក​ ដែលជួបបញ្ហាសង្គ្រាមស៊ីវិល និងបញ្ហាអំពើពុករលួយធ្ងន់ធ្ងរ។ ប្រទេសនេះមានទំនាក់ទំនងជាមួយចិនតាំងពីសម័យប្រទេសចិនស្ថិតនៅក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង ហើយបច្ចុប្បន្នចិនបានក្លាយជាប្រទេសនាំមុខគេក្នុងការផ្តល់កម្ចីឲ្យ ស៊ឺរ៉ា ឡេអូន។​

បរិបទថ្មីនៃប្រទេសក្រីក្រមួយនេះក្រោយពេលដូរមេដឹកនាំតាមរយៈការបោះឆ្នោតកាលពីខែមេសាឆ្នាំ២០១៨ គឺមេដឹកនាំថ្មីលោក Julius Maada Bio បានប្រកាសលុបចោលកម្ចីពីចិន​៤០០លានដុល្លារ និងពិនិត្យសើរើឡើងវិញ លើគម្រោងអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ មូលហេតុនៃការលុបចោល និងការពិនិត្យសើរើឡើងវិញនៃកម្ចីនិងការវិនិយោគរបស់ចិននេះ ដោយសារ ស៊ឺរ៉ា ឡេអូន​ បារម្ភពីបញ្ហាបំណុលធ្ងន់ធ្ងរ និង ការបាត់បង់ធនធានរ៉ែ។​

បំណុល

ធនាគារពិភពលោក និងមូលនិធិរូបិយប័ណ្ណអន្តរជាតិបានព្រមានពីវិបត្តិបំណុលធ្ងន់ធ្ងររបស់ប្រទេស ស៊ឺរ៉ា ឡេអូន បើសិនជាមិនមានការធ្វើកំណែទម្រង់ក្នុងការដោះស្រាយឲ្យបានត្រឹមត្រូវ។​

ចិនបានក្លាយជាប្រទេសដែលផ្តល់កម្ចីច្រើនជាងគេទៅឲ្យប្រទេស ស៊ឺរ៉ា ឡេអូន ក៏ដូចជាប្រទេសផ្សេងៗទៀតនៅអាហ្រ្វិកសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធគឺ ផ្តល់កម្ចីច្រើនជាង ធនាគារអភិវឌ្ឍន៍អាហ្រ្វិក, កិច្ចហសប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ, ធនាគារពិភពលោក និងធនាគារវិនិយោគរបស់អឺរ៉ុប។

តាមការសិក្សារបស់គម្រោងស្រាវជ្រាវចិន-អាហ្រ្វិកនៃសាកលវិទ្យាល័យ Johns Hopkins បង្ហាញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ស៊ឺរ៉ា ឡេអូន ជំពាក់បំណុលចិនជាង២២០លានដុល្លារ។

ធនធានរ៉ែ

តាមការចុះផ្សាយរបស់សារព័ត៌មាន The Sierra Leone Telegraph បានចុះផ្សាយកាលពីខែកុម្ភះថា ការវិនិយោគរបស់ចិន​កំពុងតែគ្រប់គ្រងធនធានរ៉ែរបស់ប្រទេសនេះ ។ សារព័ត៌មានដដែលបញ្ជាក់ថា ចិនបានគ្រប់គ្រងនៅខេត្តរបស់ ស៊ឺរ៉ា ឡេអូន ឈ្មោះTonkolili ជាតំបន់សំបូររ៉ែដែកធំលំដាប់ទី២នៅក្នុងទី្វបអាហ្រ្វិក។​ ក្នុងពេលឃោសនាបោះឆ្នោតនៅដើមឆ្នាំ២០១៨នេះ បញ្ហាធនធានរ៉ែ និងឥទ្ធិពលរបស់ចិនជាប្រធានបទសំខាន់ដែលគណបក្សប្រកួតប្រជែងបានលើកឡើង។​

ប្រតិកម្មពីចិន​

អតីតប្រធានាធិបតីសៀរ៉ាឡេអូនលោក Ernest Bai Koroma (ឆ្វេង) បានលាឈប់កាលពីខែមេសា ជាមួយនិងលោក ស៊ី ជីងពីង (រូបភាព៖ GETTY IMAGES)

នៅក្នុងវេទិកាចិន និងអាហ្រិ្វកនៅឆ្នាំនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសនៅចំពោះមុខប្រមុខរដ្ឋ នៃបណ្តាប្រទេសអាហ្រ្វិកនានាថា ចិនត្រៀមលុយចំនួន៦០ប៊ីលានទៀតសម្រាប់កម្ចីនៅក្នុងទ្វីបនេះ។​

ចំពោះការចោទប្រកាន់ថា ចិនកំពុងតែប្រើប្រាស់លុយដើម្បីគ្រប់គ្រងលើបណ្តាប្រទេសនៅអាហ្រ្វិកនេះ បេសកជនចិន​សម្រាប់កិច្ចការអាហ្វ្រិកលោកស្រី Xu Jinghu  បានច្រានចោលការចោទប្រកាន់នេះ ហើយថា ការចោទប្រកាន់ទាំងនេះ មិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ លោកស្រីថា ជំនួយចិនកំពុងតែជួយអភិវឌ្ឍន៍ប្រទេសទាំងនោះ ដោយជួយកសាងផ្លូវជាតិ ផ្លូវដែក  និងកំពង់់ផែជាដើម​។ លោកស្រីបញ្ជាក់ថា បណ្តាប្រទេសនៅអាហ្វ្រិកកំពុងតែស្វាគមន៍កម្ចីរបស់ចិន​ មិនដូចរបាយការណ៍ចោទប្រកាន់នានានោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ