កម្ពុជា​ប្ដេជ្ញា​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​អស់ដល់កម្រិត​​សូន្យ​នៅ​ឆ្នាំ​២០៣០

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម” មានរៀបចំប្រារព្វ ទិវាស្បៀង អាហារពិភពលោកលើកទី៣៨ ឆ្នាំ ២០១៨ ក្រោមប្រធានបទ «យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឱ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០» ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបភាព៖ ហ្វេសប៊ុក ក្រសួងកសិកម្ម)

រដ្ឋាភិបាល​កម្ពុជា ​ប្ដេជ្ញាថានឹង​​កាត់​បន្ថយ​ភាព​អត់​ឃ្លាន​របស់​ប្រជាពលរដ្ឋ​ឲ្យ​អស់​នៅ​ឆ្នាំ​២០៣០។

កាល​ពីឆ្នាំ​២០១៥​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​​ការ​កាត់​បន្ថយ​ភាព​អត់​ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​ តែ​ការ​ប្តេជ្ញា​នេះ​ត្រូវ​បាន​ពន្យារដល់​ឆ្នាំ​២០៣០។

រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន បាន​លើក​ឡើង​ក្នុង​ហ្វេស​បុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​នៅឆ្នាំ​២០៣០​ខាង​មុខ​ រដ្ឋាភិបាល​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ដៃ​គូរ​អភិវឌ្ឍន៍​ទាំង​អស់ ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជ​ដំណាំ ពូជ​សត្វ និង​ការ​ចិញ្ចឹម​ត្រី។ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មរូបនេះ ក៏​ជំរុញ​ការ​ប្រើ​ប្រាស់​បច្ចេកទេស​ទំនើប និង​ឌីជីថល ជំរុញ​ការ​វិនិយោគ​លើ​កសិផល​ និង​កសិ-ឧស្សាហកម្ម និង​ជំរុញ​ឲ្យ​មាន​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក ជា​ពិសេស​គឺ​ការ​ធ្វើ​កសិកម្ម​ចម្រុះ​មិន​មែន​តែ​ស្រែ​មួយ​មុខ​នោះ​ទេ។

យោង​តាម​របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល ចេញ​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​ស្បៀង​អាហារ​អន្តរជាតិ ហៅ​កាត់​ថា IFPRI របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​កម្ពុជា​ បាន​ធ្លាក់​ចុះពី ២៧,១ពិន្ទុ នៅឆ្នាំ២០០៨ មក​នៅ ២២,២ពិន្ទុ នៅឆ្នាំ២០១៧ ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ ៧៥ នៅ​ក្នុង​ចំណោម​ប្រទេស ១១៩ ដែល​បង្ហាញ​ថា​កម្ពុជា​នៅ​មាន​កម្រិត​ភាព​ស្រេកឃ្លាន «ធ្ងន់ធ្ងរ» នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ