ឥណ្ឌូណេស៊ី​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​កម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ូឌាមេន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់តាព្រហ្ម នៃទីស្តីការក្រសួងពាណិជ្ជកម្ម។ រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce)

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​ទិញ​អង្ករ​ និង​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ទៀត​ពី​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហការ និង​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។

ក្នុង​ហ្វេសបុក​ផ្លូវ​ការ​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​តាម​រយៈ​ឯក​អគ្គរដ្ឋទូត​របស់​ខ្លួន​លោក ស៊ូឌាមេន ហាសេង បាន​បញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរស័ក្កិ ​ថា​ប្រទេស​ឥណ្ឌូណេស៊ី​មាន​បំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងទៀត​ជាមួយ​កម្ពុជា​ ខណៈ​លោក​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​លោក​នៅ​ពេល​នេះ​កំពុង​ពិចារណា​ទិញ​អង្ករ និង​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ទៀត​ពី​កម្ពុជា​ផង​ដែរ។

ប្រជា​ជន​ឥណ្ឌូណេស៊ី មាន​ជាង២៦០​​លាន​នាក់ ​ដែល​ជា​ប្រទេស​មាន​ប្រជាជន​​ច្រើនជាង​គេ​​បំផុត​ទី​៤​ក្នុង​​ពិភព​លោក​ ដែល​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ការ​អង្ករ​ដើម្បី​ផ្គត់​ផ្គង់​ពលរដ្ឋ​ប្រមាណ​៣០លានតោន​។ ​​​ក្នុង​ឆ្នាំ​២០១៨​នេះឥណ្ឌូណេស៊ី​បាន​ទិញ​អង្ករ​ពី​បរទេស​ប្រមាណ​ជាង​២លានតោន។​

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី ស្វាគមន៍​ចំពោះ​បំណង​របស់​ឥណ្ឌូណេស៊ី​នេះ​ដោយ​ថា​វា​រឹត​តែ​ធ្វើ​ឲ្យ​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​រឹង​មាំ​ និង​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​កាន់​តែ​ច្រើន​ថែម​ទៀត។

លោកថា៖ « បញ្ហា​អង្ករ​នេះ​គឺ​យើង​ធ្លាប់​បាន​ជួប​ជា​មួយ​នឹង​គាត់ ហើយ​យើង​ក៏​ចង់​ឲ្យ​ឥណ្ឌូណេស៊ី​ហ្នឹង​ទិញ​អង្ករ​ពី​យើង​ឲ្យ​បាន​ច្រើន​នេះ​គឺ​ជា​ទិសដៅ​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ខ្ញុំ​គិត​ថា​ប្រសិន​ជា​ឥណ្ឌូណេស៊ី​មាន​បំណង​អញ្ចឹង​គឺ​យើង​ស្វាគមន៍ យើង​នឹង​ធ្វើ​កិច្ចការ​នេះ​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯក​ជន​ដើម្បី​ធ្វើ​យ៉ាង​មិច​ឲ្យ​មាន​ការ​នាំ​ចេញ​បាន​ » ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេង សាវឿន យល់​ថា​ជា​ការ​ល្អ​ដល់​កសិករ​កម្ពុជា​ប្រសិន​ជា​ប្រទេស​ឥណ្ឌូណេស៊ី​សម្រេច​ទិញ​អង្ករ​ពី​កម្ពុជា​មែន​នោះ ខណៈ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​រួមមាន​ដីធ្លី បច្ចេកទេស​កសិកម្ម និង​កម្ចី​ដល់​កសិករ​ផង​ដែរ។

 លោក​ថា៖ « ពិសេស​គឺ​ការ​ផ្ដល់​កម្ចី​ដល់​កសិករ​ដើម្បី​ធ្វើ​ស្រែ​ធ្វើ​ចម្ការ ឲ្យ​បាន​សមស្រប​ហើយ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​កសិករ​ហ្នឹង​គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​នឹង​ផលិត​ក៏​ដូច​ជា​វេច​ខ្ចប់​ដើម្បី​អាច​នាំ​ចេញ​បាន » ។

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៧​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​៥៣៩លានដុល្លារ​អាមេរិក កើន​ឡើង​ជាង ២០% បើធៀបនឹងឆ្នាំ២០១៦ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​ឥណ្ឌូណេស៊ី​មាន​ទឹក​ប្រាក់ ២៦លានដុល្លារអាមេរិក និង​នាំ​ចូល​ពី​ឥណ្ឌូណេស៊ី​មាន​ចំនួន ៥១៤​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ