រដ្ឋាភិបាល​ប្រកាស​សហ​ការ​ជា​មួយ​អឺរ៉ុប​ដើម្បី​លើក​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅមក

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប

រដ្ឋាភិបាល​កម្ពុជា​បាន​អប​អរ​សាទរ​ចំពោះ​ការ​វាយ​តម្លៃ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ហើយប្រកាស​ពី​ជំហរ​ក្នុង​ការ​សហ​ការ​ជាមួយ​អឺរ៉ុប​ និង​លើក​តម្កើង​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

កាល​ពី​ថ្ងៃ​ចន្ទ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា EURO CHAM បាន​ទទូច​ទៅ​កាន់​​អឺរ៉ុប​ពិចារណា​ឡើងវិញ​ចំពោះ​វិធានការ​របស់​ខ្លួន ដែល​អាច​ឈាន​ទៅ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​កម្ពុជា ដោយថា​ទណ្ឌកម្ម​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ​និង​គោល​ជំហរ​របស់​អឺរ៉ុប​ក្នុង​ការ​ជំរុញ​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​ចិន​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​ផង​នោះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៧ តុលា​នេះ​ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បានគាំ​ទ្រ​ចំពោះ​ការ​លើក​ឡើង​នេះ ខណៈ​ថា​ ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​របស់​អឺរ៉ុប គឺ​ជា​ការប្រថុយប្រថាន និង​គំរាម​ដោយ​ផ្ទាល់ ដល់​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​ធុរៈកិច្ច របស់​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​ជំហរ​របស់ សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​លើក​កម្ពស់​របៀបវារៈ ពាណិជ្ជកម្ម និង​ធ្វើ​ឱ្យ​ប្រៀប​នៃការប្រកួត​ប្រជែង​របស់​ខ្លួន​ធ្លាក់​ចុះ​ផង​ដែរ។

រដ្ឋាភិបាល​បាន​លើក​ឡើង​បន្ថែម​ថា ខ្លួន​នៅ​តែ​ប្រកាន់​ជំហរ​ជា​និច្ច​ក្នុង​ការ​សហការ​ជា​មួយ​អឺរ៉ុប និង​លើក​តម្កើង​ផល​ប្រយោជន៍​រួម​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

កាលពីថ្ងៃទី៥ខែតុលាកន្លងទៅ  គណៈកម្មការ​អឺរ៉ុប​បាន​ជូន​ដំណឹង​ដល់​កម្ពុជា​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ដោយ​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។ សហភាព​អឺរ៉ុប​លើក​ឡើង​ថា កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឡើយ​ បើ​ទោះ​បី​ជា​គណៈកម្មការ​ស្វែង​រក​ការ​ពិត​របស់​អឺរ៉ុប​បាន​ស្រាវជ្រាវ  និង​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​កែ​ប្រែ​ក៏​ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ