សហភាពអន្តរសភា ថានឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលភាពជាក់ស្តែងជាថ្មីម្តងទៀត ប្រសិនអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យពួកគេបានជួបជាមួយ អតីតមេបក្សសង្រ្គោះជាតិ លោក កឹម សុខា។
យោងតាមលិខិតសេចក្តីសម្រេចរបស់សហភាពអន្តរសភាហៅកាត់ថា IPU ដែលចេញកាលពីម្សិលមិញ តំណាងកម្ពុជាបានអញ្ជើញប្រតិភូ IPU មកកម្ពុជាម្តងទៀត ដើម្បីពិនិត្យមើលភាពជាក់ស្តែង និងស្ថានភាពពិតប្រាកដ ប៉ុន្តែមិនអនុញ្ញាតឱ្យជួបអតីតប្រធានគណបក្សសង្រ្គោះជាតិឡើយ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថាខាងលោកនៅមិនទាន់ទទួលបានព័ត៌មានស្តីពីការអញ្ជើញគណៈប្រតិភូសភាពអន្តរសភា មកកម្ពុជានៅឡើយទេ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង
លោក មានប្រសាសន៍បែបនេះថា៖ «ខ្ញុំអត់មានដឹងអំពីបញ្ហាហ្នឹងទេ។ អាបញ្ហាហ្នឹងខ្ញុំអត់មានបានទទួលព័ត៌មានសោះ។ គណៈប្រតិភូកម្ពុជា មិនបានជូនដំណឹងប្រាប់ខ្ញុំថា គាត់អញ្ជើញទេ អត់មានប្រាប់»។
កិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សរបស់សភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងពីការរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញគណបក្សសង្រ្គោះជាតិ រហូតឈានដល់ការរំលាយបក្សប្រឆាំងមួយនេះទាំងស្រុងកាលពីចុងឆ្នាំ២០១៧ ដែលធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះ។
អ្នកជំនាញផ្នែកគោលនយោបាយ និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក អ៊ា សុផល មានប្រសាសន៍ថាវាមិនមែនជារឿងដែលភ្ញាក់ផ្អើលនោះទេ ដែលគណៈប្រតិភូ IPU ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធមិនឱ្យជួបអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ។ លោកថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានអ្វីដែលត្រូវលាក់បាំងទេ មិនគួរហាមឃាត់ប្រតិភូ IPU ក្នុងការជួបជាមួយ លោក កឹម សុខា ឡើយ។ លោកបន្តថា ករណីលោក កឹម សុខា អាចមិនមែនជាការឃុំខ្លួនក្នុងផ្ទះ ហើយបើគាត់ត្រូវបានឃុំខ្លួននៅផ្ទះ ហេតុអ្វីគណៈប្រតិភូ IPU មិនអាចជួបសួរសុខទុក្ខបាន។ លោកកត់សម្គាល់ថា នៅប្រទេសមីយ៉ាន់ម៉ា ករណីឃុំខ្លួនអ្នកស្រី អង់សាន ស៊ូជី ក្នុងផ្ទះ រដ្ឋាភិបាលប្រទេសនេះក៏បានអនុញ្ញាតឱ្យអ្នកស្រី អាចជួបសួរសុខទុក្ខជាមួយភ្ញៀវរបស់គាត់បានដែរ។
អ្នកជំនាញដដែល យល់ថាករណីនេះនឹងធ្វើឱ្យពិភពមើលឃើញប្រទេសកម្ពុជាក្នុងស្ថានភាពមួយកាន់តែអាក្រក់ថែមទៀត ហើយកម្ពុជាដូចជាកំពុងជីកកប់ខ្លួនឯងយ៉ាងដូច្នេះដែរ។
លោកបន្ថែមថា៖«កុំដូចកង្កែបក្នុងអណ្ដូងពេកដែលគិតថាពិភពលោកទាំងមូលហ្នឹងជារបស់ខ្លួនតែម្នាក់នោះ។ វាមានសហភាពអន្តរសភា IPU និងសហគមន៍អឺរ៉ុប រួមទាំងពិភពលោកទាំងមូលកំពុងមើល[…]»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃម្តងរួចមកហើយ។ ការអញ្ជើញមករបស់គណៈប្រតិភូIPU ពេលនោះ គឺដើម្បីពិនិត្យនិងស៊ើបអង្កេតពីស្ថានការនយោបាយនៅកម្ពុជា៕