ពាណិជ្ជករ​អឺរ៉ុប​ថា ក្នុង​រយៈពេល​៤​ម៉ោង​ ពល​រដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ប្រើ​ឱសថ​​ក្លែងក្លាយ

វេទិកាធុរកិច្ចអឺរ៉ុប និងកម្ពុជា កិច្ចពិភាក្សាសារព័ត៌មាន ស្ដីពីធុរកិច្ច និងការទទួលខុសត្រុវសង្គម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ រូបថត៖ ហ៊ី ឆាយ

ប្រធាន​គណៈកម្មាធិការ​សុខុមាល​ភាព​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​អះ​អាង​ថា ក្នុង​រយៈ​ពេល​ត្រឹម​តែ ៤​ម៉ោង ពលរដ្ឋ​កម្ពុជា​ម្នាក់​ បាន​ស្លាប់​បន្ទាប់​ពី​ប្រើ​ប្រាស់​ឱសថ​​ក្លែងក្លាយ​ទាំង​នេះ ខណៈ​ដែល​ឱសថ​​ក្លែងក្លាយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ​១លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​មួយ​ឆ្នាំ។

ក្នុង​វេទិកា​ធុរកិច្ច​អឺរ៉ុប និង​កម្ពុជា ដែល​រៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែតកាលពី​ម្សិល​មិញ ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​នាយក​ក្រុមហ៊ុន Zuelling Pharma ប្រចាំ​កម្ពុជា ​លោក Jean Gaetan បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ ក្នុង​ចំណោម​ថ្នាំ​ចំនួន ​១០​ប្រភេទ​​នៅ​ទូទាំង​ពិភពលោក​ មាន​ថ្នាំ​ក្លែងក្លាយ ​៧​ប្រភេទ​ហើយ​ដែល​នៅ​លាយ​ឡំ​ជា​មួយ​ថ្នាំ​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​រង​គ្រោះ​ ឆាប់​ជឿ និង​យក​មក​ប្រើ​ប្រាស់។

លោក​បន្ថែម​ថា​ តាម​ការ​គណនា​របស់​គណៈកម្មាធិការ​ដោយ​យក​ការ​រក​ឃើញ​របស់​ក្រុម​ប៉ូលិស​អន្តរជាតិ​ជា​គោល​នោះ គណៈកម្មាធិការ​របស់​លោក​រក​ឃើញ​ថា ​ជា​រៀង​រាល់​ ៤​ម៉ោង​ ពលរដ្ឋ​កម្ពុជា​​ម្នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត ហើយ​មាន​តែ​ ២០​ភាគរយ​ប៉ុណ្ណោះ​នៃ​អ្នក​រង​គ្រោះ​នោះ​ ដែល​ដឹង​ខ្លួន​ថា ​បាន​ប្រើ​ថ្នាំ​ក្លែង​ក្លាយ។​

លោក Jean Gaetan នៅក្នុងវេទិកាធុរកិច្ចអឺរ៉ុប និងកម្ពុជា កិច្ចពិភាក្សាសារព័ត៌មាន ស្ដីពីធុរកិច្ច និងការទទួលខុសត្រុវសង្គម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ រូបថត៖ ហ៊ី ឆាយ

លោកថា៖ «អ្នកដែលព្យាយាមផលិតថ្នាំក្លែងក្លាយនោះ គឺគាត់ផ្ដោតតែមនុស្សដែលងាយរងគ្រោះប៉ុណ្ណោះ។ ឧទាហរណ៍ អ្នកដែលមានជំងឺដែលប៉ះពាល់ដល់ជីវិតនោះ ពួកគេគឺផ្ដោតទៅលើមនុស្សអស់ហ្នឹង ព្រោះអ្នកជំងឺមិនបានបន្ទោសទៅលើឱសថទេ តែបន្ទោសទៅលើជំងឺរបស់គាត់​​»

ដើម្បី​បញ្ចៀស​ពី​ការ​ប្រើប្រាស់​ថ្នាំ​ក្លែង​ក្លាយ លោក Jean Gaetan បាន​លើក​ឡើង​ថា​ អ្នក​ទិញ​ថ្នាំ​ទាំង​អស់​គួរ​តែ​​ប្រើ​ថ្នាំ​ណា​ដែល​ទទួល​បាន​ការ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​សុខាភិបាល ជា​ថ្នាំ​មិន​ហួស​កាល​បរិច្ឆេទ និង​មាន​ការ​ណែ​នាំ​ជា​ភាសា​ខ្មែរ​ច្បាស់លាស់​​។

អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ​លោក មួង ឬទ្ធី ប្រាប់​ថា ​លោក​ជាប់​រវល់​មិន​អាច​ឆ្លើយ​តប​បាន​។​

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោកវេជ្ជបណ្ឌិត​ លី សូវ៉ាន់ ទទួល​ស្គាល់​ថាកម្ពុជា​នៅ​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹងសុវត្ថិភាព​​ឱសថ​នេះ​ តែ​លោក​​បានច្រាន​ចោល​នូវ​​ការ​លើក​ឡើង​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នេះ ដោយ​ថា​ពុំ​មាន​ការ​ស្រាវជ្រាវ​ជាក់​លាក់​។

លោក​ លី សូវ៉ាន់ បន្តថា​៖ « មិនដឹងថាគាត់សិក្សាហ្នឹងយោងតាមការសិក្សាអ្វីទេ ព្រោះមិនទាន់មានការសិក្សាណាមួយបង្ហាញនៅឡើយទេ។ តែយើងទទួលស្គាល់ថាយើងខិតខំសហការជាមួយក្រសួងពាក់ព័ន្ធ ក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី ក្រសួងស្ថាប័នអីបានច្រើនទាក់ទងនឹងបញ្ហាហ្នឹងមិនតែឱសថទេគឺពាក់ព័ន្ធរឿងច្រើន »

កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ​លោក មាជ សុផាន់​ណា បាន​លើក​ឡើង​ថា​បញ្ហា​ផលិតផល​ក្លែង​ក្លាយ​ច្រើន​នេះ ​បណ្ដាល​មក​ពី​តម្រូវការ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ ជាហេតុ​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​ឆ្លៀត​ឱកាស​លួច​នាំចូល​ ឬ ផលិត​ផលិតផល​ក្លែងក្លាយ​ច្រើន​ជាង​មុន។

​គេហទំព័រ​វិទ្យាសាស្ត្រ​នៃ​សាធារណ​រដ្ឋ​ប៉ូឡូញ ​បាន​លើក​ឡើង​ថា​ ឱសថ​ក្លែងក្លាយ​ភាគ​ច្រើន​មាន​តម្លៃ​ថោក និង​មាន​ការ​ផលិត​ច្រើន​ រួម​មាន​ថ្នាំ​សម្រក​ទំនង បណ្ដុះ​សក់ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ប្រឆាំង​មេរោគ​របេង គ្រុនចាញ់ អេដស៍ និង​មហារីក​ជាដើម ដែល​ភាគ​ច្រើន​ជា​ថ្នាំ​របស់​ប្រទេស​ចិន និង​ឥណ្ឌា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ