សហភាពអន្តរសភា(IPU)បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។
សេចក្តីសម្រេចរបស់សហភាពអន្តរសភាកាលពីម្សិលមិញបានទាមទារឲ្យអាជ្ញាធរកម្ពុជាបង្ហាញភស្តុតាងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។
សេចក្តីសម្រេចបានលើកឡើងថា ការចាប់ឃុំខ្លួននោះមិនមានភស្តុតាងត្រឹមត្រូវទេ ហើយ ជំរុញឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្ស សង្គ្រោះ ជាតិអាចដំណើរ ការវិញ។
សេចក្តីសម្រេច៖«ជាថ្មីម្តងទៀតយើងជំរុញឲ្យអាជ្ញាធរកម្ពុជាទាំងអស់ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ហើយអនុញ្ញាត ឲ្យលោកបំពេញ តួនាទីជាប្រធានគណបក្សប្រឆាំងវិញដោយគ្មានការពន្យារពេល និងរឹតបន្តឹង និង អនុញ្ញាត ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។»
បើទោះជាមានការជំរុញជាញឹកញាប់ពីស្ថានប័នអន្តរជាតិឲ្យដោះលែងលោក កឹម សុខា ក៏ដោយ តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏លើកឡើងជាញឹកញាប់ដែរថា មិនលើកលែងឲ្យ លោក កឹម សុខា ទេ ដោយចាត់ទុកថា អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ មានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា នាំប្រទេសឲ្យធ្លាក់ក្នុងសង្គ្រាម។