វៀតណាមត្រៀមខ្លួនទទួលប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប

ទង់ជាតិប្រទេសវៀតណាម និងទង់ជាតិរបស់សហភាពអឺរ៉ុប EU (រូបភាព៖ វេបសាយបរទេស)

កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ គណៈកម្មការអឺរ៉ុបបានអនុម័តលើកិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសវៀតណាម ហើយភាគីទាំងពីរប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងឲ្យបាននៅក្នុងពេលឆាប់ៗខាងមុខ។​

កិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឲ្យវៀតណាម​ទទួលកូតា នាំទំនិញទៅលក់នៅសហភាពអឺរ៉ុប ដោយទទួលបានការអនុគ្រោះពន្ធលើមុខទំនិញ៩៩%លើពន្ធធម្មតា។ ក្នុងនោះទំនិញរបស់ វៀតណាម​ប្រមាណ៦៥% នឹងទទួលបានអនុគ្រោះពន្ធ។ កិច្ចព្រមព្រៀងនេះ នឹងជំរុញ ឲ្យមានការពង្រឹងគុណភាពទំនិញ ហើយចំនួននៃការនាំទៅអឺរ៉ុបក៏កើនឡើងដែរ។

FTA មានសុពលភាពរយៈពេល១០ឆ្នាំ ទើបមានការពិនិត្យទៅលើលក្ខខណ្ឌហើយ វាយតម្លៃម្តងទៀត។

​លក្ខខណ្ឌដែលអឺរ៉ុបដាក់លើកិច្ចព្រមព្រៀងនេះគឺ ត្រូវធានាស្តង់ដារការងារខ្ពស់ ធានាសុវត្ថិភាព ធានាការពារបរិស្ថាន លើកស្ទួយការគោរពសិទ្ធិមនុស្ស និងអនុវត្តន៍តាម កិច្ចព្រមព្រៀងប្រឆាំងការប្រែប្រួលអាកាសធាតុដែលរៀបចំឡើងនៅទីក្រុងប៉ារីសជាដើម។

​លក្ខខណ្ឌការគោរពសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀតអាចជាបញ្ហាប្រឈមដោយសារតែ វៀតណាមជាប្រទេសកុម្មុយនីស្តតែងតែបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងឬអ្នកទាមទារឲ្យមានការគោរពសិទ្ធិសេរីភាព។​

ទោះយ៉ាងណាអាចជាឥរិយាបថការទូតរបស់ប្រទេសវៀតណាម គឺរាល់ការជួបជាមួយមេដឹកនាំប្រទេសលោកសេរីដែលជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស វៀតណាមតែងតែស្តាប់ហើយ អះអាងថានឹងពិចារណាដោះស្រាយ ពេលខ្លះក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំលោកសេរីទៅវៀតណាម គឺវៀតណាមដោះលែងអ្នកជាប់ឃុំជាអ្នកដែល​រិះគន់រដ្ឋាភិបាលក៏មានដែរ។​

កាលពីថ្ងៃពុធ រដ្ឋាភិបាលនៃប្រទេសវៀតណាម​បានដោះលែងអ្នកទោសម្នាក់គឺអ្នកស្រី ​ង្វៀនង៉ុក ញូឃ្វីញ​ ជាអ្នកសរសេរប្លុករិះគន់រដ្ឋាភិបាល។ ការដោះលែងធ្វើឡើង ក្រោយ ពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ចនៅវៀតណាម។

បើទោះជាមជ្ឈដ្ឋានខ្លះយល់ថា ការទំនាក់ទំនងរវាងអឺរ៉ុបនិងវៀតណាម​ជួបការលំបាកដោយ សារតែបញ្ហាសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អឺរ៉ុបលើកឡើងថា វៀតណាម​ជាប្រទេស មានសក្តានុពលទទួលប្រព័ន្ធអនុគ្រោះពន្ធនេះ។​

ឧត្តមស្នងការទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់អឺរ៉ុបលោកស្រី CeciliaMalmström ថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា បន្ទាប់ពីគណៈកម្មការវាយតម្លៃលើកិច្ចព្រមព្រៀងហើយ លោកស្រីកំពុងតែជួយបញ្ចុះបញ្ជូលសភានិងរដ្ឋជាសមាជិកអឺរ៉ុបឲ្យជួយគាំទ្រ ដោយថា វៀតណាម​មានសក្តានុពលខ្លាំង ក្នុងការវិនិយោគជាមួយអឺរ៉ុប។​

បច្ចុប្បន្នវៀតណាមកំពុងតែប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មជាមួយប្រទេសលោកសេរីគឺកាលពីដើមខែតុលានេះ នាយករដ្ឋមន្ត្រីវៀតណាម​ក៏បានប្រឹងប្រែងបញ្ចុះបញ្ជូលទាក់ទាញអ្នក វិនិយោគជប៉ុន ខណៈបច្ចុប្បន្នអាមេរិកនិងសហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម។​

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ