លោកនាយករដ្ឋមន្ត្រីថ្លែងថា មានប្រទេសជាង៥០គាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំ ពូលអាស៊ី-អឺរ៉ុបប្រចាំឆ្នាំ២០២០ហើយថា នេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូលនៅលើ ឆាកអន្តរជាតិ។
ក្នុងពិធីជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា កម្ពុជាទទួលបានការគាំទ្រឲ្យធ្វើជាម្ចាស់ផ្ទះប្រជុំ កំពូល អាស៊ី-អឺរ៉ុប។
លោក ហ៊ុន សែន ៖«ខ្ញុំសូមប្រកាសជូនជនរួមជាតិជាមោទនភាពរបស់ជាតិយើងមួយថា ឆ្នាំ២០២០នេះ កម្ពុជាត្រូវបានទទួលនូវមោទនភាពនៃការគាំទ្រពីប្រទេសជាង៥០ ឲ្យធ្វើជា ប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ។»
កិច្ចប្រជុំអាស៊ីអឺរ៉ុបគឺជាវេទិកាពិភាក្សានយោបាយផ្តល់ឱកាសឲ្យមានការពិភក្សា ពង្រឹង ទំនាក់ ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្លុកអាស៊ីនិងអឺរ៉ុប។ កិច្ចប្រជុំនេះធ្វើឡើង២ឆ្នាំម្តង ហើយ ប្តូរវេណម្តងប្រជុំនៅអឺរ៉ុប និងម្តងធ្វើនៅអាស៊ី។