អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប(EU)លោកស្រី Federica Mogherini ជួបផ្ទាល់ជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ពីដំណើរការបណ្តោះអាសន្ននៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)ពីកម្ពុជា។
សុន្ទរកថា របស់លោកស្រី Federica Mogherini ថ្លែងក្នុងសន្និសីទសារព័ត៌មានកាល ពីម្សិលមិញបានបញ្ជាក់ថា លោកស្រី បានជួបជាមួយភាគីកម្ពុជានិង មីយ៉ាន់ម៉ាដាច់ ដោយឡែកពីគ្នា ជជែកពីការដកប្រព័ន្ធអនុគ្រោះពន្ធ។
សម្រាប់ភាគីកម្ពុជាលោកស្រីបញ្ជាក់ថា បានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីរបស់កម្ពុជាផ្សេងទៀត។
លោកស្រី Federica Mogherini៖ «ជាមួយកម្ពុជា យើងបានសម្រេច ដំណើរការបណ្តោះ អាសន្នហើយលើការដកប្រពន្ធអនុគ្រោះពន្ធEBA។ ខ្ញុំបានពិភាក្សាជាមួយលោកនាយករដ្ឋ មន្ត្រីហ៊ុន សែន និងក្រុមការងាររបស់លោក។ អ្វីដែលយើងរំពឹងនោះគឺកម្ពុជាអាចចៀសផុត ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ត្រូវធ្វើឲ្យមានភាពប្រសើរឡើងលើដំណើរការនយោបាយ តាមបែបប្រជាធិបតេយ្យ។»
លោកស្រីក៏បានលើកឡើងពីក្តីកង្វល់ដោយថា ការរំលាយគណបក្សប្រឆាំងកាលពីខែវិច្ឆិកា ឆ្នាំមុន និងមានការរឹតត្បិតបរិយាកាសប្រជាធិបតេយ្យលើមន្ត្រីអង្គការសង្គមស៊ីវិល និងក្រុមអ្នក នយោបាយប្រឆាំង។
ក្នុងកិច្ចពិភាក្សានោះលោកស្រីថា មិនទទួលបានដំណោះស្រាយ អ្វីចំពោះបញ្ហាប្រឈម ចំពោះមុខនោះទេប៉ុន្តែលោកស្រីថា នឹងធ្វើការឲ្យស្និទ្ធហើយរក្សាការសន្ទនាជាមួយកម្ពុជា។
នៅដើមខែតុលានេះសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធដោយថា មានបញ្ហារំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារធ្ងន់ធ្ងរ ដែលដំណើរការដកមានពេល១ឆ្នាំ។ ទោះយ៉ាងណា លោកនាយករដ្ឋ មន្ត្រីហ៊ុន សែនបញ្ជាក់ជាថ្មីទៀត ប្រាប់ពលរដ្ឋខ្មែរនៅក្នុងប្រទេសប៊ែល ហ្សិកកាលពីម្សិល មិញថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ។