លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្នើ​តួកគី​ជួយ​ទិញអង្ករនិងផ្លែស្វាយពីកម្ពុជា​

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារកំពូលទ្វេភាគី​ទល់មុខគ្នាមួយទល់មួយ​ ជាមួយ​លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ស្នើ​ទៅ​កាន់​មេដឹកនាំ​​ប្រទេស​តួកគី​ឲ្យ​ជួយ​ទិញ​អង្ករនិងផ្លែស្វាយ​ពីប្រទេស​កម្ពុជា​។

​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន បានសរសេរ​​​ក្នុងទំព័រ​ហ្វ៊េសបុក​របស់លោកនៅ​ថ្ងៃនេះថា​ លោក​បាន​ស្នើ​ដល់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួកគី​លោក រ៉េ​ជីប ថា​យ៉ីប​អ៊ែ​ឌូ​ហ្គាន់ ​ឲ្យ​​ពិចារណា​ក្នុង​ការ​ជួយ​ទិញ​អង្ករ និង​ផ្លែស្វាយ​ ពី​កម្ពុជា​ដោយ​ថា​ដើម្បី​ជួយ​ដល់​កសិករ​កម្ពុជា។ តាមប្រភព​ដដែល​​ប្រទេស​តួកគី និង​កម្ពុជា​ក៏បាន​ប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​កើន​ដល់​១ពាន់លានដុល្លារ​នា​ពេល​ខាង​មុខ។

​ក្រៅពី​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ ​កម្ពុជា និង​តួកគី​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៨​ដែល​រួម​មាន អនុសារណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទឹក និង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ​និង​ការ​ការពារ​ទៅវិញទៅមកនៃការ​​វិនិយោគ​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​លោក ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ថា​កម្ពុជា និង​តួកគី រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ទំនាក់​ទំនង​នាំ​ចេញ​នាំ​ចូល​ផលិតផល​កសិកម្ម​ជា​មួយ​គ្នា​នៅ​ឡើយ​ទេ ដោយ​លោក​សង្ឃឹម​ថា​បន្ទាប់​ពី​មាន​ការ​រឹត​ចំណង​ទូត​នេះ​នឹង​អាច​បើក​ផ្លូវ​ឲ្យ​មាន​ជំនួប​ផ្នែក​បច្ចេកទេស​ដើម្បី​សម្រួល​ដល់​ការ​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​នេះ។

​លោក​ថា៖ « ជារឿងមួយល្អដែលសម្តេចតេជោ លោកធ្វើការទូតបានជោគជ័យ។ វាជាការបើកច្រក ហើយកម្រិតបច្ចេកទេសនឹងបន្តជំហានបន្ទាប់ពីបានចុះហត្ថលេខាហើយ  »

អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ថេង សាវឿន យល់ថា​ ការ​បង្កើន​ទីផ្សារ​គឺ​ជា​វិធានការ​ល្អ​តែ​ទីផ្សារ​របស់​ប្រទេស​តួកគី​គឺ​តូច​នៅ​ឡើយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ទីផ្សារ​របស់​​សហគមន៍​អឺរ៉ុប​ដែល​កម្ពុជា​កំពុង​មាន​ស្រាប់​ ដោយ​លោក​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​គួរ​ពិចារណា​រក្សា​ទីផ្សារ​ធំ​នេះ​វិញ។

លោក​ថា៖ « អ្វីដែលយើងមានស្រាប់ដូចជាសហភាពអឺរ៉ុបដែលជាទីផ្សារធំមាន២៨ប្រទេសហ្នឹង រដ្ឋាភិបាលគួរតែរកវិធីសាស្ត្រដោះស្រាយដែលយើងមានស្រាប់ ដែលយើងទទួលបានការអនុញ្ញាតឲ្យនាំចេញទៅលក់ និងមានស្រាប់ហ្នឹងគ្រាន់តែយើងដោះស្រាយបញ្ហាដែលមានថ្នាំថ្នាក់នឹងគ្នានឹងដោះស្រាយបញ្ហាមួយចំនួនទៅ។ ហើយស្នើឲ្យEU បង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាវិញវាជារឿងមួយដែលល្អប្រសើរ ប្រសិនបើយើងចំណាយពេលវេលាបោះបង់ទីផ្សារធំហើយទៅចាប់ទីផ្សារតូច​​យើងនឹង​​ចំណាយធនធាន និងពេលវេលាច្រើនណាស់សម្រាប់រកទីផ្សារ»

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​តួកគី ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​ប្រមាណ​៧៥លានដុល្លារ​អាមេរិក ដែល​កើន​ឡើង​ជាង​៦០ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​ ៣០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ