សមាគម​រោង​ចក្រ​កាត់​ដេរ​ថា​​ការ​បាត់បង់ ​EBA នឹង​ប៉ះពាល់រយៈពេលវែង​ដល់កម្មករនិងគ្រួសារពួកគេ​

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២០ តុលា​ ឆ្នាំ២០១៨ ដែល​បាន​ផ្ញើ​ទៅ​កាន់​​ស្នង​ការ​ពាណិជ្ជ​កម្ម​គណៈ​កម្មការ​អឺរ៉ុប​ លោក​ស្រី Cecilia Malmström  ប្រធាន​សមាគម​រោង​ចក្រ​កាត់ដេរ​ហៅ​កាត់​ថា​ GMAC លោក ខេន លូ បាន​លើក​ឡើង​ថា​ ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​គម្រោង​ EBA  ឬ​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​​រយៈ​ពេល​​ខ្លី​ណា​មួយ​​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​រយៈ​ពេល​វែង​ដល់​​ជីវិត​របស់​កម្មករ និង​គ្រួសារ​របស់​ពួក​គេ​ ហើយ​​ភាព​រីក​ចម្រើន​ទាំង​អស់​ដែល​កម្ពុជា​​សម្រេច​បាន​​ក្នុង​រយៈ​កាល​២​ទសវត្សរ៍​កន្លង​មក​នេះ​អាច​នឹង​ត្រូវ​បាន​បំផ្លាញ​យ៉ាង​លឿន​។

បើ​តាម GMAC វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្ដល់​ការ​ងារ​​​ដោយ​ផ្ទាល់​ដល់​​ប្រជា​ពល​រដ្ឋ​ប្រមាណ​៧០​ម៉ឺន​​នាក់​ ដែល​ជាង​៨៥​%​ជា​​ស្ត្រី​មក​ពី​​បណ្ដា​ខេត្ត​ និង​ជន​បទ​ ហើយ​ប្រជា​ពល​រដ្ឋ​​២​លាន​នាក់​ដទៃ​ទៀត​ទទួល​ផល​ដោយ​ប្រយោល។ តាម​ប្រភព​ដដែល​ជា​រៀង​រាល់​ខែ ​ប្រាក់​ខែ​ជាង​១៥០​លាន​ដុល្លារ​អាមេរិក​​ត្រូវ​បាន​ចំណាយ​​ទៅ​លើ​​កម្មករ​ទាំង​នេះ​។

GMAC បន្ថែម​ថា​ការ​ប្រកាស​នា​ពេល​ថ្មីៗ​​នេះ​​ដោយ​សហភាព​អឺរ៉ុប​​ អំពី​លទ្ធ​ភាព​ក្នុង​​ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​ប្រព័ន្ធEBA សម្រាប់​​កម្ពុជា​ គឺ​ជា​ការ​ភ្ញាក់​ផ្អើល​​សម្រាប់​វិស័យ​ឯក​ជន​រួម​ទាំង​វិនិយោគិន កម្មករ ព្រម​ទាំង​អ្នក​បញ្ជា​ទិញ​ដែល​ទិញ​ពី​កម្ពុជា​។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​លោក កាំង ម៉ូលីកា បាន​លើក​ឡើង​ប្រាប់​VOD ថា​ប្រសិន​EBA ត្រូវ​បាន​ដក​មែន​នោះ​រោងចក្រ​ដែល​ប្រតិបត្តិ​នៅ​កម្ពុជា​អាច​នឹង​រង​ផល​ប៉ះពាល់​ច្រើន តែ​លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ខ្លះ​ដែរ​ចំពោះ​វិស័យ​កាត់ដេរ និង​ស្បែក​ជើងថា​អាច​ត្រូវ​រួច​ផុត​ពី​ទណ្ឌកម្ម​នេះ​ដោយ​សារ​តែ​កម្ពុជា​បាន​គាំទ្រ​ដល់​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​ទាំង​នេះ​ច្រើន។

លោក​ថា៖ « វាជាតួនាទីរបស់យើងក្នុងការពន្យល់ទៅកាន់សហគមន៍អឺរ៉ុប នូវអ្វីដែលជាការពិត ដែលកើតឡើងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យរបស់យើង។ ការបារម្ភរបស់យើងគឺខ្លាចថាEU គាត់យល់ច្រឡំ ហើយធ្វើការវាយតម្លៃមិនបានត្រឹមត្រូវ ហើយដូចខ្ញុំបានជម្រាបអញ្ចឹងបើសិនជាធ្វើការវាយតម្លៃបានត្រឹមត្រូវឈរលើគោលការណ៍លក្ខណៈបច្ចេកទេស មែនទែននោះគឺយើងមិនមានការបារម្ភអ្វីទាំងអស់ »

​កាលពី​ថ្ងៃ​ទី​១៩ តុលា អ្នកតំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​លោកស្រី​ Federica Mogherini បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​បាន​ប្រាប់​ពី​ដំណើរការ​បណ្ដោះអាសន្ន​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​ពី​កម្ពុជា ហើយ​អ្វី​ដែល​កម្ពុជា​អាច​ចៀស​ផុត ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​លើ​ដំណើរការ​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ។

​VOD មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ​ តាម​រយៈ​សារ​អេឡិចត្រូនិក​Whatappបាន​នៅឡើយ​ទេ តែ​កាល​ពី​ថ្ងៃ​ទី​១១ តុលា​កន្លង​ទៅ​លោក​បាន​បញ្ជាក់​ប្រាប់​VOD ថា​កម្ពុជា និង​មិន​ស្លាប់​នោះ​ទេ​បើ​គ្មាន​ EBA នោះ។

លោក​បន្ថែម​ថា តាម​រយៈ​ស្ថានភាព​អភិវឌ្ឍ​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​គឺ កម្ពុជា​នឹង​បាត់បង់ EBA ដោយស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២០២១ ឬ ឆ្នាំ២០២៣យ៉ាងយូរ ហើយ​អ្វី​ដែលEU ប្រកាស​នោះ​គឺ​នៅ​ឆ្លង​ដំណាក់​កាល​ច្រើន​ទៀត​ ដែល​លោក​ជឿ​ថា​នឹង​មាន​​ឱកាស​ពិភាក្សា​រវាង​អ្នក​បច្ចេកទេស​អឺរ៉ុប​ និង​កម្ពុជា​បន្ថែម​ទៀត។

ក្រុមហ៊ុន Moody Investors services ​​ ​ដែល​ស្រាវជ្រាវ​បញ្ហា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុអន្តរជាតិ​ បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ២០ តុលា​នេះ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAនេះ​នឹង​ផ្ដល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កម្ពុជា ហើយ​ការ​ដំឡើង​ពន្ធ​គយ​របស់​អឺរ៉ុប​ចំពោះ​ទំនិញ​កម្ពុជា​នោះ​នឹង​ធ្វើ​ឲ្យ​ផលិត​នៅ​កម្ពុជា​មាន​​តម្លៃ​កើន​ឡើង​​នៅ​អឺរ៉ុប ដែល​វា​ក៏​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​ផលិតផល​សំលៀកបំពាក់​របស់កម្ពុជាជា​មួយ​ប្រទេស​ដទៃ​ផង​ដែរ។

ក្រុមហ៊ុន​ដែល​មាន​​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកនេះ ក៏​បាន​លើក​ឡើង​ដែរ​ថា​ប្រទេស​អូស្ត្រាលី និង​កាណាដា អាច​នឹង​ធ្វើ​តាម​សហភាព​អឺរ៉ុប​ដោយ​ពិនិត្យ​មើល​ឡើង​វិញ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ជា​មួយ​កម្ពុជា។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ក្រុម​ហ៊ុន​នេះ បង្ហាញ​នូវ​សុទិដ្ឋិនិយម​ដែរ​ថា​ការ​ដក​EBAនេះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ងាក​មក​​ខំប្រឹង​ប្រែង​ខ្លាំង​ជាង​មុន​ក្នុង​ការ​ផលិត​ផលិតផល​ឧស្សាហកម្ម​ផ្សេង​ទៀត​ដូចជា ​កង់​ កាតាប និង​គ្រឿង​អេឡិចត្រូនិក​វិញ។

កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា​កន្លង​ទៅ  គណៈកម្មការ​អឺរ៉ុប​បាន​ជូន​ដំណឹង​ដល់​កម្ពុជា​អំពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ដោយ​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។ សហភាព​អឺរ៉ុប​លើក​ឡើង​ថា  កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្លួន​ឡើយ​ បើ​ទោះបី​ជា​គណៈកម្មការ​ស្វែងរក​ការ​ពិត​របស់​អឺរ៉ុប​បាន​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​ឲ្យ​មានការ​កែប្រែ​ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ