អ្នកនយោបាយយល់​ឃើញផ្សេងគ្នាជុំវិញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស​

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

មតិផ្ទុយគ្នា របស់អ្នកនយោបាយខ្មែរ ជុំវិញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែកើតមានឡើង ដោយមិនទាន់រកចំណុចរួមឃើញនៅឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍នៅថ្ងៃនេះថា កម្ពុជា ពុំមានភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៀតនោះទេ ដោយ​​លោកថាកិច្ចព្រមព្រៀងនេះ បានអនុវត្តនៅពេលប្រទេសកម្ពុជាមិនទាន់មានរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូល។ លោកបន្តថា គោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក៏បានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលទៀតផង ហើយកិច្ចព្រមព្រៀងមួយនេះបានក្លាយ​​​ជាលិខិតូបករណ៍ជាប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលបានចាក់សោទុកក្នុងទូររួចទៅហើយដែរ។

លោក មានប្រសាសន៍បន្ថែមថា៖ «អីចឹងកម្ពុជាអត់មានអី្វត្រូវអនុវត្តន៍កិច្ចព្រមព្រៀងទេ គឺអនុវត្តន៍ច្បាប់កំពូលរបស់ជាតិគឺ រដ្ឋធម្មនុញ្ញ។ ឯអ្វីៗទាំងអស់ ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានក្នុងរដ្ឋធម្មនុញ្ញហើយ។ អីចឹងកម្ពុជានិយាយពីការអនុវត្តរដ្ឋធម្មនុញ្ញបាទ»។

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន វិញយល់ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានជីវិត និងមានសុពលភាព បើទោះបីជាចំណុចមួយចំនួន​បានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។ លោកបន្តថា បច្ចុប្បន្នការអនុវត្តកិច្ចព្រមព្រៀងមួយនេះ នៅតែមានភាពខ្វះខាតច្រើន ដោយលោកថាមិនបានគោរពតាមអ្វីដែល​ចែងក្នុងកិច្ចព្រមព្រៀងនេះឡើយ ពិសេសការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ឯកភាពជាតិពិតប្រាដក។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្ត៖ «ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាសំខាន់ គឺដើម្បីបង្រួបបង្រួមកម្ពុជា បង្រួបបង្រួមអ្នកនយោបាយ ផ្សះផ្សាជាតិ ដើម្បីរកឯកភាពជាតិ។ តែមកដល់ថ្ងៃនេះ យើងមិនមានទេ យើងបែកបាក់ឯកភាពជាតិ»។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា បង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះវាជាច្រកមួយបើកផ្លូវសន្តិភាពដល់ប្រទេសកម្ពុជា នាំទៅរករបបប្រជាធិបតេយ្យសេរីពហុបក្ស។ ​លោកយល់ថាកិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាពនិងឥទ្ធិពល ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំប្រទេសទៀតផង។

លោកចង់ឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យបានពេញលេញ ដូចជាចំណុចសេរីភាពនៃការបញ្ចេញមតិ ការលើកកម្ពស់សេរីផ្នែកនយោបាយ ការគោរពសិទ្ធិមនុស្ស ជាដើម។

លោក មានប្រសាសន៍ថា៖ «បើនិយាយពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង គឺម្នាក់ៗឈរលើជំហរផ្សេងគ្នា រដ្ឋាភិបាលឈលើជំហរមួយ គណបក្សនៅក្រៅសភាឈលើជំហរមួយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងឃើញថាភាគីពាក់ព័ន្ធទាំងអស់ ព្យាយាមគោរព និងអនុវត្ត» ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា ត្បិតខ្លឹមសារមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាបានដើរនៅលើកន្លងប្រជាធិបតេយ្យក៏ពិតមែន ប៉ុន្តែគុណភាពនៃការអនុវត្តប្រជាធិបតេយ្យនៅមិនទាន់ល្អប្រសើរនៅឡើយទេ។

ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៨​នេះ ជា​ខួប​លើក​ទី ២៧​ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីបញ្ចប់ជម្លោះនយោបាយខ្មែរទាំងបួនភាគី រួមមានភាគីខ្មែរក្រហម ភាគីហ្វុនស៊ិនប៉ិច ភាគីលោកតា សឺន សាន និងភាគីរដ្ឋកម្ពុជា​។

កិច្ចព្រមព្រៀងនេះ មានប្រទេសបារាំង និង ប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន និងមានប្រទេសជាហត្ថលេខី ចំនួន ជាង ១០ ប្រទេសផ្សេងទៀត។ ​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ធានា​អំពី “​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដីអព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា​” និង “​ការធានាការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ