ផលិតករភាពយន្តខ្មែរថាបន្តផលិត ទោះដឹងថាខាត

លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day ផ្ដល់បទសម្ភាសន៍ ក្នុងពិធីក្រុងពាលីរឿង«វិញ្ញាណស្នេហ៍»កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ វង្ស សុម៉ាលីន)

ក្នុងពិធីក្រុងពាលី​រឿង ​​«​វិញ្ញាណស្នេហ៍​» របស់​​ផលិតកម្ម​​​ B&S Good Day កាលពី​ថ្ងៃទី​​២៤ ខែតុលា ​ផលិតករ​​​របស់ភាពយន្តមួយនេះ បានថ្លែងបញ្ជាក់ថា ​ការ​ផលិត​ភាពយន្តរបស់ខ្លួន​ ​មិនសូវទទួលបាន​​​​ផលចំណេញ​កាក់​​កបនោះទេ ដោយសារតែការ​ផលិត​កើនឡើង ​​តម្លៃ​តួ​កើនឡើង ​​​​ហើយការចំណាយ​លើគុណភាពរឿង​ក៏ខ្ពស់​ជាងមុន ប៉ុន្តែ​ក្រឡេកមកមើលចំណូល គឺ​​​​​​នៅមានកម្រិត។ លោកថា ​​ផលិតករភាពយន្ត បើ​ផលិត​ដើម្បី​​បាន​ចំណាយ​​​គឺ​​​​កុំ​​ផលិត​​តែម្ដង ដោយសារតែភាពជាក់ស្ដែង ​​​គឺបណ្ដា​ទូរទស្សន៍ ដែល​ហ៊ានទិញ​ភាពយន្ត​ពី​ក្រុម​ផលិតករ​​​​ខ្មែរ នៅ​​មិនទាន់​ហ៊ាន​ថ្លៃ អោយដល់នឹងការចង់បានរបស់​ផលិតករខ្មែរនៅឡើយទេ។

​​លោក ប៊ុន ស៊ា ម្ចាស់ផលិត​កម្ម B&S Good Day និយាយថា សម្រាប់ការ​ផលិតភាពយន្ត លោកនៅតែ​មើល​ឃើញថា ​​មិនមាន​​​​​​​​ការ​ផលិតណាមួយដែលអាច​​​​​​​​​​​ជួយ​​អោយបណ្ដា​ក្រុម​ផលិតករ​​រក​លុយមាន​​បានធ្វើជា​​​ផល​ចំណេញ​​អោយដូច​​បណ្ដាក្រុមផលិតករ​​ក្រៅប្រទេសនោះទេ ដោយសារតែ​​​​​ស្ដង់ដានៅ​​​គ្រប់ទូរទស្សន៍នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមានលទ្ធភាពអោយ​ក្រុម​ផលិតករ​​​​​​​​​​តាមការទាមទា។ ​​​

លោកបានទាំងសរសើរថា ​ប៉ុស្ដិ៍លេខ​​៥​​ ហ៊ាន​ផ្ដល់តម្លៃក្នុងមួយភាគបានខ្ពស់ជាងបណ្ដា​​ប៉ុស្ដិ៍ខ្លះនោះផង ​​​​​​​​ដោយ​គ្រាន់​តែ​​​​​តម្លៃដែលលោកទទួលបាន ហើយថា បើ​​អោយ​​​មានបាននឹង​ការ​ផលិតរឿង​​​វិញ​ គឺមិនអាចនោះទេ។ លោក​​ថា​​​​​​​​ ការសម្រេចចិត្ត​បោះទុន​ផលិតរឿងនាពេល​​កន្លងមក លោក​​​​មិនដែល​ខ្វល់ពីការ​​​ខាត​​​ ឬបាន​ចំណេញ​តិច​​ច្រើន​នោះ​ទេ ទើបលោកនៅតែបង្ហាញការ​តស៊ូ ​ហើយ​បានសម្រេច​​បោះទុន​​ភាពយន្តភាគថ្មីរឿង ​«វិញ្ញាណ​ស្នេហ៍» ដែលមានជាង​​៣០ភាគ ទោះជាដឹងទុកមុនថា​ភាពយន្ត​នេះ ​​​​​​​នឹង​ចំណាយអស់ច្រើន ​​​ដែល​មិនអាច​អោយ​លោក​​បាន​សល់ផលចំណេញ​​​​ខ្ពស់​ពីការទទួលបានកម្រៃ​​​​​​​ពី​ប៉ុស្ដិ៍លេខ​​៥។

លោក អះអាងថា ​ការ​​ផលិតរឿងរាល់ថ្ងៃ ​​បើ​ស្រម៉ៃថា ចង់បានចំណេញប៉ុណ្ណេះ​ ឬ ចំណេញប៉ុណ្ណោះ គឺដឹងតែរឿង​នឹងមើលមិនកើតតែម្ដង អ៊ីចឹងហើយទើប​​ផលិតករមួយចំនួន បានងាក​ពីការ​​បោះទុន​ផលិតរឿងទៅ​​​​​ធ្វើជំនួញ​អ្វី​ផ្សេង ដើម្បីអោយចំណេញបានច្រើន។ មកទល់ពេលនេះ លោកសារភាពបានយកជំនួញខាងក្រៅមកទប់​​នាង​កា​រ​ចំណាយ​ក្នុងការ​ផលិត​ភាពយន្តជាប្រចាំ ​ដោយ​លោកបញ្ជាក់យ៉ាងខ្លីថា ​ជ្រុល​​បើក​ផលិតកម្ម និង​មាន​សកម្មភាព​ផលិតភាពយន្តទៅ​ហើយ គឺត្រូវតែបន្ត ដោយមិនអាច​​​ទុកអោយ​ផលិតកម្មស្ងប់ស្ងាត់បានទេ។ ​

លោក ប្រកាសជំហរតែមួយគត់ គឺ​​​​ផលិតភាពយន្តអោយមាន​គុណភាព ហើយមានសាច់រឿង​ល្អ អាច​ប្រកួត​ប្រជែង​​​បាន នៅក្នុងកាលៈទេសៈ ដែលមនុស្ស​​​​​​​​កាន់តែច្រើន​ចេះមើល​កុនជាងមុន ​និង​​ក្នុង​​ពេល​ដែល​ភាពយន្ត​ខាងក្រៅ​កាន់តែសម្រុក​ចូល​។ តាមរបាយការណ៍ត្រួស​ៗ លោក​​​​​​ថា ភាពយន្តរឿង «​វិញ្ញាណស្នេហ៍» នឹង​​ចំណាយ​អស់​ជាង​​​​​១០ម៉ឺនដុល្លារ ដែល​​ដើមទុននេះ ប្រសិន​បើយកទៅវិនិយោគ លើមុខជំនួញ​ផ្សេង គឺ​បាន​ចំណេញ​ និង​មិនហត់​ជាង​​កុន​ឆ្ងាយណាស់។ យ៉ាងណាមិញ លោកនៅតែ​តស៊ូ​ផលិត​​​​​​​​​​​​​ដោយកម្រោង​នឹង​ផលិតអោយ​​បាន​យ៉ាង​​តិច​​២រឿង​ក្នុងមួយឆ្នាំ ដើម្បីអោយ​​ស្នាដៃរបស់ផលិតកម្មលោកនៅតែមានវត្តមាន នៅលើ​កញ្ចក់ទូរទស្សន៍​នោះ​ផង។

លោក ប៊ុន ស៊ា បន្តថា ​​​ភាពយន្តរឿង ​​​«វិញ្ញសាស្នេហ៍» រហូតដល់ដើមឆ្នាំ​​២០១៩ ទើប​​ដំណើរការដាក់​បញ្ចាំង ដោយ​​​​​ការចំណាយថតទាំងស្រុង​​​នឹងប្រើពេល​​​យ៉ាងតិច​​៤ខែ។ លោកទទូចអោយ​គាំទ្រ​ស្នាដៃខ្មែរ ​​​ដើម្បី​អោយ​ក្រុម​ផលិតករ​ខ្មែរ ​​នៅតែមានកម្លាំងចិត្ត​​បន្តអាជីព​ផលិតរឿង ក៏ដូចជាដើម្បីលើកស្ទួយ​​​​វិស័យ​​ភាពយន្តខ្មែ​រ​ ដែលលោក​បង្ហើប​ថា​​បើ​មិនគាំទ្រទេ គឺមិនខុសពី​ធ្វើអោយភាពយន្តទាំងមូល​​​​​​​​បណ្ដាក់គ្នាដួលរំលំនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ