តុលាការ​ខេត្ត​ឧត្តរមានជ័យចោទ​ប្រកាន់​អភិបាល​ស្រុកមួយ​​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិឯកជន

អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិន​វិរៈ​យុទ្ធ។ (រូបភាព៖ បណ្ដាញសង្គម)

សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ចោទ​ប្រកាន់​អភិបាល​ស្រុក​អន្លង់វែង​ពី​បទ​ប៉ះពាល់​ដល់​កម្ម​សិទ្ធិ​ឯកជន​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ដែនដី​​ដែល​អភិបាល​ស្រុក​រូប​នេះ​គ្រប់គ្រង។

ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​១៧ ខែតុលា ដែល ​VOD ទើប​ទទួល​បាន​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក គង់ រតនា តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ជូន​ដំណឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស ខេង ពី​ការ​សម្រេច​របស់​អយ្យការ​ខេត្ត​ក្នុង​ការ​ចោទ​ប្រកាន់​អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិន​វិរៈ​យុទ្ធ​ ពីបទ​ ប៉ះពាល់​ដល់​កម្ម​សិទ្ធិ​ឯក​ជន តាម​មាត្រា ២៤៨ និងមាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល ដែល​ជន​នេះ​បាន​ប្រព្រឹត្តិ​នៅ​អូរជញ្ជៀន ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៨ ។

តាម​មាត្រា២៥៣ នៃ​ច្បាប់​ភូមិបាល លោក ហោ ជិន​វិរៈយុទ្ធ​អាច​ប្រឈម​នឹង​ការ​បង់​ប្រាក់​ពិន័យ​ពី​ ១លាន​៥សែន​រៀល​ ដល់ ២៥លានរៀល ឬ/និង​អាច​ដាក់​ពន្ធនាគារ​ពី៦ខែ ទៅ២ឆ្នាំ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង​រដ្ឋប្បវេណី​ដល់​ជន​រង​គ្រោះ​ផង​ដែរ។​

កាលពី​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១៨ អតីត​ប្រធាន​ផ្សារ​អន្លង់វែង​ថ្មី​លោក សេង ស៊ន់ បាន​ប្ដឹង​អភិបាល​ស្រុក​អន្លង់វែង​លោក ហោ ជិន​វិរៈយុទ្ធ និង​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​លោក គឹម គាវិន និង​មន្ត្រី​មួយ​ចំនួន​ទៀត​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ ដោយ​ចោទ​ប្រកាន់​អ្នក​ទាំងអស់​នោះ​ថា​បាន​ឃុបឃិត​គ្នា​វាស់​វែង​ដី​ផ្សារដែល​ជា​កម្មសិទ្ធិ​របស់​លោក​ដែល​ស្ថិត​ក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ​ទៅ​ធ្វើជា​កម្ម​សិទ្ធិ​របស់ពួកគេ​ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០ម៉ឺនដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ