តួកគី​គ្រោង​បង្កើត​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា

លោក ហ៊ុន​ សែន​ និងប្រធានាធិបតីនៃសាធារណរដ្ឋតួកគី អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ​ ឯកសារ​និងកិច្ចព្រមព្រៀងអនុស្សារណ:សំខាន់ៗចំនួន៨​ ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

សាធារណរដ្ឋ​តួកគី​សន្យា​ថា​នា​ពេល​ខាង​មុខ​ជើង​ហោះ​ហើរ​ធំ​មួយ​របស់​ខ្លួន​នឹង​ភ្ជាប់​មក​កាន់​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​បំណង​ក្នុង​ការ​រឹត​ចំណង​ទូត​របស់​ខ្លួន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ២៣ តុលា ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​សាធារណរដ្ឋ​តួកគី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​ប្រទេស​នេះ​ឲ្យ​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ជា​ការ​ឆ្លើយ​តប​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួកគី​លោក រ៉េ​ជីប ថា​យ៉ីប​អ៊ែ​ឌូ​ហ្គាន់ បាន​បញ្ជា​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ធ្វើការ​សិក្សា​លំអិត​ពី​ករណី​នេះ ខណៈ​នា​ពេល​ខាង​មុខ​ជើង​ហោះ​ហើរ​របស់​តួកគី​ Turkish Airline អាច​នឹង​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​ផង​ដែរ។

ក្រៅពី​ជំរុញ​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​ពី​តួកគី​មក​កាន់​កម្ពុជា ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើកិច្ច​សហប្រតិបត្តិការណ៍​ចំនួន​៨​ ដែល​ក្នុង​នោះ​ក៏​មាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការណ៍​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ។

តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរណ៍​ជនជាតិ​តួកគី​ជាង៨ពាន់​នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ ខណៈ​រយៈពេល៨​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​មាន​ជន​ជាតិ​តួកគី​ជាង​៥ពាន់​នាក់​ហើយ​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ