ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣០លាន​ដុល្លារ​ដើម្បី​ស្ដារ​ប្រព័ន្ធ​លូ​នៅ​រាជធានី​ភ្នំពេញ​

សកម្មភាពសាងសង់ប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)

រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិហៅ​កាត់​ថា​ JICA ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣០លានដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ស្ដារ​ប្រព័ន្ធ​លូរ​នៅ​តាម​ខណ្ឌ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យ VOD ដឹងថា នេះជាគម្រោងទី៤របស់រាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលជប៉ុន ដែលនឹងចាប់ផ្ដើមអនុវត្តនៅចុងខែវិច្ឆិកាខាងមុខ ដែលរួមមានការដាក់បណ្ដាញលូមេនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹក​នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំឡើងរបាមេកានិចស្វ័យប្រវត្តិប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្ដល់រថយន្តបូមទឹកចល័ត​ចំនួន ២គ្រឿង​ផងដែរ។

ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់លម្អិត​បាននៅឡើយទេ ដោយថា ក្រុមការងាររដ្ឋបាលរាជធានីដែលទៅដេញថ្លៃគម្រោងនេះនៅមិនទាន់ត្រឡប់ពីប្រទេសជប៉ុនវិញ​នៅ​ឡើយ​ទេ។

លោកថា៖ «ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែនៅប្រទេសជប៉ុនដេញថ្លៃ ដែលនេះគឺគ្រាន់តែជាព័ត៌មានបឋម អញ្ចឹងទាល់តែមួយថ្ងៃពីរថ្ងៃទៀតអីទើបគាត់ត្រឡប់មកវិញ ហើយយើងនឹងមានលទ្ធផលបន្ថែមទៀត ទើបអាចជម្រាបជូនទៅបាននេះគ្រាន់តែព័ត៌មានបឋមដូចដែលបានផ្សព្វផ្សាយប៉ុនហ្នឹងសិន»

មន្រ្តីកម្មវិធីរបស់អង្គការ JICA លោក សួន វាសនា បាន​ប្រាប់​VOD តាម​សារអេឡិចត្រូនិក​​ថា គម្រោង​នេះ​ត្រូវ​ការ​រយៈពេល​៣​ឆ្នាំ​ដើម្បី​បញ្ចប់ ហើយ​នឹង​មាន​គម្រោង​ផ្សេង​ទៀត​ ដើម្បីកាត់​បន្ថយ​ជំនន់​ទឹក​ភ្លៀង​ ក៏​ដូច​ជាគម្រោង​សម្អាត​​ទឹក​កខ្វក់​ក្នុង​ក្រុង​​ផង​ដែរ។

លោក​សរសេរ​ថា៖ «តាមរយៈគម្រោងកែលម្អប្រព័ន្ធលូក្នុងរាជធានីភ្នំពេញចំនួន លើករួចមក ស្ថានភាពទឹកជំនន់នៅក្នុងតំបន់គម្រោងត្រូវបានកែលម្អច្រើន តាមរយៈការថយចុះកម្រិត និងរយៈពេលនៃជំនន់ទឹកភ្លៀង ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ទាំងនេះ គម្រោងទាំងនេះក៏រួមចំណែកសំខាន់ដល់សេដ្ឋកិច្ច ដោយអាចបញ្ចៀសការខូចខាតផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីការជន់លិច ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអនាម័យ ដោយទប់ស្កាត់ជំងឺរាតត្បាតដែលបណ្ដាលមកពីរយៈពេលយូរនៃការជន់លិច និងការកកស្ទះចរាចរណ៍ដោយសារទឹកជំនន់»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ យល់​ថា​ គម្រោង​នេះ​ល្អ​សម្រាប់​រាជធានីភ្នំពេញ​ដែលបច្ចុប្បន្ន​​ជំនន់​ទឹក​ភ្លៀង​កំពុង​តែ​ចោទ​ជា​បញ្ហា​នោះ​ តែ​លោក​ឲ្យ​ជា​​យោបល់​​ថា ​រដ្ឋាភិបាល​គួរ​តែ​អនុវត្តន៍​គម្រោង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជៀស​វាង​​ប្រើ​ប្រាស់​លុយ​អស់​ហើយ​បែរជា​គ្មាន​ប្រសិទ្ធភាព​។

លោក​ថា៖ « ប្រសិទ្ធភាពយើងវាស់វែងជាមួយសូចនាករមួយដែលទាក់ទងនឹងការរំដោះទឹកចេញពីក្រុង។ អញ្ចឹង ប្រសិនជាការវិវត្តនេះ វាមានលទ្ធផលមួយ គឺមានផ្លូវរំដោះទឹកចេញពីទីក្រុង ពេលភ្លៀងជន់ហ្នឹង។ ខ្ញុំគិតថា នេះជាសូចនាករមួយដែលអាចបង្ហាញពីវឌ្ឍនភាព ក៏ប៉ុន្តែប្រសិនជាគម្រោងនេះអនុវត្តហើយ ចាយលុយអស់ហើយ ការជន់លិចភ្នំពេញនៅតែបន្ត អញ្ចឹង វាជារូបភាពមួយដែលយើងសង្ស័យអំពីការបរាជ័យដែល តែយើងចាំមើលទាំងអស់គ្នា»

កាលពី​ខែ​ វិច្ឆិកា ឆ្នាំ​២០១៥ ជប៉ុន-កម្ពុជា បាន​ប្រកាស​ដាក់​សម្ពោធ​គម្រោង​ការ​ពារទឹក​ជំនន់ និងកែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ ជំហាន​ទី៣​ ដែល​គម្រោង​នេះ​មាន​ការ​​សាងសង់​បណ្ដាញ​លូ​មេ​ជាង​ ២០​ម៉ែត្រ ផ្តល់រថយន្ត​បាញ់​ទឹក​សម្អាត​លូ​៤​គ្រឿង និង​ជំនួយ​បច្ចេក​ទេស​ដល់​អង្គភាព​លូទឹក​ផង​ដែរ។

បើតាម​JICA រហូត​មក​ដល់​ពេល​នេះ ជប៉ុន​បាន​ផ្តល់​លុយ​ដល់​កម្ពុជា​ប្រមាណ​ជាង​ ​១១០លានដុល្លារ​ហើយ​ដើម្បី​អនុវត្ត​គម្រោងទាំង​ ៤​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ