មិនធ្លាប់សម្ដែងសូម្បីម្ដង តែម្ចាស់ពានរូបនេះ ហក់បានតួឯក

កញ្ញា គង់ ស្រីពៅ ហៅ រ៉ូហ្សា ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំក្នុងរឿង«កូនអើយម្ដាយខ្មោច» កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ វង្ស សុម៉ាលីន)

ធៀបនឹងអ្នកសិល្បៈភាគច្រើន កញ្ញា គង់ ស្រីពៅ ដែលត្រូវគេស្គាល់ឈ្មោះក្នុងសិល្បៈថា រ៉ូហ្សា ប្រហែលជាមានសំណាងជាងគេហើយ ដោយសារតែនាងប្រឡូកសិល្បៈមិនទាន់បានប៉ុន្មានផង ទទួលបានទាំងតំណែងជាពិធីការិនីប្រចាំនៅទូរទស្សន៍ជាតិ និងបានទាំងតំណែងជាតួឯកក្នុងភាពយន្តខ្នាតធំក្នុងរឿង«កូនអើយម្ដាយខ្មោច»

កញ្ញា គង់ ស្រីពៅ ហៅ រ៉ូហ្សា ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំក្នុងរឿង«កូនអើយម្ដាយខ្មោច»កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ វង្ស សុម៉ាលីន)

ភាពយន្តរបស់នាងទទួលបានការសរសើរយ៉ាងខ្លាំង ដោយការបញ្ចាំងជូនទស្សនាក្នុងថ្ងៃបើកសម្ពោធកាលពីថ្ងៃទី២៤ តុលា ត្រូវបានគេលាន់មាត់ថាមានសាច់រឿងល្អ គុណភាពសំឡេងល្អ និងរូបភាពល្អ មិនចាញ់ភាពយន្តបរទេសផង។

កញ្ញា គង់ ស្រីពៅ ហៅ រ៉ូហ្សា និយាយថាកញ្ញា គឺជាម្ចាស់ពានក្នុងកម្មវិធី Khmer Super Model កាលពីឆ្នាំ២០១៦ ដោយក្រោយប្រលងជាប់ពាន កញ្ញាក៏មានទីផ្សារសិល្បៈតែម្ដង តែភាគច្រើនជាការថតស្ពត និងដើរម៉ូដ។ ដោយឡែកសម្រាប់ការថតរឿងនាងថាមិនមានអ្នកណាចាប់អារម្មណ៍អញ្ជើញអោយនាងបានសម្ដែងនោះទេ ទើបនាងមិនដែលមានឱកាសបានសម្ដែងទាល់តែសោះ ដោយនាងបានទាំងប៉ាន់ស្មានថាអាជីពជាអ្នកសិល្បៈរបស់នាងប្រហែលមិនអាចមានឱកាសក្នុងការសម្ដែងនោះផង។

យ៉ាងណាមិញ នាងសម្ដែងការភ្ញាក់ផ្អើល ដែលផលិតកម្មឯកភ្នំ បានជ្រើសអោយនាងសម្ដែងតួឯកកាលពីប៉ុន្មានខែមុន ខណៈដែលការសម្ដែងក្នុងរឿង«កូនអើយម្ដាយខ្មោច»នេះ គឺជាលើកទី១ក្នុងអាជីពសម្ដែងរឿង តែបានតួឯកតែម្ដង។

កញ្ញា គង់ ស្រីពៅ ហៅ រ៉ូហ្សា រួមជាមួយសិល្បករ-សិល្បការិនីផ្សេងទៀត ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំក្នុងរឿង«កូនអើយម្ដាយខ្មោច»កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ វង្ស សុម៉ាលីន)

កញ្ញាថាក្នុងភាពយន្តនេះ កញ្ញាត្រូវសម្ដែងពិបាកស្ទើរគ្រប់ប្លង់ ដោយប្លង់ដែលនាងយល់ថាសម្ដែងខុសច្រើនគឺឈុតត្រូវគេរំលោភ និងឈុតត្រូវថតជាមួយសត្វក្របី ដែលនាងអះអាងថាខ្លាចបំផុត។ ក្នុងនោះឈុតត្រូវថតពេលយប់ និងឈុតធ្វើខ្មោចជាដើម ក៏ពិបាកណាស់ដែរ តែនាងអាចទ្រាំ ដ្បិតថានាងមិនធ្លាប់សម្ដែងទាល់តែសោះ។ បើទោះជាមានការសរសើរថានាងសម្ដែងបានល្អ តែតារាស្រីពន្លកថ្មីរូបនេះ នៅតែអះអាងថាខ្លួនមានចំណុចខ្វះចន្លោះ ជាពិសេសក្នុងការត្រូវលេងទឹកមុខ និងឈុតដែលតម្រូវអោយនាងត្រូវបត់បែនច្រើនពីសប្បាយ មកកម្សត់ និងប្រែទៅជាកាចសាហាវជាដើម។

កញ្ញា រ៉ូហ្សា និយាយថា នាងនឹងតស៊ូអោយបានជោគជ័យក្នុងអាជីពពិធីការិនី និងអាជីពសម្ដែង ថ្វីតែនាងហាក់ថ្នឹកនឹងអាជីពដើរម៉ូដ ដែលនាងចាត់ទុកថាខ្លួនឯងជំនាញច្បាស់ជាង។ យ៉ាងណាមិញ នាងថាខ្លួនមិនកាន់ជំងឺតួឯកនោះទេ ដោយក្រោយបង្ហាញខ្លួនក្នុងតំណែងជាតួលេចធ្លោក្នុងរឿង«កូនអើយម្ដាយខ្មោច»នេះ ហើយគឺនាងនឹងទទួលសម្ដែងគ្រប់ទម្រង់ទាំងអស់ មិនថាជាតួរង ជាតួមួយឈុតពីរឈុតឡើយ។

នាងនិយាយថា«អ្នកខ្លះគេថាបើខ្ញុំសម្ដែងបានលេងតួឯកចឹងហើយ កុំលេងតួរងវិញ តែខ្ញុំប្រកាន់ជំហរហើយថាតួស្អីក៏សម្ដែងដែរ អត់ប្រកាន់ទេ ព្រោះខ្ញុំជាតួថ្មីចឹង ត្រូវសម្ដែងអោយសព្វគ្រប់តួសិនទើបអាចជោគជ័យក្នុងអាជីពលេងកុន!»។

នៅមិនទាន់មានផលិតករណាផ្សេងទាក់ទងអោយនាងសម្ដែងជាថ្មីនោះទេ តែនាងរំពឹងថាក្រោយភាពយន្តលើកដំបូងរបស់ខ្លួនត្រូវបានដាក់បញ្ចាំងគ្រប់រោងភាពយន្តបែបនេះ គឺពិតជាមានអ្នកចាប់អារម្មណ៍អោយនាងបានសម្ដែងក្នុងរឿងក្រោយឆាប់ៗ៕

កញ្ញា គង់ ស្រីពៅ ហៅ រ៉ូហ្សា រួមជាមួយសិល្បករ-សិល្បការិនីផ្សេងទៀត ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំក្នុងរឿង«កូនអើយម្ដាយខ្មោច»កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបថត៖ វង្ស សុម៉ាលីន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ