អតីតបេក្ខភាព The Voice Canada រំពឹង​ក្លាយជាតារាចម្រៀង​កម្ពុជាល្បីឈ្មោះ

កុមារា ឃុន អែនឌី កាន់តែត្រូវបានគេចាប់អារម្មណ៍ ដោយសារតែ​ប្អូន​​ត្រូវ​បានគេស្គាល់ថាជាកូនខ្មែរ ​ដែល​​បាន​​ចូល​ប្រលង​ក្នុងកម្មវិធី ​​The Voice Kids  Canada។ (រូបភាព៖ វង្ស សុម៉ាលីន)

មកទល់ពេលនេះ​ ​ដំណើរចុះមកដល់​​ប្រទេសកម្ពុជារបស់​​​ កុមារា ឃុន អែនឌី កាន់តែត្រូវបានគេចាប់អារម្មណ៍ ដោយសារតែ​ប្អូន​​ត្រូវ​បានគេស្គាល់ថាជាកូនខ្មែរ ​ដែល​​បាន​​ចូល​ប្រលង​ក្នុងកម្មវិធី ​​The Voice Kids​ Canada ​​ហើយបានល្បីពី​ការប្រលងមួយនោះ ​ជាពិសេស​ក្នុងពេលដែល​ប្អូន​​បាន​បង្ហាញ​បទ​​​ជាភាសាខ្មែរ​លើ​​ឆាក​ The Voice Kids Canada ហើយ​ទម្រាំ​​ធ្លាក់គឺបាន​បន្តដំណើរ​ដល់​វគ្គចុងក្រោយ​។ ​​ប្អូនបានបង្ហាញខ្លួនឡើង​ឆាកហង្សមាស និង​​​បានប្រកាសថា​នឹង​​​​​ផលិតបទចម្រៀងមួយចំនួន​​​​​​ជាភាសាខ្មែរ​​អោយបាន​យ៉ាង​ហោច​មួយចំនួន មុន​​​​ចាកចេញពី​កម្ពុជា។ ​

កុមារា ឃុន អែនឌី ​​បានថ្លែង​បញ្ជាក់ថា ​​​​​​​​ប្អូនបាន​មកដល់​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​​២៥ ​តុលា ដោយតាមគម្រោងលោក និងម្ដាយ​នឹង​​​​​ស្នាក់នៅ​កម្ពុជាចំនួន​​​១ខែ ដើម្បី​​​​​​មានពេល​ផលិតចម្រៀង​ដែលម្ដាយរបស់​ប្អូន បានទាក់ទង​​​ផលិតករ​រួចជាស្រេច​មុនពេល​ចុះមក។

​ប្អូនថា​​​​​​​​​​​​ខ្លួនមានឪពុកម្ដាយ​ជាជនជាតិខ្មែរ​ទាំងអស់​ ប៉ុន្តែដោយសារតែ​​​​បាន​​​ចាប់កំណើត និងធំធាត់នៅលើទឹក​ដីកាណាដា ទើប​​​​​​មិនសូវយល់ដឹង​ពី​​វប្បធម៌ខ្មែរ ប៉ុន្តែឪពុក​ម្ដាយនៅតែ​បង្រៀន​អោយប្អូនអាច​និយាយ​ខ្មែរ​បានមួយចំនួន ទោះជាមិន​ភ្លាត់។

ក្នុងនោះ​​ប្អូនប្រុស​​ក៏ចេះ​​​​​ច្រៀង​​​​​បទចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ​មួយចំនួន​ផងដែរ ទើប​ក្នុងពេល​ប្អូនមាន​ឱកាសចូលប្រលង​ក្នុងកម្មវិធី The Voice Kids Canada កាលពីឆ្នាំ២០១៦ ប្អូន​បាន​​​លើកយក​​បទ​របស់​​​​​​អធិរាជ​លោក ស៊ិន ស៊ីសាមុត ​​​បកស្រាយ​អោយ​​​​​គ្រូបង្វឹក និង​​​​​អ្នក​គាំទ្រ​​​​បានស្គាល់​​​បទខ្មែរនៅក្នុងពេលនោះ។ ប្អូនបានបង្ហាញពីមោទនភាព ដែល​ប្អូនគឺជាជនជាតិខ្មែរតែម្នាក់ដែល​បាន​​​​បង្ហាញខ្លួនក្នុង​​ការប្រលង ​​​The Voice Kids Canada កាលពីឆ្នាំ​​២០១៦ ហើយ​បាន​​​ឆ្លងចូល​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​ដែលធ្វើអោយ​​អន្តរជាតិបានស្កាល់​សមត្ថភាព​​របស់កូនខ្មែរ ​និងបទចម្រៀង​របស់ខ្មែរ​​​​​​​។

​​មកទល់ពេលនេះ ​ប្អូនទទួលបានការ​​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​​​​ត្រូវបាន​​​អ្នករៀបចំ​កម្មវិធីប្រគំតន្ត្រីតូចធំ​​​​​ច្រើនឡើងនៅក្នុងប្រទេស​កាណាដា ជាពិសេស​កម្មវិធីដែល​​​រៀបចំ​ដោយ​ជនជាតិខ្មែរ ​អញ្ជើញអោយប្អូន​បាន​ធ្វើ​ជាតារា​ចម្រៀង ដើម្បីអោយប្អូន​​​​​ឡើងច្រៀង​​ទាំង​​បទ​​​​អង់គ្លេស និង​បទខ្មែរ​ដែល​ប្អូន​​​ចេះចាំ។ ​​អ៊ីចឹង​ហើយ ទើបម្ដាយរបស់​​ប្អូន គឺអតីតតាចម្រៀង ឃុន វណ្ណា ​សម្រេច​ចិត្ត​ដឹក​ដៃ​ប្អូនចុះមក​កម្ពុជា នៅក្នុងពេលនេះ ដើម្បី​មក​ផលិត​​បទចម្រៀង​​​​មួយចំនួន​​​​​​ទុក​គ្រាន់​បង្ហោះ​​នៅលើយូធូប និង​គ្រាន់ឡើងឆាក​​​​​​​​​​នៅលើទឹកដីអាមេរិក។ ​

នៅមិនទាន់ដឹងថា​តើ​​នឹងមាន​ប៉ុន្មាន​​ត្រូវបាន​​ផលិត​​រួចរាល់ មុនពេល​ប្អូនចាកចេញ​ពីកម្ពុជា​នោះទេ ​ដោយ​តាមគម្រោង​គឺមានច្រើន​បទ ប៉ុន្តែលុះត្រា​តែបទ​ណា​ដែលប្អូន​ថត​​ហើយ យល់ថា​​​​​ទទួលបាន​ការគាំទ្រខ្ពស់ ទើបសម្រេចដាក់បង្ហោះ។ យ៉ាងណាមិញ ប្អូនជឿជាក់ខ្លាំង​​ថា​នឹង​ទទួល​​បាន​ឱកាស​ល្បីឈ្មោះ​​ ដោយសារតែក្រោយ​​​​​​ក្លាយ​ជាអតីតបេក្ខភាពក្នុងកម្មវិធី The Voice Kids Canada និង​​​ត្រូវគេដឹងថា​ប្អូនគឺជាជនជាតិខ្មែរ គឺសន្ទុះ​ចាប់អារម្មណ៍​​មានច្រើន​​ទាំង​​នៅ​កាណាដា អាមេរិក និង​​​​នៅកម្ពុជា​​​។ ​​​ប្អូនប្រុស ​ឃុន ​​អែនឌី បន្តថា ​​​ប្អូននឹងដើរ​តាម​គន្លងម្ដាយ​ដោយនឹង​ផលិតបទចម្រៀងជា​​ភាសាខ្មែរ និង​បទ​​​​និពន្ធ​ថ្មីជា​ភាសា​បរទេស​​​អោយបានច្រើន​ ដោយសារតែ​ក៏ចេះ​​​​​​​​​​​​៥ភាសាអាចប្រើការ​បាន គឺភាសា​អង់គ្លេស​ ភាសាបារាំង អេស្ប៉ាញ និង​​​ភាសា​​ខ្មែរ​ ដែលជាភាសា​កំណើតរបស់​​ឪពុកម្ដាយ​។

អ្នកស្រី ឃុន វណ្ណា អតីតារាចម្រៀង​នៅកម្ពុជាកាលពីអំឡុង​ឆ្នាំ​​​១៩៨០ បានថ្លែងបញ្ជាក់ថា ​​អ្នកស្រីចង់ជំរុញអោយកូន​របស់ខ្លួន​បន្តអាជីពចម្រៀង ទើប​​​​លើកទឹកចិត្តអោយកូន​​​​ចូលប្រលងក្នុងកម្មវិធី The Voice Kids Canada តែមិននឹកស្មានថា​​​​កូនប្រុស​​របស់ខ្លួន ​​​​​​បានឈានដល់វគ្គ​ផ្ដាច់ព្រ័ត្រ​នោះទេ។ គាប់ជួនជា​ក្រោយការ​ប្រលង​​​ ​​​​​​​​កូន​​របស់អ្នកស្រីក៏មានទីផ្សារ​ក្នុង​ចេញច្រៀងជាហូរហែរ​ផង គឺកាន់តែ​​ជំរុញអោយអ្នកស្រី​ត្រូវតែទាក់ទង​ផលិតករនៅកម្ពុជា​​​​​ផលិតបទចម្រៀង​អោយកូនបានច្រៀងទៅទៀត ដោយ​អ្នកស្រីនឹង​​​ចំណាយ​ធនធាន​ផលិតបទ​​​ជាភាសាខ្មែរអោយកូនប្រុស​បានច្រៀង​​ ដើម្បីអោយ​មានការចាប់អារម្មណ៍ពីសំណាក់​បងប្អូនខ្មែរទាំំងនៅកាណាដា អាមេរិក និង​កម្ពុជា៕ ​​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ