អាជ្ញាធរខេត្តកណ្តាលប្រាប់ឲ្យពលរដ្ឋរស់នៅតាម​ដងផ្លូវចំនួន​១២រំកិលចេញយ៉ាងតិច១៥ម៉ែត្រពីអ័ក្សផ្លូវ

សកម្មភាពសំអាតផ្លូវនៅក្នុងខេត្តកណ្តាល(រូបពីមន្ទីរសាធារណៈការខេត្តកណ្តាល)

មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល នឹងសម្អាតដីចំណីផ្លូវនៅតាមផ្លូវជាតិនិងផ្លូវខេត្តចំនួន១២ខ្សែ ដោយសំណូមពរឲ្យអ្នកមានលំនៅដ្ឋាន ឬបាននិងកំពុងសាងសង់តូបប្រកបអាជីវកម្មផ្សេងៗនៅតាមផ្លូវទាំងនោះ រំកិលយ៉ាងតិច១៥ម៉ែត្រពីអ័ក្សផ្លូវចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៣វិច្ឆិកា។

តាម​សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាលចេញកាលពីម្សិលមិញ​ ផ្លូវជាតិនិងផ្លូវខេត្តទាំងនោះរួមមាន ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១៤ ផ្លូវជាតិលេខ២០បេ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១អា ផ្លូវជាតិលេខ២១បេ ផ្លូវជាតិលេខ៣៤ ផ្លូវលេខ១១០ និងផ្លូវលេខ១៥១អា។

អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា ប្រាប់ VOD នៅថ្ងៃម្សិលមិញថាការប្រើប្រាស់ដីចំណីថ្នល់មានទូទាំងប្រទេស ហើយកន្លងមកចេះតែមានការសម្រុះសម្រួលទើបប្រជាពលរដ្ឋចេះតែប្រើប្រាស់ផ្លូវចំណីថ្នល់នេះតទៅទៀត។

លោក វ៉ាស៊ឹម សុរិយា មានប្រសាសន៍ថា​ «អានេះបើយើងនិយាយទៅតាមច្បាប់គឺគាត់ត្រូវតែរើចេញ! ព្រោះជាទូទៅតើគាត់មានច្បាប់ឬអត់នៅលើហ្នឹង? អញ្ចឹងបានន័យថានៅកន្លែងខ្លះគាត់អនុវត្តន៍មិនគោរពទៅតាមច្បាប់អញ្ចឹងទៅណា។ បាទ! ជាទូទៅគឺអាហ្នឹងអត់មានសំណងទេ!»

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថារដ្ឋគួរតែផ្តល់សំណងដល់ពលរដ្ឋប្រសិនជាមានការរុះរើប្រភេទសំណង់រឹងពីដីចំណីថ្នល់ ដោយថាបរិបទកម្ពុជាពលរដ្ឋខ្វះព័ត៌មានពីច្បាប់ ហើយច្បាប់ខ្លះកើតក្រោយការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក សន ជ័យ មានប្រសាសន៍ថា៖ «គេហៅថាច្បាប់ច្បាប់កើតក្រោយការរស់នៅរបស់ប្រជាពលរដ្ឋ អញ្ចឹងទៅប្រជាពលរដ្ឋចៀសមិនរួចពីផលប៉ះពាល់ទេ។ គួរតែជាសំណងក្នុងចំណុចណ្តាលមួយដើម្បីឲ្យប្រយោជន៍សាធារណៈហ្នឹងវាមិនបង្ករការឈឺចាប់ធ្ងន់ធ្ងរទៅដល់អ្នកដែលរងផលប៉ះពាល់ណា៎»

តាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល​ដដែល ចាប់ពីថ្ងៃទី១៤ វិច្ឆិកា មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តនេះនឹងចាប់ផ្តើមពង្រីកចិញ្ចើមផ្លូវរហូតដល់១៥ម៉ែត្រពីអ័ក្សផ្លូវទាំងនោះ។ ដោយឡែកនៅថ្ងៃទី៣០វិច្ឆិកា ទើបមន្ទីរចាប់ផ្តើមពង្រីកចិញ្ចើមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខលេខ១៤ ផ្លូវលេខ១១០ និងផ្លូវលេខ១៥១អា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ