គ្រួសារស្រ្តីពពោះជំនួសព្រមចិញ្ចឹមទារកជាថ្នូរដោះលែងក្រៅឃុំ

ស្រ្តីម្នាក់ឈ្មោះ ស្រីអូន អាយុ៥០ឆ្នាំ ជាម្តាយក្មេករបស់ស្រ្តីពពោះជំនួសក្នុងចំនោមស្ដ្រីរកស៊ីពពោះជំនួសផ្សេងទៀត ផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារ វីអូឌី។ (រូបភាព៖ យន់ ស៊ីនាត)

ស្ត្រីពពោះជំនួស៣២នាក់អាចនឹងដោះលែងក្រៅឃុំដើម្បីជួបជុំគ្រួសារវិញបន្ទាប់ពីពួកគេមានការប្តេជ្ញាចិត្ត ថានឹងចិញ្ចឹមទារកដែលពួកគេបានពពោះជំនួស ដោយមិនបញ្ជូនទារកទាំងនោះទៅក្រៅប្រទេស។

ក្រុមគ្រួសារស្រ្តីស៊ីឈ្នួលពពោះជំនួសបានទទូចឲ្យតុលាការនិងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយអន្តរាគមន៍ដោះលែងស្រ្តីទាំងនោះឲ្យមានសេរីភាពវិញ ដោយពួកគេអះអាងថា ពួកគេមិនបានដឹងការពពោះជំនួសជាអំពើខុសច្បាប់ ហើយសន្យាថានឹងមិនបញ្ជូនទារកទាំងអស់នោះ​​ទៅឲ្យជបរទេសដែលជួលពួកគេនោះទេ។

ស្រ្តីម្នាក់ឈ្មោះ ស្រីអូន អាយុ៥០ឆ្នាំ ជាម្តាយក្មេករបស់ស្រ្តីពពោះជំនួសបានប្រាប់ វីអូឌីថា បន្ទាប់ពីកូនប្រសាររបស់អ្នកស្រីត្រូវបានចាប់ខ្លួន ក្រុមគ្រួសារបានជួបនិងសន្យាដល់សមត្ថកិច្ចនិងមន្រ្តីអង្គការមេត្រីអន្តរជាតិ (AIM) ថាពួកគេនឹងចិញ្ចឹមទារកនេះឲ្យធំធាត់ ហើយស្នើឲ្យមានការដោះលែងក្រៅឃុំស្រ្តីជាម្តាយដែលពពោះជំនួស។

អ្នកស្រី ស្រីអូន បាននិយាយថា៖ « ខ្ញុំឆ្លើយថាពេលចេញក្រៅឃុំអញ្ចឹង កូនហ្នឹងខ្ញុំត្រូវស្រឡាញ់ដូចកូនបង្កើត ចៅបង្កើត ត្រូវស្រឡាញ់ក្មេងអញ្ចឹងទៅ»។

អ្នកស្រីបានបន្ថែមថា ពេលនេះទារកកើតបានពីរខែហើយ ក្រុមគ្រួសារពិតជាចង់ចិញ្ចឹមទារកពិប្រាកដមែន៖

«យើងឆ្លើយ មិនមែនជាការឆ្លើយឲ្យរួចតែពីដៃដើម្បីឲ្យកូនយើងបានចេញក្រៅឃុំនោះទេ អត់ទេនេះជាការឆ្លើយពិត គឺខ្ញុំស្រឡាញ់ក្មេងហ្នឹង ហើយកូនខ្ញុំវាក៏ស្រឡាញ់ដែរ»។

ការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនស្រ្តីពពោះជំនួស៣២នាក់ និងមនុស្ស៥នាក់ទៀតជាមេខ្យល់ ក្នុងនោះមានជនជាតិចិនម្នាក់។ បន្ទាប់ពីឃាត់ខ្លួនពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញដោយមានការការពារពីមន្រ្តីមណ្ឌលកែប្រែ២ (ម២). ស្រ្តីជាង១០នាក់បានសម្រាលកូន ហើយអ្នកខ្លះសម្រាលបានកូនភ្លោះ។

នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ ហៅកាត់ថា​ AIM ប្រចាំនៅកម្ពុជា លោក ដុន ប្រ៊ូស្ទ័រ​ (Don Brewster) បានមានប្រសាសន៍ថា អង្គការរបស់លោកកំពុងធ្វើការ​​​ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីបណ្តុះបណ្តាលដល់ស្រ្តីទាំង៣២នាក់ ឲ្យយល់ពីបញ្ហការជួញដូរមនុស្ស និងការពពោះជំនួស ហើយអង្គការបានផ្តល់អាហារ និងការចំណាយផ្សេងៗ ដល់ស្រ្តីនិងទារកទាំងនោះ ដែលកំពុងនៅក្នុងមន្ទីរពេទ្យ។

លោក​ ដុន ប្រ៊ូស្ទ័រ បានបន្តថា ស្រ្តីទាំងនោះអាចដោះលែងក្រៅឃុំប្រសិនបើពួកគេមានឆន្ទៈ ក្នុងការចិញ្ចឹមទារកទាំងនោះ។

លោក​ ដុន ប្រ៊ូស្ទ័រ បានមានប្រសាសន៍ថា៖ «ពួកគេអាចនឹងត្រូវមានសេរីភាព​​​ក្រោយពីមានភស្តុតាងឬការវាយតំលៃជាក់លាក់ ថាពួកគេពិតជាចង់ចិញ្ចឹមថែទាំក្មេងទាំងនោះពិតប្រាកដ។​​​ តែយើងមិនអាចប្រាកដបានទេថាពួកគេមានឆន្ទៈពិតប្រាកដដើម្បីចិញ្ចឹមបីបាច់ក្មេងទាំងនោះទេ ហេតុដូច្នេះទើបគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងអនីតិជន នឹងមានយន្តការណ៏ក្នុងការត្រួតពិនិត្យតាមដាន ប្រសិនបើពួកគេត្រូវទៅរស់នៅក្នុងសហគមន៏របស់ពួកគេវិញជាចាំបាច់ដើម្បីធានាថាក្មេងទាំងនោះមិនត្រូវបានពួកគេជួញដូរក្រោយពួកស្ត្រីទាំងនោះមានសេរីភាព»។

ស្ត្រីពពោះជំនួសម្នាក់ឈ្មោះក្រៅថា ម៉ាលី សម្រាលបានកូនប្រុសម្នាក់ ហើយកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ បានប្រាប់វីអូឌីថា អ្នកស្រីស្រឡាញ់និងមានភាពស្និទ្ធស្នាលជាមួយកូនប្រុសដែលទើបកើត ជាងកូនដំបូងរបស់អ្នកស្រី។ អ្នកស្រីនិងក្រុមគ្រួសារនឹងចិញ្ចឹមទារកនេះ ហើយប្តីនិងកូនកំពុងរង់ចាំនៅផ្ទះ ប៉ុន្តែអ្នកស្រីមិនទាន់ប្រកដថា ពេលណានឹងដោះលែងនោះទេ។

អ្នកស្រី ម៉ាលី បាននិយាយថា៖ «ពាក្យនេះដូចជាពិបាកម៉្លេះ!​ ខ្ញុំមិនដឹងថាពេលណាទេតែធ្លាប់ឮអ្នកយាមប្រាប់ថាភ្ជុំរួច តែឥឡូវមិនទាន់ឮដំណឹងអីទៀតផង»។​

អនុប្រធាន​​​អចិន្ត្រៃយ៍របស់គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្សនិងអនីតិជន លោកស្រី ជូ ប៊ុនអេង បានប្រាប់វីអូឌីថា​​​ មេធាវីការពារឲ្យស្រ្តីទាំង៣២នាក់កំពុងរៀបចំឯកសារដាក់ទៅតុលាការ​​​ដើម្បីពិចារណាឲ្យបន្ធូរបន្ថយទោស ក៏ដូចជាដោះលែងក្រៅឃុំបណ្តោះអាសន្នផងដែរ ហើយអ្នកស្រីសង្ឃឹមថាតុលាការនឹងពិចារណាលើចំនុចទាំងនេះ។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា៖​​​ «ខ្ញុំចង់និយាយថា នឹងឲ្យតុលាការពិចារណា ​​​គេនឹងមិនកម្រិតទោស ម៉ាកស៊ីម៉ូម (maximum) ដល់ថ្នាក់៧ឆ្នាំ ១៤ឆ្នាំនោះទេ មិនមែនថាគាត់រួចខ្លួននោះទេ។ អញ្ចឹងលក្ខខណ្ឌវាអាស្រ័យតុលាការពិចារណាទៅអ្វីដែលគាត់ប្រព្រឹត្តិ វាត្រូវមានទោសកម្រិតណា?»

តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ស្រ្តីស៊ីឈ្នួលពពោះជំនួស៣២នាក់ ដោយចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ដែលស្ថិតក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស​​​និងអំពើធ្វើអាជីវកម្ម។

សមត្ថកិច្ចបញ្ជូនស្ត្រីរកស៊ីពពោះជំនួស ទៅតុលាការ ព្រឹកថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ