កាសែត​ចុះផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ និង​វៀតណាម​ម្នាក់​ស្លាប់​អំឡុង​ពេល​ជាប់​ឃុំ​នៅប៉ុស្តិ៍​តម្រួត​ថៃ

ប៉ូលីសថៃយកស្នាមម្រាមដៃរបស់ជនសង្ស័យម្នាក់នៅក្នុងបន្ទប់ឃុំឃាំង ក្រោយបុរសជនជាតិខ្មែរម្នាក់និងវៀតណាមម្នាក់ត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់ឃុំឃាំងនៅក្នុងប្រទេសថៃកាលពីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។ រូបថតរបស់ Reuters / Kham

សារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​ថា បុរស​ខ្មែរ​ម្នាក់ និង​វៀតណាម​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ពេល​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​របស់​សមត្ថកិច្ច​ថៃ ប៉ុន្តែ តម្រួត​ថៃ​ត្រូវ​បាន​ដាក់​ពិន័យ​តិច​តួច​ប៉ុណ្ណោះ។

សារព័ត៌មាន VN Express បាន​ចុះ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ថា នគរបាល​អន្តោប្រវេសន៍​ជាន់​ខ្ពស់ ២​រូប​ នៃ​ការិយាល័យ​អន្តោប្រវេសន៍​ថៃ នៅ​សង្កាត់​សាថន ក្នុង​ក្រុង​បាងកក បាន​ត្រឹម​តែ​ទទួល​ទណ្ឌកម្ម​វិន័យ​តែ​ប៉ុណ្ណោះ សម្រាប់​ការ​ស្លាប់​បុរស​ជន​ជាតិ​ខ្មែរ​ឈ្មោះ សាគី ​វ័យ ៥៥​ឆ្នាំ និង​ជន​ជាតិ​វៀតណាម​ឈ្មោះ Robat វ័យ ៧២​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ បុរស​ទាំង​ ២​នាក់​នោះ ត្រូវ​បាន​នគរបាល​ថៃ​ចាប់​ខ្លួន​អំឡុង​ពេល​ប្រតិបត្តិការ​យ៉ាង​ធំ​មួយ​ បង្ក្រាប​​លើ​ជន​អន្តប្រវេសន៍​ខុស​ច្បាប់ ហើយ​ក៏​ត្រូវ​បាន​ដាក់​ឃុំ​ខ្លួន​ជាមួយ​មនុស្ស ១៣​នាក់​ផ្សេង​ទៀត។

ដោយ​បាន​ដក​ស្រង់​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន The Nation របស់​ថៃ​ផង​នោះ សារព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​បន្ត​ថា ជន​ជាប់​ឃុំ​ម្នាក់ បាន​កត់​សម្គាល់​ឃើញ​ថា បុរស​ខ្មែរ និង​វៀតណាម ពុំ​បាន​ដក​ដង្ហើម​នោះ​ឡើយ ហើយ​ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន។

ការ​ធ្វើ​កោសលវិច្ឆ័យ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​ធ្វើ​ឡើង ប៉ុន្តែ មូល​ហេតុ​នៃ​ការ​ស្លាប់​បុរសទាំង ២​នាក់​នោះ មិន​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​នោះ​ឡើយ។

រី​ឯ​តម្រួត​ថៃ​ ២​នាក់ ដែល​ឃ្លាំ​មើល​ជន​ជាប់​ឃុំ​ទាំង ២​នាក់​នោះ មិន​ត្រឹម​តែ​មិន​អាច​ធានា​សុវត្ថិភាព​ដល់​ជន​ជាប់​ឃុំ​ទេ ប៉ុន្តែ ក៏​មិន​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​លើ​ដែរ។

តម្រួត​ថៃ​ទាំង ២​នាក់​នោះ ត្រូវ​បាន​ផ្ទេរ​ការងារ​ឲ្យ​ទៅ​បម្រើការ​នៅ​តាម​តំបន់​ព្រំដែន។

​ជន​អន្តោប្រវេសន៍​មួយ​ចំនួន​ បាន​ស្លាប់​ដោយសារ​មូលហេតុ​ផ្សេងៗ​អំឡុង​ពេល​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ប្រទេស​ថៃ​នៅ​មិន​ទាន់​ផ្ដល់​សច្ចាប័ន​ដល់​​អនុសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ឡើយ​ទេ ហើយ​ប្រទេស​នេះ​ក៏​មិន​ទទួល​ស្គាល់​ស្ថានភាព​ជន​ភៀស​ខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ