របាយការណ៍៖ សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹត​ត្បិត​

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

អង្គការ​អន្តរជាតិ​មួយ​បាន​វាយ​តម្លៃ​សេរីភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​ គឺ​នៅតែ​មាន​ការ​រឹតត្បិត​នៅ​ឡើយ នឹង​​បាន​ធ្លាក់​៣​ពិន្ទុ​បើ​ធៀប​នឹង​ឆ្នាំ​មុន។

ក្នុង​របាយការណ៍​របស់​អង្គការ ​Freedom House ដែល​មាន​ចំណង​ជើង​ថា​ Freedom on net 2018 ឬ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​២០១៨ បាន​ផ្ដល់​ពិន្ទុ​ដល់​កម្ពុជា ​៥៥​លើ​១០០​ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤៤​លើ​៦៥ប្រទេស លើស​ពី​នេះ​ទៀត​Freedom House បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ជា​បន្ត​បន្ទាប់​ចាប់​ពី​ឆ្នាំ​២០១៤មក​ ដែល​ពេល​នោះ​កម្ពុជា​ទទួល​បាន​ពិន្ទុ ៤៧លើ​១០០។

ក្នុង​ចំណាត់​ថ្នាក់​នេះ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​ដែល​មាន​សេរីភាព​អ៊ីនធឺណិត​ដោយ​ផ្នែក ហើយ​បើ​ធៀប​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កម្ពុជា​ស្ថិត​ក្រោម​ប្រទេស​ហ្វីលីពីន សាំងហ្គាពួរ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

របាយការណ៍​នោះ​បាន​លើក​ថា សេរីភាព​របស់​ប្រជាជន​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​កាន់​តែ​ប្រសើរ ដោយ​ថា​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​មាន​លទ្ធភាព​ប្រើ​ប្រាស់ ​Smart Phone ដែល​អាច​ចូល​ប្រើ​អ៊ីនធឺណិត​បាន ខណៈ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​កាន់​តែ​ច្រើន​ផង​ដែរ តែ​ជាមួយ​ការ​រីក​ចំរើន​នេះ​គេហទំព័រ​មួយ​ចំនួន​ត្រូវ​បាន​រាំង​ខ្ទប់ ហើយ​មាតិកា​មួយ​ចំនួន​​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​មាន​វិធានការ​ច្រោះ ឬ​ហាមឃាត់​ផង​ដែរ។

របាយការណ៍​ដដែល​នោះ​​បន្ថែម​ថា ក្រៅ​ពី​វិធានការ​ទាំង​នេះ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​បណ្ដាញ​សង្គម​ក៏​ត្រូវ​បាន​រឹតត្បិត​ផង​ដែរ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​ទៅ​នឹង​អ្នក​បញ្ចេញ​មតិ​ដែលមាន​និន្នាការ​​មិន​ស្រប​តាម​រដ្ឋាភិបាល ហើយ​សកម្មភាព​នេះ​គឺ​កាន់​តែ​ខ្លាំង​ក្លា​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​រំលាយ។

របាយការណ៍​នោះ​លើក​ឡើង​ថា៖ « សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​យ៉ាប់យ៉ឺន​ដោយសារ​តែ​ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​ទៅ​លើ​សង្គម​ស៊ីវិល និង​សំឡេង​រិះគន់។ ការ​រឹត​បន្តឹង​ច្បាប់​ថ្មី​ស្តី​ពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​បាន​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​សកម្មភាព​អ៊ីនធឺណិត​របស់​ពួកគេ​ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​តែ​មាន​ការ​ត្រួត​ពិនិត្យ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង» ។

អ្នក​នាំ​ពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​លោក អ៊ឹម វុត្ថា បាន​បដិសេធ​ចំពោះ​ការ​វាយ​តម្លៃ​របស់​Freedom House នេះ​ដោយ​ថា​អង្គការ​នេះ​ចេញ​របាយការណ៍​តាម​តែ​ការ​នឹក​ឃើញ​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​លោក​បាន​ឆ្លើយ​តប​ថា ​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​អ្វី​ដែល​រដ្ឋាភិបាល​មាន​វិធានការ​កន្លង​មក​នេះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់។

លោកថា៖ « តើ​មាន​វេប​សាយ​ប៉ុន្មាន​ដែល​រដ្ឋបាន​បិទ​នោះ អំបាញ់​មិញ​និយាយ​រឿង​Cambodia Daily មួយ Cambodia Daily មិន​ពាក់​ព័ន្ធ​នឹង​រឿង​បិទ​សិទ្ធិ​ទេវា​ពាក់ព័ន្ធ​រឿង​គាត់​មិន​បង់​ពន្ធ​ជូន​រដ្ឋ គាត់​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​មួយ​បែរ​ជា​មិន​គោរព​ច្បាប់ អា​ហ្នឹង​វា​ខុស​នឹង​ច្បាប់​ហ្នឹង! មិនមែន​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ហ្នឹង​ណា។ ហើយ​សួរ​ថា​តើ​កម្ពុជា​មាន​បិទ​មិន​ឲ្យ​ប្រជាជន​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម ឬ​ក៏​ក្នុង​វេប​សាយ វេប​អី​ឯណា? ប៉ុន្តែ​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​សូម​កុំ​ឲ្យ​ទៅ​ប៉ះពាល់​ច្បាប់​ប្រទេស​ដែល​បាន​ហាម​ឃាត់​តែ​ប៉ុហ្នឹង​គឺ​ចប់​ហើយ​ » ។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​ការ​រក​ឃើញ​របស់​freedom House នេះ​គឺ​អាច​ទទួល​យក​បាន ខណៈ​លោក​លើក​ឡើង​ថា​​ចាប់​តាំង​​ពី​ឆ្នាំ​២០១៤មក សិទ្ធិ​បញ្ចេញ​មតិ​របស់​ពល​រដ្ឋ​នៅ​លើ​បណ្ដាញ​សង្គម​​ហាក់​ត្រូវ​បាន​រឹតត្បិត​កាន់​តែ​ខ្លាំង​។

លោក​ថា៖ « បញ្ហា​អនុវត្តន៍​ច្បាប់​វា​ជា​រឿង​មួយ​ហើយ ក៏​ប៉ុន្តែ​យើង​ត្រូវ​ឲ្យ​និយម​ន័យ​ឲ្យ​បាន​ច្បាស់លាស់ ទៅ​លើ​បទ​ល្មើស​ក្នុង​ការ​អនុវត្តន៍​ច្បាប់ ដូចជា​បទល្មើស​នៃ​ការ​ញ៉ុះញ៉ុង​ឬក៏​បរិហារ​កេរ្តិ៍​បរិហារ​បង្កាច់​គេ​ជា​ដើម ត្រូវ​ឲ្យ​និយម​នៃ​ឲ្យ​បាន​ច្បាស់លាស់​ថា​អ្វី​ជា​បទ​ញ៉ុះញ៉ុង​អ្វី​ជា​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ឲ្យ​បាន​ច្បាស់​លាស់បើ​មិន​អញ្ចឹង​ទេ គឺ​ការ​បក​ស្រាយ​ច្បាប់​គឺ​កាន់​តែ​ពន្លាត​ធំ​ហើយ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ » ។

លោក​ អំ សំអាត ឲ្យ​ជា​យោបល់​ថា​រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន និង​កែ​លំអ​រនូវ​​ចំណុច​ខ្វះ​ខាត​ទាំង​នេះ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ពល​រដ្ឋ ក៏​ដូចជា មុខ​មាត់​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ​ផង​ដែរ។

បើ​តាម​របាយការណ៍​ Freedom on net 2018 នេះ​ប្រទេស​៣​ដែល​ជា​មាន​ចំណាត់​ថ្នាក់​សេរីភាព​អ៊ីនធឺណិត​ល្អ​ជាង​គេ​មាន​ អ៊ីស្លង់ អេស្តូនី និង​កាណាដា ខណៈ​ប្រទេស​ ស៊ីរី អេត្យូពី អ៊ីរ៉ង់ និង​ចិន មាន​ចំណាត់​ថ្នាក់​អាក្រក់​បំផុត។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​៧០​ភាគ​រយ​នៃ​ប្រជាជន​សរុប​ជាង១៦លាន​នាក់​មាន​លទ្ធភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ក្នុង​នោះ​គណនី​ហ្វេសប៊ុក​មាន​ជិត​៧លាន​គណនី៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ