ចាន់ ផល្លា ប្រកាស​ប្ដូរអាជីព

ពិធីការិនី​​​​​​ អ្នកនាង ចាន់ ផល្លា ក្រោយផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត។ (រូបភាព៖ វង្ស សុម៉ាលីន) ​​

តាំងពីបានប្រឡូកក្នុងអាជីពសិល្បៈ គេកត់សម្គាល់ថា​​​​​​អ្នកនាង ចាន់ ផល្លា ​​លេចធ្លោគួរអោយកត់សម្គាល់​​ក្នុង​​អាជីពជាពិធីការិនី ដោយក្រៅពីមាន​សំឡេងស្រួយស្រេះ​​​​ខុសដាច់ពីពិធីការិនី​​ទាំងឡាយ អ្នកនាងក៏​មានចរឹត​​ស្រគត់ស្រគំបែបខ្មែរ និងមានត្រេមុខ​​ធម្មជាតិស្រស់ស្អាត​ផង។ ​​​ប៉ុន្តែនៅក្នុងពេលនេះ​​ អ្នកនាងបែរជាប្រកាស​​ផ្លាស់ប្ដូរអាជីព​​​​​វិញម្ដង ​​​​​​បើទោះជា​មិនទាន់ដឹង​​​​​ថានឹងជួយអោយអ្នកនាង​​ទទួលបានជោគជ័យ​​​​​ដូចគ្នា​​អាជីពពិធីការិនី។

អ្នកនាង​​​​ ចាន់ ផល្លា ថា​​រយៈពេល​​​​​ច្រើនឆ្នាំ ​តាំងពីអ្នកនាង​​​ក្លាយជាតារា​សិល្បៈ អ្នកនាងមិនធ្លាប់បាន​ទទួលសម្ដែង​ទាល់តែសោះ ដោយសារតែមានគេទាក់ទង ហើយអ្នកនាង​​មិនទទួលព្រោះគិតថា​​​មិន​មានសមត្ថភាព។ ​អ្នកនាងទើបតែដាច់ចិត្តសម្ដែង​ក្នុងបទចម្រៀង​​ថ្មីមួយ​​​​​របស់ផលិតកម្ម​ថោន ក្រោមការ​​​​​​​អញ្ជើញរបស់​ផលិតករ​លោក ​​​មាស សុខរតនៈប៉ុណ្ណោះ ហើយក៏ឃើញ​ថាមិន​មានអ្វីលំបាកនោះទេ ​​​ថ្វីដ្បិតតែអ្នកនាង​មិនធ្លាប់បានសម្ដែង។

អ្នកនាងនិយាយថា៖ ​«​​​កន្លងមកខ្ញុំ​​ធ្លាប់តែ​​​​​ធ្វើពិធីការិនី ​និង​​រាំ​​​​​​​​​ពេលចូលឆ្នាំអីហ្នឹងគេប៉ុណ្ណោះ ​សម្រាប់រឿងសម្ដែង​គឺ​អត់​ដែលសោះហ្មង ចឹង​បានខ្ញុំ​​​​​​​ប្រាប់​​បង​អ្នកដឹកថា បើ​​ខ្ញុំសម្ដែង​មិនល្អកុំប្រកាន់ តែ​​ពួកគាត់ថា​​​​​​​អត់អីទេ ហើយ​សរសើរ​ថា​ខ្ញុំលេង​​បាន!»។ ​

ក្នុងឈុតបទចម្រៀងនោះ អ្នកនាងថា​​ផលិតករតម្រូវអោយអ្នកសម្ដែង​​ជា​​ម្ដាយ​ដែល​​ត្រូវបង្ហូរទឹកភ្នែករហូត​​ ដោយសារតែ​​​​​ប្ដីស្លាប់ចោល ហើយ​ត្រូវ​អោប​​ធាតុ​​​​ជាប់រហូត។ អ្នកនាងថា​​​​​​ខ្លួនមិននឹកស្មានថា​អាច​​យំ​​បាន​​យ៉ាងស្រួល​តាមការ​ចង់បាន​​​របស់ផលិតករ​​​​​​ដល់ម្លឹងនោះទេ ទើបថា​​​​ការសម្ដែងមិនមែន​ជារឿង​ដែលអ្នកនាងសម្ដែងមិនបាន​កើតនោះទេ ​ដោយអ្នកនាង​ប្រកាសថា​ស្ដាយ​​​​ ព្រោះតែពេលកន្លងមកចេះតែ​​​ប្រកែក ហើយមិនទុកចិត្ត​ខ្លួនឯង។

អ្នកនាង ចាន់ ផល្លា បញ្ជាក់ថា ​អ្នកនាង​នឹង​សម្រេចចិត្ត​​ទទួល​​ការសម្ដែង​ទាំង​​​​ភាពយន្ត និង​​​បទចម្រៀង ដោយ​​​អ្នកនាងមិនខ្លាចសម្រាប់​​​​ឈុតឆាកដែល​ខាង​ផលិតករ នឹងតម្រូវនោះទេ មិនថា​​​​​​ការសម្ដែងនោះ ត្រូវអោយយំ ឬ​​អោយ​​​ធ្វើតួ​​អ្វីក៏ដោយ។

អ្នកនាងនិយាយថា៖ ​«​កាលពីមុន​​​​ចេះតែខ្លាច​​ថាលេង​អត់កើត តែដល់ពេល​​បានសម្ដែង​ម្ដងចឹង គឺថា​​​អត់ខ្លាច​ទេ! អោយតែមាន​​​​អ្នកណាហៅសម្ដែង ​​​ទទួល​អោយ​ច្រើនតែម្ដង»។

អ្នកនាងមិនទាន់ដឹងថា​​​ការ​​​​ប្រកាស​ផ្លាស់ប្ដូរអាជីពរបស់ខ្លួន​​​​ទទួលបានការចាប់អារម្មណ៍កម្រិតណា​​នោះទេ ប៉ុន្តែ​ក្រោយសម្រេចចិត្ត​​ទទួលយកការសម្ដែង អ្នកនាងរំពឹងថា​​នឹងមាន​អ្នកទាក់ទងអោយសម្ដែង​​​បន្ត​​បន្ទាប់ ​បន្ទាប់ពី​បទ​​​ចម្រៀង​របស់​​លោក ពេជ្រ ថាណា ដែល​​អ្នកនាងបានសម្ដែងលើកដំបូងនៅខេត្តបាត់ដំបង នឹង​​​​​ចេញ​​​​ជាMV ឆាប់ៗ​​។

អ្នកនាងថា​ខ្លួន​នៅតែស្រឡាញ់អាជីពពិធីការិនី ប៉ុន្តែ​ដោយសារតែអ្នកនាងក៏មានភារៈ​​មិនសូវ​ទំនេរ ទើប​មិនហ៊ាន​ចុះកុងត្រាជាមួយ​ទូរទស្សន៍ណាមួយ ដោយ​​​​​​​ទទួលធ្វើតែ​ក្នុងកម្មវិធី​​​ខាងក្រៅ និង​កម្មវិធីសប្បុរសធម៌។ ​​​​អ្នកនាង​ថា​ខ្លួនបន្តអាជីព​​សិល្បៈ​​ទាំង​​​ពិធីការិនី​ និងសម្ដែង ​​មិនមែនដើម្បី​ប្រជែងភាពល្បីទៀត​​ទេ ប៉ុន្តែគ្រាន់តែចង់​​​​ប្រឡូក​លេងៗកុំអោយមហាជនភ្លេចមុខ និង​​​ចង់​សាក​សម្ដែង​វិញម្ដង​​​​ អោយ​យល់ដឹង​បានច្រើនមុខប៉ុណ្ណោះ៕

ពិធីការិនី​​​​​​ អ្នកនាង ចាន់ ផល្លា និងសិល្បករ-សិល្បការិនីដទៃទៀត ក្រោយពីថតអោយផលិតកម្មមួយ។ (រូបភាព៖ វង្ស សុម៉ាលីន) ​​
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ