កម្ពុជាស្នើឥណ្ឌាបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មានវិទ្យានិងកសិកម្ម

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និង អ្នកស្រី ម៉ានីកា ជែន នៅក្រសួងពាណិជ្ជកម្មរបស់កម្ពុជា កាលពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៨(រូបពីក្រសួងពាណិជ្ជកម្ម កម្ពុជា)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញប្រទេសឥណ្ឌាបង្កើតសាកលវិទ្យាល័យបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មានវិទ្យានិងកសិកម្ម ដោយថា ដើម្បីលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើពិពិធកម្ម(ពង្រីក) កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងជំនួបទ្វេភាគីកម្ពុជាឥណ្ឌានៅទីស្តីការក្រសួងពាណិជ្ជកម្មនាព្រឹកម្សិលមិញ​ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើសុំឥណ្ឌាជួយកៀងគរវិនិយោគិនមកសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីបង្កើតសាកលវិទ្យាល័យ ដែលមានកម្មវិធីសិក្សាទាក់ទងព័ត៌មានវិទ្យានិងបច្ចេកទេសកសិកម្មទំនើបសម្រាប់និស្សិតកម្ពុជា។

លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា «ប្រទេសឥណ្ឌាមានភាពលេចធ្លោលើវិស័យបច្ចេកវិទ្យានិងមានកម្មវិធីសិក្សា ល្អៗទាក់ទងព័ត៌មានវិទ្យានិងកសិកម្ម ដូច្នេះសូមជួយនាំយកកម្មវិធីសិក្សាទាំងអស់នោះមកចែករំលែកដល់និស្សិតកម្ពុជាដើម្បីអភិវឌ្ឍន៍ប្រទេសនិងឆ្លើយតបតម្រូវការវិនិយោគិនបរទេស»

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា អ្នកស្រី ម៉ានីកា ជែន បានសន្យានាំយកសំណើនេះទៅជម្រាបរដ្ឋាភិបាលនិងវិស័យឯកជនឥណ្ឌាឱ្យចូលមកបណ្តាក់ទុនលើវិស័យអប់រំនិងវិស័យកសិកម្ម ដើម្បីចូលរួមលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

សម្រាប់ប្រធានអង្គការសេដាក លោក សម វិទូ យល់ថា មិនចាំបាច់ទេសម្រាប់បើកសកលវិទ្យាល័យកសិកម្មបន្ថែមព្រោះចំណាយថវិកាច្រើន ដោយថា អាចមានជាការស្នើសុំអ្នកជំនាញមកចូលបង្រៀននៅសាកលវិទ្យាដែលមានស្រាប់ជាការល្អជាង។

លោក សម វិទូ មានប្រសាសន៍ថា «រឿងមួយគឺសកលវិទ្យាល័យដែលមាន ចាស់ៗហ្នឹងសិស្សស្គាល់ច្រើនហើយ។ ទីពីរធ្វើការសហប្រតិបត្តិការគ្នាវិញ ការផ្លាស់ប្តូរសាស្ត្រាចារ្យ ការផ្លាស់ប្តូរទស្សនកិច្ចរបស់និសិត្សដើម្បីឲ្យពួកគាត់យល់ដឹង វាជាជាងការចំណាយលុយទៅលើការបើកសាកលវិទ្យាល័យមួយថ្មី ប៉ុន្តែបើសិនជាយើងយកលុយទាំងអស់ហ្នឹងមកគាំទ្រវិស័យសាធារណៈ វិស័យឯកជនវាជួយបានច្រើនជាង!»

ទោះជាយ៉ាងណា អ្នកស្រី ម៉ានីកា ជែន ក៏មានបំណងអញ្ជើញវិស័យឯកជនកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនិងជំនួបធុរកិច្ច សំខាន់ៗនៅក្នុងប្រទេសឥណ្ឌានាពេលខាងមុខផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ