អតីត​អ្នក​ថត​រូប​គុកទួលស្លែង​ស្វែង​រក​ម្រាម​ដៃ​អ្នក​គាំ​ទ្រ​ដើម្បី​បង្កើត​បក្ស​នយោបាយ​

លោក ញ៉ែម អេន ជាអ្នកថតរូបម្នាក់ក្នុងចំណោម៦នាក់ដែលបាន​ថតរូបអ្នកទោសនៅ​គុកទួលស្លែងក្នុងរបប​ខ្មែរ​ក្រហម(រូបថតពីECCC)

អតីតអ្នកថតរូបនៅគុកទួលស្លែង​របស់​របប​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា លោក​នឹង​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​ឲ្យ​បាន​គ្រប់​ចំនួន ហើយ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​មួយ​ជា​ផ្លូវការ។

អតីត​អ្នក​ថតរូប​គុកទួលស្លែង​ ឬមន្ទីរ​ឃុំ​ឃាំង ស-២១ លោក ញ៉ែម អេន បាន​ស្នើ​សុំបង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដាក់​ឈ្មោះ​ថា «គណបក្ស​ពលករ​រុងរឿង» កាល​ពី​ចុង​ខែ​តុលា​កន្លង​មក​នេះ។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឆ្លើយ​តប​ទៅ​នឹង​ស្ថាប័ន​បក្ស​រូប​នេះ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

បើ​តាម​លិខិត​ដដែល​នោះ លោក ស ខេង បាន​អនុញ្ញាត​ឲ្យ​លោក ញ៉ែម អេន បង្កើត​គណបក្ស​នយោបាយ​ហើយ ប៉ុន្តែ តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​នានា មុន​នឹង​អាច​ធ្វើ​សកម្មភាព​បាន។

លោក ញ៉ែម អេន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា សម្រាប់​នីតិ​វិធី​បន្ត លោក​នឹង​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​គាំ​ទ្រ​ឲ្យ​បាន​គ្រប់​ចំនួន សម្រាប់​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ មុន​នឹង​ធ្វើ​សមាជ​បក្ស​ជា​ផ្លូវការ។

អតីតអ្នកថតរូបនៅ​គុកទួលស្លែង​រូប​នេះ អះ​អាង​ថា គណបក្ស​ពលករ​រុងរឿង​របស់​លោក ត្រៀម​ខ្លួន​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ជាមួយ​គោល​បំណង​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​នីតិ​រដ្ឋ និង​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ។

លោកមានប្រសាសន៍ថា«ប្រកាន់គោលជំហលិទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ដើម្បីដំណោះស្រាយរកចំណុចរសើប ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល ធ្វើមិនបានដូចជា បញ្ហាផ្សេងៗទៀត ខ្ញុំនឹងកែទម្រង់។ គណបក្សខ្ញុំនេះ ប្រសិនបើដំណើរការហើយ ខ្ញុំអត់មានគោលបំណង​ទៅដុតផ្ទះនរណាទេ។ សំខាន់គោលបំណងរបស់គណបក្ស គឺដើម្បីយកសិទ្ធិសេរីភាព អញ្ចឹង​បានយកឈ្មោះដាក់ថា ពលករ គឺតំណាងឱ្យកម្មករ កសិករ ពលករតែម្តង»

កើត​នៅ​ក្នុង​ឆ្នាំ​១៩៦១ លោក ញ៉ែម អេន ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជាអតីតក្រុមតស៊ូរបស់ខ្មែរក្រហម ដែលបានចូលរួមចលនាតស៊ូក្នុងព្រៃជាមួយ​ក្រុមលោក ខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម កាលពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ ក្នុងចលនាកុមារឈានមុខ មានតួនាទីដឹកជញ្ជូនគ្រាប់ទៅសមរភូមិ។

នៅឆ្នាំ១៩៧៥ លោកត្រូវបានខាងអង្គការចាត់តាំងឱ្យមកកាន់រាជធានីភ្នំពេញ និងបញ្ជូនទៅប្រទេសចិន ដើម្បីទទួលការបណ្តុះបណ្តាល​ជំនាញថតកុន។ ក្រោយមកនៅឆ្នាំ១៩៧៦ អង្គការក៏បានចាត់​តាំង​លោក​ឲ្យ​ធ្វើ​ជាអ្នកថតរូបនៅមន្ទីរសន្តិសុខ ស-២១ ឬ ហៅថាគុកទទួលស្លែងរហូតដល់ឆ្នាំ១៩៧៩។

បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ លោកបានចូលរួមជាមួយចលនាតស៊ូខ្មែរក្រហមបន្តទៀត​រហូតដល់ឆ្នាំ១៩៩៥ ទើបលោកផ្ដាច់​​ខ្លួន និងចុះចូលជាមួយរដ្ឋាភិបាល។

នៅឆ្នាំ​២០០៥ លោកបានតំណែងជាអភិបាលរងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ឆ្នាំ២០១៤។ នៅឆ្នាំដដែលនោះ លោកបានចុះចូលជាមួយគណបក្សសង្រ្គោះជាតិ​រហូតដល់ឆ្នាំ២០១៥ មុន​នឹង​លោក​ចូល​រួម​ជាមួយ​គណបក្ស​អំណាចខ្មែរ​របស់​លោក សួន សេរីរដ្ឋា​ នៅឆ្នាំ២០១៦។

រួម​រស់​ជាមួយ​គណបក្ស​អំណាច​ខ្មែរ​បាន​ជិត ១​ឆ្នាំ លោក ញ៉ែម អេន ក៏​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា គណបក្ស​គ្រួសារ​ខ្មែរ នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ គណបក្ស​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​សម្រេច​លុប​ចោល​ទៅ​វិញ ដោយសារ​តែ​មិន​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់។

នៅឆ្នាំ២០១៧​ដដែល រហូតដល់មុនថ្ងៃលោកបង្កើតគណបក្ស​ពលកររុងរឿង លោកបានមកចូលរួមជីវិតនយោបាយជាមួយ​​គណបក្ស​​ខ្មែរ​សាធារណ​រដ្ឋ​ ដឹកនាំ​ដោយ​លោក លន់ រិទ្ធិ កូន​ប្រុស​របស់​មេដឹកនាំ​របប​សាធារណរដ្ឋ​ខ្មែរ លោក លន់ នល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ