រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្រាវ​ជ្រាវ​ការ​វាយ​ប្រហារ​តាម​បណ្ដាញ​អ៊ីនធឺណិត​ពី​មេរោគ DDoS

ប្រភេទមេរោគ DDoS (រូបភាព៖ អ៊ីនធឺណិត)

រដ្ឋាភិបាល​កម្ពុជា​ កំពុង​តាម​ដាន​វាយ​តម្លៃ​ទៅ​លើ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​អនាមិក​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​ជិត​មួយ​សប្ដាហ៍​មក​នេះ មុន​នឹង​សន្និដ្ឋាន​បញ្ចប់​នា​សប្ដាហ៍​ក្រោយ។

ជាង​១​សប្ដាហ៍​មក​នេះ​ សេវា​​អ៊ីនធឺណិត​នៅ​កម្ពុជា​ បាន​រអាក់​រអួល ហើយ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​នៅ​កម្ពុជា បាន​ប្រកាស​ថា បណ្ដាញ​អ៊ីនធឺណិត​កម្ពុជា រង​ការ​វាយ​ប្រហារ​ពី​​ក្រុម​ហ៊ែកឃ័រ​តាម​រយៈមេរោគ​កុំព្យូទ័រ​មួយ​ប្រភេទ​ហៅ​ថា​ ​DDoS។

​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ខូវ មករា បាន​ឲ្យ​ VOD ដឹង​ថា ​ការ​វាយ​ប្រហារ​នេះ​បាន​ស្ងប់​ស្ងាត់​ហើយ​កាល​ពី​ម្សិល​មិញ ខណៈ​ក្រុម​ការងារ​ក្រសួង​កំពុង​វាយ​តម្លៃ​ទៅ​លើ​ការ​វាយ​ប្រហារ​នេះ មុន​នឹង​ចេញ​សេចក្ដីសន្និដ្ឋាន​មួយ​នា​ពេល​ខាង​មុខ។

លោក​ថា៖ «យើងអត់ដឹងថា អ្នកណាជាអ្នកវាយប្រហារ យើងអត់ទាន់បានកំណត់ទេ ហើយវាយប្រហារក្នុងគោលបំណងអីរបស់គាត់ហ្នឹង ក៏យើងអត់ដឹងដែរ តែប្រភេទ ​DDoS ហ្នឹង ផលប៉ះពាល់របស់វា គឺធ្វើឲ្យសេវាមានការរអាក់រអួល​​»

យោង​តាម​គេហទំព័រ​ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ camcert.gov.kh បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ ​DDoS ជា​ការ​វាយ​ប្រហារ​លើ​សេវាកម្ម​អ៊ីនធឺណិត ដើម្បី​ធ្វើការ​រំខាន​ដល់​សេវាកម្ម ​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​មិន​អាច​ប្រើ​បាន ឬ​ភ្ជាប់​ដំណើរ​ការ​បាន ខណៈ​វិធានការ​ទប់​ស្កាត់​ការ​រំខាន​នេះ​ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត ត្រូវ​មាន​ការ​វិភាគ​ចរាចរណ៍​ និង​ការ​រាំង​ខ្ទប់ ការ​បិទ​ចន្លោះ​វាយ​ប្រហារ និង​បង្ការ​តាម​រយៈ​ IP របស់​ប្រព័ន្ធ​អ៊ីនធឺណិត។

ទោះជា​យ៉ាង​ណា ​វិធាន​នេះ​មាន​តម្លៃ​ថ្លៃ​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​សេវា​អ៊ីនធឺណិត​មួយ​ចំនួន​គ្មាន​លទ្ធភាព​ប្រើប្រាស់។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​នេះ ​ក្រុម​ហ៊ុន​ប្រតិបត្តិ​ករ​អ៊ីនធឺណិត​នៅ​កម្ពុជា EZECOM បាន​លើក​ឡើង​​ថា ​ការ​វាយ​ប្រហារ​​ពី​សំណាក់​មេរោគ DDoS នៅ​ក្នុង​សប្ដាហ៍​នេះ​ ជា​ការ​វាយ​ប្រហារ​របស់​ក្រុម​អនាមិក​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។

យោង​តាម​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​បម្រើ​សេវា​អ៊ីនធឺណិត​មាន​ជាង​៣០​ប្រតិបត្តិករ ខណៈ​បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​៧០​ភាគ​រយ​នៃ​ប្រជាជន​សរុប​ជាង១៦លាន​នាក់​មាន​លទ្ធភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ