លោក កឹម សុខា អំពាវ​នាវ​ឲ្យ​រួប​រួម​ជាតិ​ ប៉ុន្តែ លោក ហ៊ុន សែន ទាមទារ​ឲ្យ​មាន​វប្បធម៌​ទុក​ចិត្ត​គ្នា

លោក កឹម សុខា នាពេលកន្លងទៅ

មេដឹកនាំ​បក្ស​​ប្រឆាំង​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ បាន​អំពាវ​នាវ​ឲ្យ​​មាន​ការ​រួប​រួម​ជាតិ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា បើមិនបង្កើតវប្បធម៌ទុកចិត្តគ្នាទេ ការបង្រួបបង្រួមជាតិ នឹងមិនអាចកើតមានបានឡើយ។

ក្នុងលិខិតមួយច្បាប់​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​នោះ មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា បានផ្ញើសារអបអរសាទរ​ខួបលើក​ទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០១៨។

លិខិតនេះ លើកឡើងថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។ លិខិត​នោះ​បាន​រៀបរាប់​ទៀត​ថា ជាការពិតណាស់ កម្ពុជា​នឹងមិនអាចមានឯករាជ្យជាតិពិតប្រាកដបានឡើយ បើខ្មែរយើងបែកបាក់គ្នា។

​មេធាវីការពារក្តីរបស់លោក កឹម សុខា រួមមានលោក ផែង ហេង លោក ផាន់ ច័ន្ទសាក់ លោក ចាន់ ចេន សុទ្ធ​តែ​ប្រាប់​ថា ពួកលោកនៅមិនទាន់ដឹងអំពីរឿងលិខិតនេះនៅឡើយទេ។

នេះ​ជាលើកទីពីរហើយ ដែលលិខិតរបស់លោក កឹម សុខា ត្រូវបានផ្សព្វផ្សាយចេញជាសាធារណៈ បន្ទាប់ពីលោក​​ត្រូវបានអាជ្ញាធរប្តូរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ មកឃុំខ្លួននៅផ្ទះរបស់លោកនៅរាជធានីភ្នំពេញវិញ។

ប៉ុន្តែ ​លោកនាយករដ្ឋ​មន្ត្រីហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​នេះ​ដែរថា បើមិនបង្កើតវប្បធម៌ទុកចិត្តគ្នាទេ ការបង្រួបបង្រួមជាតិ នឹងមិនអាចកើតឡើងនោះ​​ឡើយ។

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោក ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោក ហ៊ុន សែន ថ្លែង​ថា​៖ «បើយើងបន្ធូបន្ថយឱ្យវា វាមិនព្រមបន្ធូបន្ថយឱ្យយើង តើយើងបន្ធូបន្ថយឱ្យធ្វើអី? ដាក់ឯងម៉ាម៉ាំងចប់ ម៉ាម៉ាំចប់។ បើអ្នកឯងចង់បានវប្បធម៌​បង្រួបបម្រួម ឯងធ្វើឱ្យស្រួលទៅ ឯងធ្វើឱ្យគេទុកចិត្តទៅ។ បើឯងមិនចង់បានការសម្របម្រួលឯងធ្វើអាក្រក់ទៅ។ អាធ្វើអាក្រក់ហ្នឹងហើយ ដែលជាការផ្តល់សញ្ញាថា យើងមិនអត់ឱន ព្រោះ វាគ្មានជម្រើសណាផ្សេង»

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា អ្នកនយោបាយទាំងពីរ ហាក់មើលឃើញពីចំណុចរួមគ្នាទាក់ទងឯករាជ្យជាតិ គឺទាមទារឱ្យមានការស្រុះស្រួលគ្នា ពិសេសការផ្សះផ្សាជាតិជារឿងសំខាន់។ លោកថា សារនយោយរបស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏មិនខុសដែរ ដោយថា​ ការរួបរួមគ្នាទៅបាន គឺទាល់តែមានការទុកចិត្តគ្នា និងស្មោះត្រង់ជាមួយគ្នា។

លោកមាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍

លោក មាស នី មានប្រសាសន៍បន្ថែមថា៖ «នៅពេលមានបញ្ហាអីមួយ មួយរត់ទៅពឹងម្ខាង មួយទៀតរត់ទៅពឹងម្ខាងទៀត។ អាហ្នឹង ក៏មិនមែនជាការផ្សះផ្សាជាតិដែរ ហើយការផ្ញើពាក្យវ៉ៃប្រហារគ្នាតាមបែបខ្លាំងៗ ធ្ងន់ពេកហ្នឹង ក៏មិនមែនជាការសាងទំនុកចិត្តគ្នាដែរ។ ប៉ុន្តែ ខ្ញុំគាំទ្រនូវចំណុចសំខាន់ដែលអ្នកទាំងពីរលើកឡើង ទីមួយ បើមិនមានការផ្សះផ្សាជាតិ វាមិនមានឯករាជ្យជាតិទេ ប៉ុន្តែ ការផ្សះ​ផ្សាជាតិ ក៏ត្រូវការទុកចិត្តគ្នាដែរបាទ។ ប៉ុន្តែ រឿងសំខាន់តើអ្នកនយោបាយត្រូវ​ត្រៀមអត្តចរឹក ត្រូវត្រៀមសកម្មភាពអីខ្លះដែលខ្លួនឯងត្រូវធ្វើដើម្បីឱ្យមានទំនុកចិត្តគ្នា អាហ្នឹងបានទៅរួចបាទ»

យ៉ាង​ណា​ក៏​ដោយ វប្បធម៌សន្ទនាត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៤។ វប្បធម៌សន្ទនានេះ ​កើតឡើងក្រោយពីអតីតគណបក្សសង្រ្គោះជាតិព្រមចូលប្រជុំសភាតាមការចង់បានរបស់បក្សកាន់អំណាច ក្រោយពីអតីតបក្សប្រឆាំង​ធ្វើពហិកាជិត ១ឆ្នាំប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែ វប្បធម៌សន្ទនានេះ បាន​បាត់​បង់​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ