ឆាយ បូរ៉ា ប្រាប់មូលហេតុ​​​​​ សុំ​​លាចេញតំណែង​​ប្រធានសមាគមភាពយន្តកម្ពុជា ​

លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្ម​ដើមត្នោត ដែលត្រូវគេស្គាល់ថា​ជា​​ប្រធាន​សមាគមន៍​​​​​​ភាពយន្តកម្ពុជា។ (រូបភាព៖ បណ្ដាញសង្គម)

មានការ​ភ្ញាក់ផ្អើល​​មិនតិចទេ បន្ទាប់ពីលោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្ម​ដើមត្នោត ដែលត្រូវគេស្គាល់ថា​ជា​​ប្រធាន​សមាគមន៍​​​​​​ភាពយន្តកម្ពុជា ​​​​​ក្រោម​ការបោះឆ្នោត​​​​ផ្លូវការ​​​កាលពីអំឡុងខែធ្នូ​ ឆ្នាំ​​​២០១៧ ស្រាប់​​តែប្រកាសផ្លូវការ​​ថា​លោកនឹង​​លា​ចេញពីតំណែង​​ ​ដោយ​​​​បានទាំងប្រកាសថា​​ នឹង​មិនអាច​បន្តអោយ​​ដល់​ចប់​អាណត្តិ​ដែលទើប​​​ឡើង​អង្គុយ​នោះផង។ ជាមួយនឹងការប្រកាស​​លាឈប់​​​ដោយ​​​​​រំលេច​នូវចម្ងល់នេះ ​​លោកបាន​ផ្ដល់កិច្ចសម្ភាសន៍​​ពាក់ព័ន្ធមូលហេតុ​​នៃការសម្រេចចិត្ត។

លោក​​ ឆាយ បូរ៉ា និយាយថា​​លោកពិតជា​​សម្រេចចិត្ត​ច្បាស់ណាស់​​​​មុន​នឹង​​​​ឈានដល់ការប្រកាស​ជាសាធារណៈ ដោយបាន​បញ្ជូន​ការសម្រេចចិត្ត​របស់ខ្លួន​​​​​​តាម​​ក្រុម​សំខាន់​ៗ​​ដើម្បីអោយមានការ​ដឹង​ឮផង កាលពី​រសៀលថ្ងៃទី​១១ ​វិច្ឆិកា។ លោក​​​​ថា​​​​មានបញ្ហាច្រើនដែលលោកមិនចង់បរិយាយ តែអ្វីដែលលោក​មិនអាច​​បន្ត​ដំណើរ​​ក្នុងតំណែងជាប្រធាន​សមាគមន៍​អោយបាន​ចប់​អាណត្តិ គឺមានហេតុផល។

លោកបានត្រឹមតែបង្ហើប​អោយដឹង​​​ពី​តម្រុយ​នៃបញ្ហា​តិច​តួច គឺបណ្ដាលមកពីលោក​​​​​​មិនអាច​សម្រេច​​នូវអ្វីដែល​​បានគម្រោងទុក​​តាមការ​ចង់បាន ​ដែលលោកយល់ថា​​បើ​​បន្តកាន់តំណែងជា​ប្រធាន​​​​​​​​​​​នៅក្នុងសមាគមនេះទៀត គឺ​​​​​ពិតជា​មិនធ្វើអោយលោក​​ស្រឡះចិត្ត។ ក្នុងនោះហេតុផល​ដែលលោក​​​​កាន់តែរយាល​លើការគ្រប់​គ្រង​​ផលិតកម្មចាប់តាំងពីបាន​ក្លាយជា​ប្រធាន​សមាគម ក៏​ជា​ហេតុផលធំមួយ ដែល​ចាំបាច់ត្រូវតែអោយលោកដកខ្លួន។

លោក ឆាយ បូរ៉ា និយាយថា៖ ​«​​​​បើនិយាយ​ទៅ​​​​​​​​​គឺមានបញ្ហា​​ច្រើន មុន​នឹង​ខ្ញុំសម្រេចចិត្ត​​​លាឈប់ពីប្រធានសមាគមហ្នឹង ប៉ុន្តែ​បញ្ហា​សំខាន់គឺ​​​​​​​ខ្ញុំមិនចង់​បន្តកាន់​តំណែង​ទាំង​​​​​​កិច្ចនេះ​ក៏មិនសម្រេច ហើយកិច្ចការនោះក៏សម្រេច ​ក្នុងពេលដែលផលិតកម្មដើម​​ត្នោតរបស់ខ្ញុំ ​​​គឺ​អត់មាន​​​អ្នកគ្រប់គ្រង​ច្បាស់លាស់ ដោយសារតែខ្ញុំ​រវល់តែតំណែង​​​​​ប្រធានហ្នឹង​!»។

លោកប្រកាសថា​​​​ខ្លួនបាន​ជូនដំណឹង​ទៅកាន់គណកម្មការ​​​សមាគម​រួចរាល់អស់ហើយ ដោយលោកនឹង​ប្រគល់​​​​​​ភារកិច្ច និងកាតព្វកិច្ច​អោយ​​​​​​​​ក្រុម​គណកម្មការ ដើម្បី​​​ផ្ដល់សិទ្ធិ​អោយគណកម្មការ​​ជ្រើស​​តំណែងប្រធាន​បណ្ដោះអាសន្ន ឬ​អាច​​មានការ​បោះឆ្នោត​ជាថ្មី ផ្អែកតាម​​ការសម្រេច​របស់​សមាគម។ ​​​

លោក ឆាយ បូរ៉ា បញ្ជាក់ថា​​​លោកបាន​​​​ដឹក​នាំសមាគមនេះ​ចំនួន​​​៣ឆ្នាំមកហើយ ហើយក៏គ្រប់គ្រាន់នោះដែរ ដែលលោក​​​នឹង​​ត្រូវទម្លាក់ការងារ​​ទាំងមូល​​​​​​​​អោយទៅបុគ្គល​ផ្សេង​វិញ ​​​​​​​​​ដោយលោក​​មិនអាច​បន្តតំណែង​​មួយនេះ​​ទៀតឡើយ បើទោះជាសមាគមភាពយន្តកម្ពុជានៅត្រូវការ​​កម្លាំង​របស់លោក។

យ៉ាងណាមិញ លោកថា​ខ្លួននឹង​នៅជា​សមាជិករបស់សមាគមរហូតដល់ចប់​​៣​ឆ្នាំ​បន្ត ដោយមិនមែន​លា​ចេញពី​តំណែងប្រធាន​​ហើយ​​​ដាច់​ទំនាក់ទំនងមិនជួយ​ការងារ​​​​ទាំងស្រុងនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ