ក្រសួងការងារ​អះ​អាង​ថា នឹងដាក់ឯកសារបន្ថែម​ឲ្យ​តុលាការ​បញ្ចប់​បណ្ដឹង​ប្រឆាំង​មេដឹកនាំ​សហជីព

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ (រូបភាព៖ វេបសាយក្រសួងការងារ)

មន្ត្រីក្រសួងការងារ ​ឱ្យដឹងថា ខាងក្រសួងបានទាក់ទងបន្ថែមទៅថ្នាក់ដឹកនាំសហជីពដើម្បីរាយការណ៍ជូនមកក្រសួងមួយនេះ ​ពាក់ព័ន្ធនឹងសំណុំរឿងរបស់ខ្លួននាពេលកន្លងមក ព្រោះបណ្តឹងទាំងអស់ គឺមានដើមបណ្តឹងផ្សេងៗគ្នា ហើយបណ្តឹងខ្លះជាករណីព្រហ្មទណ្ឌ និងខ្លះទៀតជាករណីរដ្ឋប្បវេណី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ឱ្យដឹងតាមរយៈប្រព័ន្ធបណ្ដាញ​​សង្គម WhatsApp ​នៅ​ថ្ងៃ​នេះ​ថា គ្មាននរណាម្នាក់ដឹងពិតប្រាកដអំពីការបញ្ចប់សំណុំរឿងទាំងអស់របស់ថ្នាក់​ដឹកនាំសហជីពទេ ដោយថា វាជានីតិវិធីដោយឡែករបស់តុលាការ។ លោកបន្ថែមថា តុលាការអាចនឹងពិនិត្យលើសំណុំរឿងនីមួយៗដោយឡែកៗពីគ្នា។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ «មេធាវីរបស់ក្រសួង និងធ្វើការងារនេះជាមួយមេធាវីរបស់សាម៉ីជននីមួយៗ ប្រសិនពួកគេមាន ដើម្បីទាក់ទងទៅដើមបណ្តឹង និងដាក់ឯកសារបន្ថែម ដើម្បីសុំឱ្យចៅក្រមស៊ើបសួរបញ្ចប់នីតិវិធីស៊ើបសួរ និងសម្រេចថា តើទម្លាក់បទចោទ ឬ ត្រូវបើកសវនាការឱ្យបានលឿន»

អ្នកនាំពាក្យដដែល មិនទាន់ដឹងថា សំណុំរឿងពាក់ព័ន្ធថ្នាក់ដឹកនាំសហជីពមានប៉ុន្មានករណីនោះទេ ដោយថា ក្រសួង និងស្ថាប័នរដ្ឋមិនមែនជាដើមបណ្តឹង ប៉ុន្តែ​ថា ក្រសួងរង់ចាំបូកសរុបរបាយការណ៍ និងសំណើរបស់សហជីពទាំងអស់ជាមុនសិន។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍​ថា ទាក់ទងបញ្ហានេះ ខាងលោកនៅមិនទាន់ទទួលបានការណែនាំពីក្រសួង​នៅឡើយទេ។ លោកបន្តថា ខាងក្រសួង អាចបំពេញការងារនេះ ដោយមិនបាច់រង់ចាំមានសំណើរពីសហជីពនោះទេ ដោយថា សំណុំរឿងពាក់ព័ន្ធសហជីពទាំងអស់ គឺមាននៅក្នុងដៃរបស់តុលាការរួចទៅហើយ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក្នុងសន្និសីទមួយ កាលពីពេលកន្លងទៅ។

លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ «យើងចាំមើលថា​ តើខាងក្រសួងការងារ ត្រូវការលេខសំណុំរឿង ឬ​បែបម៉េចពីខាងសហជីព។ ដូចថា​ ហូ! តម្រូវឱ្យមេសហជីព ដូចជាខ្ញុំអីចឹង មានជាប់ពាក់ព័ន្ធប៉ុន្មានករណី។ គ្រាន់តែលើកផ្តល់លេខសំណុំរឿង ឬករណីជូនអីចឹងទៅ ឬធ្វើបែបម៉េច យើងអត់ដឹងធ្វើបែបម៉េចនៅឡើយ។ បើថា​ឱ្យសរសេរលេខសំណុំរឿង​ឱ្យអីចឹងទៅ ខ្ញុំនឹងអាចជជែកជាមួយមេធាវីខ្ញុំ ហើយយើងនឹងផ្តល់ លេខសំណុំរឿង ឬ ករណីបទចោទអីសព្វបែបយ៉ាងអីចឹងទៅ»

ប្រធានសហជីពដែលមានរង​បណ្តឹងចំនួន ៣ ក្នុងដៃតុលាការនោះ យល់ថា ការបញ្ចប់សំណុំរឿងទៅលើថ្នាក់​ដឹកនាំសហជីពទាំងអស់នៅមិនទាន់គ្រប់គ្រាន់ទេ។ លោកថា ដើម្បីឱ្យថ្នាក់ដឹកនាំសហជីព និង​សហជីពមូលដ្ឋាន​មានសេរីភាពក្នុងការបំពេញការងារជូនកម្មករពិតប្រាកដ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​ធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពឡើងវិញ។ ​

កាលពីថ្ងៃទី៧ វិច្ឆិកា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និង​ក្រសួង​យុត្តិធម៌ ឲ្យ​បញ្ចប់​​បណ្ដឹងនានា​​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព ដោយ​ថា ដើម្បីជំរុញដល់ការបើកលំហសេរីភាព​ក្នុងវិស័យការងារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ