កាំកុងត្រូល​ព្រមាន​ចាត់​វិធាន​ការ​លើ​ម្ចាស់​ស្ថានីយ៍​លក់​ប្រេង​មិន​គ្រប់​បរិមាណ និង​ខ្វះ​គុណភាព

ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្ដាស្ថានីយ និងដេប៉ូចែកចាយចំនួន ១៩ នៅខេត្តតាកែវ។ (រូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល Camcontrol Directorate-General)

អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា បាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​​ម្ចាស់​ស្ថានីយ​ប្រេង​សាំង​ដែល​លក់​ប្រេង​គ្មាន​គុណភាព និង​បរិមាណ បន្ទាប់​ពី​វិធាន​ការ​ចុះ​កិច្ចសន្យា​ឲ្យ​ម្ចាស់​ស្ថានីយ​កែ​តម្រូវ​កំហុស​ខ្លួន​ ​ពុំ​មាន​ប្រសិទ្ធភាព។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​លោក ឌឹម ថេង បាន​ឲ្យ​ VOD ដឹង​ថា ​ចាប់​ពី​ពេល​នេះ​តទៅ ​មន្ត្រី​កាំកុងត្រូល​នឹង​សហការ​ជា​មួយ​ព្រះរាជអាជ្ញា​រាល់​ពេល​ចុះ​ត្រួត​ពិនិត្យ​​ស្ថានីយ​ប្រេង​សាំង​នានា​នៅ​កម្ពុជា ហើយ​នៅ​ពេល​ដែល​រក​ឃើញ​ថា ​ម្ចាស់​ស្ថានីយ​ណា​មួយ​ប្រព្រឹត្ត​កំហុស​នោះ ​គឺម្ចាស់​ស្ថានីយ​នោះ​អាច​​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផង​ដែរ​។

លោកថា៖ «ឥឡូវហ្នឹងដោយសារតែប្រហែលជាប្អូនបានដឹងហើយក៏សារព័ត៌មានបានចុះផ្សាយច្រើនដែរថា អត់ឃើញមានចាត់វិធានការអី គឺអគ្គនាយកដ្ឋានកាំកុងត្រូល និងសហការជាមួយព្រះរាជអាជ្ញាតែម្ដងរាល់ពេលចុះទៅហ្នឹងព្រោះយើងបានផ្សាយដំណឹងនេះយូរហើយ! »

​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​ព្រមាន​បែប​នេះ បន្ទាប់​ពី​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ត្រួត​ពិនិត្យ និង​រក​ឃើញ​ថា ម្ចាស់​ស្ថានីយ៍​ប្រេង​មួយ​ចំនួន បាន​លក់​ប្រេង​មិន​គ្រប់​បរិមាណ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន ជ័យ ជំរុញ​ទៅ​​​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ ឲ្យ​​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ទោស​ទណ្ឌ និង​ច្បាប់​សម្រាប់​កាត់​ទោស​លើ​ម្ចាស់​ស្ថានីយ៍​លក់​ប្រេង​មិន​គ្រប់​បរិមាណ។

លោកថា៖ «រហូតមកដល់ពេលនេះ យើងអត់ទាន់មានទិដ្ឋភាពច្បាប់ណាមួយដែលពន្យល់រឿងនេះឲ្យបានច្បាស់នោះទេ ដែលវាជាហេតុមួយដែលធ្វើឲ្យអ្នករកស៊ីខិលខូចខ្លះមានឱកាស និងរកស៊ីខិលខូចហ្នឹងតាមគ្នា»

ប្រធាន​ក្រុម​អ្នក​ច្បាប់​អម្រិន្ទ​ លោក​មេធាវី​ សុក សំអឿន គាំ​ទ្រ​ឲ្យ​មាន​វិធានការ​ច្បាប់​ទៅ​លើ​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នានា​​ ដែល​ក់​ប្រេង​មិន​គ្រប់​បរិមាណ តាម​រយៈ​ការ​វិធានការ​ផាក​ពិន័យ​។

លោកថា៖ «យើងមើលដែលថា ជាចេតនា ក៏អចេតនា ហើយបើយើងនិយាយថា ខ្វះនោះ គឺខ្វះប៉ុន្មាន បើខ្វះបន្តិចបន្តួច វាមិនមែនជាចេតនាកេងបន្លំទេ គាត់មានទៅខុសស្អី! [] ប្រសិនជាផាកពិន័យ អូខេ! ខ្ញុំគាំទ្របើដល់ថ្នាក់ដល់ជាប់គុកច្រវាក់ខ្ញុំមិនគាំទ្រទេ»

អគ្គ​នាយកដ្ឋាន​កាំកុងត្រូល បាន​រក​ឃើញ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ ១១​​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ បាន​លក់​ប្រេង​មិន​​គ្រប់​បរិមាណ ឬ​ក៏​មិន​អនុលោម​តាម​គុណភាព កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ