តារាសម្ដែង ចៅខ្មែរ ​​​ចង់​អោយមាន​​ច្បាប់​​​​​​​រៀបការ​ភេទដូចគ្នានៅកម្ពុជា​

តារាសម្ដែង​លោក​​​ ចៅខ្មែរ ដែលត្រូវគេស្គាល់ថា​ជាតារា​​ហ្វេសប៊ុកមាន​ប្រជាប្រិយភាព និងជា​តួ​សម្ដែងក្នុងរឿង​«​ម៉ាដាម​អាប​»បាន​​​​​​​សំពះ​ផ្ទឹម និងរៀបការ​​ជាមួយ​គ្នា​យ៉ាងអធឹកអធម កាលពីថ្ងៃទី​​​១២ ​វិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ វង្ស សុម៉ាលីន)

មកទល់ពេលនេះ​នៅក្នុងប្រទេស​កម្ពុជា​​នៅមិនទាន់មានច្បាប់​​​​​អោយរៀប​ការ​ភេទ​ដូចគ្នានៅឡើយទេ ប៉ុន្តែគេនៅតែឃើញ​​ភាគី​​បុរស​​នឹង​បុរស ឬស្រ្តីនឹងស្រ្តី​ភេទដូចគ្នា​ច្រើន​គូ សម្រេចចិត្តរៀបការជាមួយគ្នា​​ជាហូរ​ហែរ ដោយ​​​​ចុងក្រោយ​នេះ​តារាសម្ដែង​មួយរូប គឺលោក​​​ ចៅខ្មែរ ដែលត្រូវគេស្គាល់ថា​ជាតារា​​ហ្វេសប៊ុកមាន​ប្រជាប្រិយភាព និងជា​តួ​សម្ដែងក្នុងរឿង​«​ម៉ាដាម​អាប​»បាន​​​​​​​សំពះ​ផ្ទឹម និងរៀបការ​​ជាមួយ​គ្នា​យ៉ាងអធឹកអធម កាលពីថ្ងៃទី​​​១២ ​វិច្ឆិកានោះ​ផង។ អ្វីដែលគេកត់សម្គាល់ គឺ​លោកបានទាំង​​​​ប្រកាសថា​​​​​​​​​​បើ​​កម្ពុជា​មានច្បាប់អោយរៀប​​ភេទ​ដូចគ្នា​ដោយស្របច្បាប់ នោះ​​​អ្នកស្រឡាញ់ភេទដូចគ្នាលាក់មុខច្រើននាក់ ពិតជាក្លាហាន​​រៀបការ​បើក​ចំហរ​​មិនខុសពី​ខ្លួន។

តារាសម្ដែង លោក គុជ សុគន្ធរ័ត្ន ​​ហៅ​ចៅខ្មែរ បានបញ្ជាក់ក្នុងថ្ងៃ​មង្គលការ លោក​​​​​​​​ជឿថាក្នុងប្រទេសកម្ពុជា​មាន​​បុរសស្រឡាញ់បុរស និងនារី​ស្រឡាញ់នារី​ច្រើននាក់​​​​​​ ដោយមិនមែនតិចតួចនោះទេ ប៉ុន្តែអាចមកពី​នៅកម្ពុជាមិនទាន់មានការ​ទទួលស្គាល់​​ស្នេហាមួយនេះ​បើកចំហរ ហើយ​មិនទាន់មាន​​​​​ច្បាប់អោយរៀបការ​ភេទដូចគ្នាផង ទើប​​​​​​​​​​​មកទល់ពេលនេះ​មិនទាន់មាន​អ្នកក្លាហាន​រៀបការជាមួយគ្នា ​​ដោយសុខចិត្ត​ស្រឡាញ់គ្នា​​​លាក់មុខ​ឬ​មិនរៀបការ ដើម្បីកុំអោយមានការរើសអើង។

ជាក់ស្ដែងរូបលោក និង​​ស្វាមី ក្រោយពីបានសំពះផ្ទឹមរៀបការជាមួយ​គ្នា​ដោយមានចាស់ទុំដឹងឮ គឺលោក​​​​​​​​មិនអាច​ដឹកដៃគូស្នេហ៍ទៅចុះអេតាស៊ីវិល​បានទេ ដោយសូម្បីតែ​ពេលដែលលោកសុំច្បាប់រៀបការ​ភេទដូចគ្នា ក៏គ្មាន​​​​​ច្បាប់ណា​មកអនុញ្ញាតិនោះដែរ ដ្បិតថា​គេមិនហាមឃាត់នៅពេល​រៀបចំ​ពិធី។

លោកនិយាយថា៖ ​«​​​ការពិតមកពី​​​ស្រុកយើង​អត់មានច្បាប់​អោយរៀប​ការ​ភេទ​ដូចគ្នា ទើប​​​​​​​​ទាំងការសុំច្បាប់​គឺ​មិនស្រួលតែម្ដង អីចឹងហើយទើបខ្ញុំថា​ស្រុក​ខ្មែរមានច្បាប់អោយរៀបការ​បែបនេះ​ប្រហែលជា​​ស្រួល ដោយសារតែ​ពេលនេះ​តាមខ្ញុំសង្កេត​មើលគឺមានអ្នក​​ស្រឡាញ់​ភេទ​ដូចគ្នា​​ច្រើន ហើយពួកគាត់ក៏ហ៊ាន​ចេញមុខ​​មិនដូច​ពីមុន​ដែរ ដ្បិតថា​ពួកគាត់មិនហ៊ាន​​រៀបការ​​ដូច​​ពួកខ្ញុំ»។

លោកថាពួកលោកបានទិញ​ផ្ទះ និងទ្រព្យចូលគ្នា​​បានមួយចំនួនដែរ ដោយចង់​​មានអេតាស៊ីវិល​​​​​ចងភ្ជាប់ចិត្ត​គ្នា​ដោយផ្លូវច្បាប់​​​​​​ដូចគ្នាប្ដីប្រពន្ធ​​​​ទូទៅ ប៉ុន្តែមកពីមិនមាន​ច្បាប់​​​​អោយ​​ចុះអេតាស៊ីវិល​​បែបនេះ ទើប​​ធ្វើអោយពួកលោក​​​​​បានត្រឹមតែ​រៀបការ​​​​​​​ប្រកាសអោយ​​ឪពុក​ម្ដាយ​ដឹង​​ឮ ប៉ុន្តែ​ចំណង​ចងគ្នា​​ដោយ​ច្បាប់​​​គឺមិនមាន​។

​ចៅខ្មែរ និយាយថា ​​រវាងលោក ​និង​ស្វាមី គឺលោក ខុន ខេមរិន្ទ ស្រឡាញ់​គ្នា​ច្រើនឆ្នាំមកហើយ ដោយបានទាំងរួមរស់ជាមួយគ្នា ហើយ​ប្រឹង​រកលុយពីមុខ​របរ​​​​​ដាក់លក់ផលិតផលមកពីប្រទេសថៃជាមួយ​​គ្នាសល់​លុយទិញ​បានផ្ទះមួយ​ល្វែងនៅ​បុរី​​​វាលស្បូវ​​​នោះផង ទើបសម្រេចចិត្ត​រៀបការ។ ក្នុងនោះ​ពួកលោក ក៏បាន​​​​​សុំ​កូនប្រុស​​​​​ពី​គ្រួសារ​មួយយក​មកចិញ្ចឹម​ធ្វើកូន ​ដើម្បីទុកគ្រាន់​​​​ពឹង​ពាក់ពេលចាស់​​​​​​​​​​​​នោះផង ទើបលោក​យល់ថា​ជីវិត​ស្នេហា​ភេទដូចគ្នារបស់លោកមិនអត់ប្រយោជន៍នោះទេ បើទោះជា​​​ការ​រួមរស់មិនអាច​អោយលោកមាន​កូនមានចៅ​ដែលជាដំណក់ឈាម​ដើម្បីស្នង​ត្រកូល។ ​លោក​​​ប្រកាសថា​បើកម្ពុជាមាន​​​ច្បាប់​​​​​អោយចុះអេតាស៊ីវិល និង​អោយរៀបការស្របច្បាប់​ គឺច្បាស់ណាស់ថា​មនុស្សដែលបាន​លាក់មុខ​ក្នុង​ទំនាក់ទំនង​ភេទដូចគ្នា នឹង​​​​កាត់ខ្មាស់ហើយ​​​​​ហ៊ានរៀបការ​​ដូចលោក៕

តារាសម្ដែង​លោក​​​ ចៅខ្មែរ ដែលត្រូវគេស្គាល់ថា​ជាតារា​​ហ្វេសប៊ុកមាន​ប្រជាប្រិយភាព និងជា​តួ​សម្ដែងក្នុងរឿង​«​ម៉ាដាម​អាប​»បាន​​​​​​​សំពះ​ផ្ទឹម និងរៀបការ​​ជាមួយ​គ្នា​យ៉ាងអធឹកអធម កាលពីថ្ងៃទី​​​១២ ​វិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ វង្ស សុម៉ាលីន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ