អនុប្រធានាធិបតី​៖ សហរដ្ឋអាមេរិកស្វែងរក​ការសហការគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពុំមែន​គ្រប់​គ្រងនោះទេ

US Vice-President Mike Pence (centre) poses with fellow leaders at the Asean summit in Singapore on Thursday. Photo: Reuters

កាលពីឆ្នាំមុន នៅក្នុងប្រទេសវៀតណាម លោកប្រធានាធិបតី ត្រាំ បានដាក់ចេញចក្ខុវិស័យរបស់សហរដ្ឋអាមេ រិក​សម្រាប់​តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានភាពសេរី និងបើកទូលាយ។ នៅសប្តាហ៍នេះ តាង​នាម​ឲ្យ​លោក​ប្រធានា​ធិបតី ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះ ដើម្បីពិភាក្សាអំពីការរីកចម្រើនរបស់យើង ស្តីពីការ​ធ្វើ​ឲ្យ​ចក្ខុវិស័យ​នេះក្លាយជាការពិត។ សាររបស់យើងគឺសាមញ្ញ៖ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​គឺមានភាពខ្ជាប់ខ្ជួន និងយូរអង្វែង

យើងចង់អោយតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក — ពីសហរដ្ឋអាមេរិកដល់ប្រទេសឥណ្ឌា ពីប្រទេសជប៉ុនដល់អូស្រ្តាលី និង​តំបន់​ទាំងអស់នៅក្នុងចន្លោះនោះ — ជាតំបន់ដែលអធិបតេយ្យភាពត្រូវបានគោរព ជាទីដែលលំហូរ​ពាណិជ្ជកម្ម​គ្មានការរារាំង និងជាកន្លែងដែលប្រជាជាតិ​ឯករាជ្យទាំងឡាយធ្វើជាម្ចាស់​នៃជោគវាសនារបស់ខ្លួន។ តំបន់​នេះ​មាន​ផ្ទៃដី និងចំនួនប្រជាជនជាង​ពាក់កណ្តាលនៃផ្ទៃដីនិងប្រជាជនពិភពលោកទាំងមូល ធ្លាប់មានភាពជឿនលឿនច្រើន នៅពេលគោលការណ៍ទាំងនេះត្រូវបានគេគោរព។ ថ្វីបើមានប្រទេសខ្លះ ​ចង់បំផ្លាញមូលដ្ឋានគ្រឹះនេះចោលក្តី តែ​សហរដ្ឋអាមេរិក​កំពុងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍របស់យើង និង​លើក​កម្ពស់​ជោគជ័យ​រួមគ្នា​នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យុទ្ធសាស្ត្រនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើងស្ថិត​នៅលើសសរស្តម្ភធំៗបី។ វាចាប់ផ្តើមជាមួយនិងវិបុលភាព។ ជំនួញ​២ភាគ​៣ របស់សាកលលោកទាំងមូលដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក និងផ្លូវ​ដែក​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក​។ ជំនួញប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក​នៅក្នុងតំបន់នេះមានជាង ១,៨ លានលានដុល្លា ដោយ​ផ្តល់​ការងារ​ចំនួន​ជាង ៣,៣ លាន នៅសហរដ្ឋអាមេរិក ហើយការវិនិយោគសរុប​របស់យើងក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកមានជិត ១ លាន​លានដុល្លា ពោលគឺមានចំនួនច្រើនជាងការវិនិយោគសរុបរួមគ្នារបស់ប្រទេសកូរ៉េខាងត្បូង ប្រទេស​ជប៉ុន និងប្រទេសចិន។

ឱកាសរីកចម្រើនគឺគ្មានដែនកំណត់។ នៅត្រឹមដើមឆ្នាំ ២០២០ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនឹងមានមនុស្សស្ថិតក្នុងវណ្ណៈ​កណ្តាលចំនួន ៤០ភាគរយ​នៃមនុស្សវណ្ណៈកណ្តាល​ក្នុងពិភពលោក ដែលជាការបើកឡើងនូវសក្តានុពលដ៏​ច្រើន​អនេក​​សំរាប់កម្មករ កសិករ និងក្រុមហ៊ុនបង្កើតការងាររបស់​សហរដ្ឋអាមេរិក​នាំចេញ​ទំនិញ​របស់​ពួកគេ​មកកាន់​ទីផ្សារដ៏ធំ និងកំពុងរីកចម្រើនទាំងនេះ។

នេះ ជាមូលហេតុដែលរដ្ឋបាលរបស់យើងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីដែលមានលក្ខណៈសេរី យុត្តិធម៌ និងមានទៅមានមក។

រដ្ឋបាលរបស់យើងបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយទៀតរួចទៅហើយ ជាមួយនឹងប្រទេស​កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទៀតជាមួយប្រទេសម៉ិកស៊ិក និងកាណាដា។ យើងនឹងចាប់​ផ្តើមចរចារជា​មួយនឹងប្រទេសជប៉ុន ដែលជាប្រទេសដែលមានចំណាត់ថ្នាក់សេដ្ឋកិច្ចលេខ ៣ក្នុងពិភពលោក ដើម្បីសំរេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីទាំងនេះនឹងផ្តល់ឱកាសការងារដល់អ្នកធ្វើការអាមេរិកជាចម្បង។

ក្រៅពីពាណិជ្ជកម្ម សហរដ្ឋអាមេរិកនឹងបន្តសម្រួល​ការវិនិយោគច្រើនថែមទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រុមហ៊ុន មិនមែនអ្នកការិយាធិបតេយ្យទេ ដែលនឹងជំរុញកិច្ចខិតខំរបស់យើង ពីព្រោះរដ្ឋាភិបាល និងសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ ពុំមានលទ្ធភាពកសាងវិបុលភាព​បានយូរអង្វែងបានទេ។

ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជនឡើងវិញនៅក្នុងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើពង្រាងច្បាប់ Build Act អោយទៅជាច្បាប់ ដែល​ពង្រីក​សមត្ថភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសំរាប់ការសាងសង់ដល់ ៦០ ពាន់លានដុល្លារ។ ប្រទេសរបស់យើង​ប្តេជ្ញា​ជួយ​តំបន់នេះក្នុងការកសាងកំពង់ផែ ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវដែក បំពង់បង្ហូរ និងខ្សែ​ទិន្នន័យ​ថ្នាក់​ពិភព​លោក។ យើងនឹងគាំទ្រតែគម្រោងណាដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសម្ចាស់ផ្ទះ និងដល់យើង។

សសរស្តម្ភទី២ របស់យើងគឺសន្តិសុខ ដែលជាគ្រឹះនៃវិបុលភាព។ នៅក្រោមយុទ្ធសាស្ត្រ​នៅឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់យើង​ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយបណ្ដាប្រទេសដែលមានគំនិតដូចយើង ដើម្បីប្រឈមនឹង​ការគំរាមកំហែង​ដ៏បន្ទាន់បំផុត ក្នុងតំបន់ រាប់ពីការរីកសាយអាវុធនុយក្លេអ៊ែរ រហូតដល់ភាពជ្រុលនិយម និងអំពើភេរវកម្ម។

គ្រាន់តែនៅឆ្នាំនេះ សហរដ្ឋអាមេរិកផ្តល់ប្រាក់ចំនួនជាងកន្លះពាន់លានដុល្លារ ជាជំនួយផ្នែកសន្តិសុខ។ ជំនួយនេះ​រួមមានជិត៤០០ លានដុល្លាសំរាប់ផ្នែកយោធា – ច្រើនជាងជំនួយសរុបទាំងបីឆ្នាំមុននេះបញ្ចូលគ្នា។

យើងក៏នឹងផ្តល់ជំនួយថ្មីៗផងដែរដើម្បីជួយប្រជាជាតិនានាក្នុងការពារព្រំដែនគោក ព្រំដែនទឹក និងផ្នែកឌីជីថល​របស់​គេ ហើយយើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ និង​ការហោះហើរ។ សមយុទ្ធកងទ័ពជើងទឹក​របស់យើង ថ្មីៗនេះ ជាមួយប្រទេសជប៉ុន និងឥណ្ឌា​បង្ហាញ​ពីការប្តេជ្ញា​ចិត្តជាថ្មីរបស់យើង។

ដូចដែលខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់ សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចដែល​មិនធ្លាប់មាន​ពីមុនមក លើប្រទេសកូរ៉េខាងជើង។ ការប្តេជ្ញាចិត្តរបស់យើងបាននាំប្រទេសនោះចូលទៅកាន់តុចរចា ហើយយើង​សូមអំពាវនាវ​ដល់បណ្តាប្រជាជាតិនៅតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទាំងអស់ អោយរក្សាយុទ្ធនាការដាក់សម្ពាធ រួមទាំងការដាក់ទណ្ឌកម្ម  រហូតដល់យើងសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ នៅឧបទ្វីបកូរ៉េ។

នៅទីបញ្ចប់ យើងគាំទ្រដល់រដ្ឋាភិបាលដែលមានតម្លាភាព និងមានការឆ្លើយតប គាំទ្រនីតិរដ្ឋ ការការពារសិទ្ធិបុគ្គល រួមទាំងសេរីភាពសាសនា។ ប្រជាជាតិដែលផ្តល់អំណាចដល់ប្រជាពលរដ្ឋរបស់ពួកគេ លើកកម្ពស់សង្គមស៊ីវិល ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ និងការពារអធិបតេយ្យភាពរបស់ពួកគេ គឺជាប្រទេសរឹងមាំសម្រាប់ប្រជាជនរបស់គេ ហើយជាដៃគូល្អម្រាប់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ប្រទេសដែលសង្កត់សង្កិនលើប្រជាជនរបស់ខ្លួន ច្រើនតែ រំលោភលើអធិបតេយ្យភាពរបស់ប្រទេសជិតខាងខ្លួនផងដែរ។ ភាពផ្តាច់ការ​និង​ការឈ្លានពាន​មិនត្រូវមាន​នៅក្នុង​តំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកទេ។

ក្នុងអំឡុងពេលសប្តាហ៍នេះ គណៈប្រតិភូរបស់យើងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំនៃមេដឹកនាំ APEC ។ យើងនឹងប្រកាស​ពីកិច្ចព្រមព្រៀង និងគំនិតផ្តួចផ្តើមថ្មីៗ ដែលមានច្រើនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុច្រើន ពីអ្នកបង់​ពន្ធ​អាមេរិក និងបណ្តាក្រុមហ៊ុនរបស់យើង។ យើងនឹងបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្ត​របស់លោកប្រធានាធិបតី​ ចំពោះភាពជាដៃគូជាបន្ត ។ សហរដ្ឋអាមេរិកនឹង​ធ្វើការជាមួយប្រទេសដែលមានគំនិតដូចយើង -រាប់ពី​ប្រទេសឥណ្ឌាដល់បណ្តាកោះនៅសមុទ្រប៉ាស៊ីហ្វិក ដើម្បីជំរុញផលប្រយោជន៍រួមគ្នារបស់យើង។ យើងនឹងប្រឆាំងអ្នកណាដែលគំរាមកំហែងផលប្រយោជន៍ និងគុណតម្លៃរបស់យើង។

សហរដ្ឋអាមេរិកស្វែងរកការសហការ មិនមែនការគ្រប់គ្រងទេ។ លោកប្រធានាធិបតីបានប្រកាស​ពីការប្តេជ្ញាចិត្ត​ជាថ្មីរបស់​យើងចំពោះតំបន់នេះ កាលពីមួយឆ្នាំមុន។ សប្តាហ៍នេះ វាជាសិទ្ធិរបស់ខ្ញុំក្នុងការ​បង្ហាញការ​តាំងចិត្ត​របស់យើង ជាមួយនឹងសកម្មភាព និងការវិនិយោគបន្ថែមទៀត។ សន្តិសុខជាតិ និងវិបុលភាពរបស់​ប្រទេស​យើងពឹង​ផ្អែកលើតំបន់ដ៏សំខាន់នេះ ហើយសហរដ្ឋអាមេរិកនឹងបន្តធានាថាប្រទេសទាំងធំ ទាំងតូចអាចរីកចម្រើន និងសម្បូរសប្បាយ នៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ៕

ថ្ងៃទី ៩ ខែវិច្ឆិកា ២០១៨ \ អត្ថបទដោយ លោកអនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ