អង្គការ​អន្តរជាតិ​មួយ​អំពាវនាវឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់លើអតីតបុគ្គលិកវិទ្យុអាស៊ី​សេរី

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

អង្គការ​សារព័ត៌មាន​គ្មានព្រំដែន (Reporters Without Borders) ហៅកាត់ថា RSF បានអំពាវនាវទៅ​រដ្ឋាភិបាលកម្ពុជា ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់ទៅ​លើ​អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ចំ​ខួបមួយឆ្នាំនៃការចាប់ខ្លួនពួកគេ។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​១៤ ខែ​វច្ឆិកា កាល​ពី​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ឲ្យ​រដ្ឋ​បរទេស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

​អតីត​អ្នកសារព័ត៌មាន​ទាំង​ពីរ​រូប​នេះ កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅ​ឡើយ បើទោះជា​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​​ខែ​សីហា​កន្លង​មក​ក៏​ដោយ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រធានការិយាល័យកិច្ចការអាស៊ី-ប៉ាស៊ីហ្វិករបស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន លោក ​ដានីយ៉ែល បាស្ដាដ (Daniel Bastard) បានអំពាវ​នាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ។

លោក ​ដានីយ៉ែល បាស្ដាដ បាននិយាយថា៖ «អ្នកកាសែតទាំងពីរនាក់នេះ គឺជាជនរងគ្រោះនៃការបង្ក្រាបដ៏ឃោរឃៅដែលត្រូវបានរៀបចំឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបិទបាំងការរិះគន់ទាំងអស់»

លោក ដានីយ៉ែល បន្តថា៖ «ថ្ងៃដែលពួកគេបានចំណាយពេលជាប់ពន្ធនាគារនៅឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ និងនៅក្នុងស្ថានភាពដ៏គួរឱ្យភ័យខ្លាច បានបម្រើគោលដៅតែមួយប៉ុណ្ណោះ ដើម្បីបំភិតបំភ័យអ្នកកាសែតមិត្តរបស់ពួកគេ។ ឥឡូវនេះ រដ្ឋាភិបាលត្រូវតែទម្លាក់ការចោទប្រកាន់ដែលនៅតែបន្តប្រឆាំងនឹងពួកគេ ដើម្បីធ្វើឱ្យការធ្វើទុក្ខបុកម្នេញនេះបញ្ចប់»

កាល​ពី​សប្ដាហ៍​មុន ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ទៅតុលាការ​ ឲ្យ​បញ្ចប់​បណ្ដឹង​ទាំង​អស់​ទៅ​លើ​មេដឹកនាំ​សហជីព​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ ​វាសនា​នៃ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប ស្ថិតនៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​នោះឡើយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ករណីនេះគឺពាក់ព័ន្ធនឹងផ្លូវច្បាប់ ដោយថា គឺ​ជា​សមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ និងតុលាការ។

លោក អ៊ុក គឹមសេង មានប្រសាសន៍ថា៖ «ក្រសួងព័ត៌មានពុំមានសមត្ថកិច្ចជានគរបាលយុត្តិធម៌ទេ អញ្ចឹងអ្ហា៎! ដូច្នេះ រឿងទាំងអស់នេះ វាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងតុលាការ និងសមត្ថកិច្ចដែលជានគរបាលយុត្តិធម៌។ អញ្ចឹងហើយ យើងត្រូវស្តាប់ទៅតាមការសម្រេចរបស់នគរបាលយុត្តិធម៌ ជាពិសេសតុលាការ តើគាត់សម្រេចរបៀបម៉េច? យើងចាំមើលគាត់! អញ្ចឹងអ្ហា៎!»

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និង លោក ជិនម៉ាលីន បានទេនៅរសៀលនេះ ដោយទូរសព្ទចូល​មិនមានអ្នកទទួល។

របាយការណ៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​ឲ្យ​ដឹង​ថា សន្ទស្សន៍​សេរីភាព​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ចំណាត់​ថ្នាក់​ ១៣២ នៅ​ឆ្នាំ​២០១៧ មក​ដល់​ចំណាត់១៤២ នៅ​ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅ​ទូទាំង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ