ខណៈក្នុងស្រុកជួបពពកខ្មៅ-ផលិតកររឿង«ឃ្លាតទៅសែនឆ្ងាយ»អះអាងថាជោគជ័យ៣ប្រទេស

លោក ឆាយ បូរ៉ា ​​ក្នុងឱកាសសម្ពោធរឿង​​​​​«​ឃ្លាតទៅសែនឆ្ងាយ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ វង្ស សុម៉ាលីន

ភាពយន្តខ្មែរ រឿង«ឃ្លាតទៅសែនឆ្ងាយ» ដែលផលិតដោយ លោក ឆាយ បូរ៉ា កំពុងស្ថិតក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិនៅក្នុងប្រទេសហ្វីលីពីន ដោយមានការគាំទ្រពីផលិតករបរទេសមូយចំនួន​​​ ប៉ុន្តែការដាក់បញ្ចាំង​លក់សំបុត្រ​​​​​​​ជាថ្មីក្នុងស្រុក​​​​​​​​​ក្នុងពេល​ទន្ទឹមគ្នានោះ មិនសូវទទួលបានជោគជ័យនោះ​​ឡើយ។

ផលិតករខ្មែរ លោក ឆាយ បូរ៉ា បានថ្លែងបញ្ជាក់ពីប្រទេស​ហ្វីលីពីន​​កាលពី​ល្ងាចថ្ងៃទី​​២៥ ខែ​វិច្ឆិកា ថា ក្រោយពី​​ខាង​គណកម្មការ​​​ផ្ដល់​សិទ្ធិអោយលោក​​​​​ដាក់​បង្ហាញ​ភាពយន្តរឿង​«​ឃ្លាត​ទៅសែនឆ្ងាយ» ​​ភាពយន្តរបស់លោកទទួលបានការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​ ដោយត្រូវបាន​ផលិតករជាជនបរទេស​សរសើរថា ​​​លោកអាច​ផលិតរឿង​បានល្អ ​មានស្ដង់ដារ​អាចទទួល​យកបាន ប៉ុន្តែចំណាយថវិកា​​​​​​​​​​​​​​​មិនលើសពី​​​​​១០ម៉ឺនដុល្លារ ដែល​ខាង​ផលិតករ​​​ក្រៅស្រុក​គេ​​អះអាងថា​មិនអាច​​​​ផលិតបាន។

លោកថា​​​ បណ្ដាប្រទេស​​​ដែលបានចូលរួម​​​​​យល់ថា​ភាពយន្ត​​​រឿង​ «​​ឃ្លាតទៅសែនឆ្ងាយ»​ ដែលលោក​យកទៅ​បង្ហាញតំណាង​ជាតិ ជាភាពយន្ត​ល្អ ​​មានខ្លឹមសារជាតិ ហើយជា​ស្នាដៃដែលមាន​​លក្ខណៈប្រវត្តិ​សាស្ត្រដែលមានតម្លៃជាតិអោយបរទេស​​បានស្គាល់​កាន់តែច្បាស់ពីកម្ពុជា​ផងដែរ។ អញ្ចឹងហើយ​ ទើបប្រទេសចំនួន​​៣​គឺ​សិង្ហបុរី ​ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានទំនាក់ទំនង​សុំសិទ្ធិ​​​​ដើម្បី​​សុំភាពយន្តនេះ អោយដាក់បញ្ចាំង​នៅក្នុង​​ប្រទេសរបស់គេ ​​​ដោយដាក់បញ្ចាំង​អោយពលរដ្ឋគេបានទស្សនាជាសាធារណៈនៅលើ​កញ្ចក់ទូរទស្សន៍​។

លោកចាត់ទុកថា​​​​​​​​ កិច្ចចរចារ​​​​​​​​​​​​​ស្នើអោយ​ស្នាដៃរបស់លោកបានបង្ហាញនៅ​ក្នុង​ប្រទេស​ទាំង​​៣ គឺជាអ្វីដែល​លោក​ចង់បាន ដោយ​សារតែក្នុង​ចំណោម​ភាពយន្ត​ភាគច្រើនដែលបានបង្ហាញ មិន​សុទ្ធតែមានភាពយន្តដែល​យកទៅ​​បង្អួតនោះ ត្រូវបាន​បណ្ដា​ប្រទេសដែលចូលរួម​ចាប់អារម្មណ៍ទិញយក ឬ​សុំ​សិទ្ធិ​ដើម្បីយក​ផ្សព្វផ្សាយនៅក្នុងប្រទេស​​របស់គេឡើយ ជាពិសេស​ប្រទេសទំនើបដូចជា​សិង្ហបុរី និង​ម៉ាឡេស៊ី ដែល​​ភាពយន្តរបស់​​​គេ​ក៏ខ្លាំងមិនធម្មតា។ ​

យ៉ាងណាមិញ លោក​ ឆាយ បូរ៉ា បានសារភាពថា ភាពយន្តរបស់លោក​​​​​​​​​ទទួលបានផលវិជ្ជមាន​​តែក្នុងចំណោមអ្នក​ចេះមើលកុន និង​​​​​​​ក្រសែភ្នែកជនបរទេសប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារ​ក្នុងស្រុក​លោកថា ​មិន​សូវ​​​ទទួលលទ្ធផល បើទោះជា​ភាពយន្តនេះ​ធ្លាប់ឈ្នះពានដល់​ទៅ​៧ក្នុងចំណោម​​៩ កាលពីឆ្នាំ​​២០១៥ ក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ ​​ខណៈដែល​​រឿង​​មួយនេះ ក៏មានការ​ទទួលស្គាល់ និងល្បីល្បាញ​​នៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ។

​លោក ឆាយ បូរ៉ា បានសម្រេច​​ចិត្ត​ដាក់បញ្ចាំងភាពយន្តនេះ និង​លក់សំបុត្រ​ជាថ្មីកាលពី​ថ្ងៃទី​​២១ ខែ​វិច្ឆិកា ប៉ុន្តែ​លោកថា ​​ទទួលបានការគាំទ្រ​តិច​ណាស់ គឺតិច​ជាងការរំពឹង​ទុក ដោយលោកបានហៅ​​​​​​លទ្ធផល​ដែលបានស្ដែង​ឡើងថា ​ខ្វះ​​ការលើកទឹកចិត្តពីអ្នកគាំទ្រ​ខ្មែរក្នុងស្រុក ​​ដែល​លោកយល់ថា​​ភាពយន្តនេះគួរតែកូនខ្មែរភាគច្រើន​បានទស្សនា។

យ៉ាងណាមិញ លោកថា​​​​មិនបាក់ទឹកចិត្ត​ចំពោះ​ការផលិតភាពយន្ត​​ដែលមានស្ដង់ដារ​​បែបនេះ​ទៀតឡើយ ដោយ​​​​​លោក​​នឹង​រក្សាជំហរ​ផលិត​ភាពយន្ត​​​អោយមានគុណភាព ជាជាង​ផលិតរឿង​​​​​តម្រូវតែទីផ្សារ​អ្នកមើល​មួយក្ដាប់តូច ​ដូចជា​ផលិតបែបកំប្លែង និង​រឿងខ្មោច​ ដែលលោក​បញ្ជាក់ថាមិនមាន​​ទីផ្សារនៅខាងក្រៅនោះ។ លោកថា​​​​​ផលិតករ​​ភាគច្រើន​កំពុង​បាក់ទឹកចិត្ត​​មិន​ចង់ផលិតភាពយន្តដែលមានគុណភាពនោះទេ ប៉ុន្តែបើលោក​​​ក៏​​​ធ្វើព្រោះតែចង់បាន​​​​​ផលចំណេញ​​​​ក្នុងស្រុក គឺមិនខុសពីរួមគ្នា​​ផលិតភាពយន្តដែល​​​​​មើលតែបានតែ​​​​​​អ្នកគាំទ្រមួយចង្កោមតូច ហើយ​គ្មានការទទួលស្គាល់ពីមជ្ឈដ្ឋានខាងក្រៅដដែលជាដដែលឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ