​ក្រុម​អង្គ​សង្គម​ស៊ីវិល​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី

កុមារី ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ ដែលរងការវាយធ្វើបាប ខណៈបម្រើការងារតាមផ្ទះ (រូបភាព៖ បណ្ដាញសង្គម)

ក្រុម​អង្គការ​ស៊ីវិល បាន​ចាប់​ផ្ដើម​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បីបញ្ឈប់ទម្រង់អំពើហិង្សាទៅលើស្រ្តីនៅឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «បុរសដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី» ខណ​ដែល​ពួកគេ​អះ​អាង​ថា ស្ត្រី និង​កុមារ នៅ​តែ​បន្ត​រង​អំពើ​ហិង្សា​ដដែល។

នាយិការអង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា អ្នកស្រី រស់ សុភាព ​បាន​ឲ្យ​ដឹង​ថា អង្គការរបស់​អ្នកស្រី​នឹងរៀបចំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី នៅតាម​បណ្តាខេត្តគោលដៅចំនួន ៣ រួមមានខេត្តព្រៃវែង កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

អ្នកស្រី បញ្ជាក់ថា គោលបំណងនៃការរៀបចំយុទ្ធនាការនេះ ដើម្បីផ្សព្វផ្សាយដល់សាធារណៈ និងអាជ្ញាធរពាក់ព័ន្ធ ​បន្ថែមទៀត​ជុំវិញ​កិច្ចការពារ និង​ទប់ស្កាត់ទម្រង់អំពើហិង្សាលើស្រ្តី និង​កុមារី​។

អ្នកស្រី មានប្រសាសន៍ថា៖ «យើងនៅតែមានឃើញរូបភាពរំលោភបំពានសេពន្ថវៈរំលោភសេព ហើយសម្លាប់ទៀតហ្នឹង។ នៅខេត្តគោលដៅរបស់យើងដូចជា នៅកំពង់ឆ្នាំង ថ្មីៗហ្នឹង ដែលធ្វើឱ្យយើងមានការកង្វល់​កាន់តែខ្លាំងឡើង។ ឥឡូវហ្នឹង យើងធ្វើយ៉ាងណា ដើម្បីឱ្យអាជ្ញាធរនៅតាមតំបន់ហ្នឹង មានការសហការ ហើយនិងការចូលរួមឱ្យបានពេញលេញនូវតួនាទីរបស់គាត់ »

យុទ្ធនាការ ១៦ ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងកុមារី កាលពីឆ្នាំមុនៗ គឺ​មានភ្ជាប់ការបំពាក់បូ​ពណ៌សផងដែរ។

អ្នកស្រី រស់ សុភាព បន្ថែមថា ​និមិត្តសញ្ញាបូ​ពណ៌សនៅតែមាននៅតាមប័ណ្ណផ្សព្វផ្សាយនានា ប៉ុន្តែ សម្រាប់ការបំពាក់បូពណ៌សនៅឆ្នាំនេះ គឺមិនមាន​​ទេ​។

អ្នកស្រីបន្តថា នៅឆ្នាំ២០១៨ ខាងបណ្តាញអង្គការអ្នកស្រីបានរៀបចំបដា និងមានអាវយឺត​អមដោយពាក្យស្លោក​ផ្សេងៗ ដែលមានអត្ថន័យទាក់ទងការបញ្ចប់អំពើហិង្សាលើស្ត្រី ព្រមទាំងចុះផ្សព្វផ្សាយតាមមូលដ្ឋានផ្ទាល់ទៀតផង។

អ្នកស្រី​បន្ថែមថា៖ «ខ្ញុំមើលឃើញថា មានបុរសមួយចំនួនធំដែលមានការកែប្រែ ជាពិសេសគាត់គិតថា គាត់ជាបុរស ហើយនៅពេលមានបុរសហ្នឹង គាត់ប្រព្រឹត្តអំពើហិង្សា គាត់មិនសប្បាយចិត្តដែរ»

នាយិការអង្គការដដែលនេះ បញ្ជាក់ថា ​ប្រវត្តិយុទ្ធនាការពាក់បូពណ៌ស ដើម្បីជានិមិត្តរូបប្រឆាំងរាល់អំពើហិង្សាទៅលើស្ត្រីនៅលើពិភពលោកនេះ​បានកើតឡើង​ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅប្រទេសកាណាដា ដោយសាស្ត្រាចារ្យនៅមហាវិទ្យាល័យម្នាក់ ​ក្រោយពេលមានព្រឹត្តិការណ៍ហិង្សាសម្លាប់​និស្សិតស្រីជាច្រើននាក់នៅក្នុងសាលារៀនមួយ ដែលបង្កឡើងដោយនិស្សិតប្រុស។

នាយិការអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា​ ស្ថានភាព​ស្រ្តីនៅពេលបច្ចុប្បន្ន មានប្រសើរឡើង ដោយថា ស្ត្រីហ៊ាននិយាយ នៅពេលមានការរំលោភបំពាន ឬ​មានអំពើហិង្សាកើតឡើង ប៉ុន្តែ អ្នកស្រីថា ហានិភ័យ និងភាពងាយរងគ្រោះរបស់ស្ត្រី និងកុមារី នៅតែជួបបញ្ហាប្រឈមដដែល។

អ្នកស្រី ធីតា ឃឹះ ​ប្រាប់​ថា៖ «បន្ថែមការផ្សព្វផ្សាយ និងការអប់រំ គោរពទៅនឹងតួនាទី និងតួអង្គស្ត្រី ឱ្យស្មើទៅនឹងមនុស្សមនា និងការគោរពសិទ្ធិស្ត្រី ដូចទៅនឹងការគោរពសិទ្ធិមនុស្សដែលមាននៅក្នុងគ្រួសារនិងនៅក្នុងសង្គម»

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក​ឃ្លាំមើលការរំលោភសិទ្ធិស្ត្រី និងកុមារ នៃអង្គការលីកាដូ កញ្ញា ណាប់ សុម៉ាលី ឱ្យដឹងថា ​កាល​ពី​ឆ្នាំ២០១៧​កន្លង​មក​ អង្គការនេះទទួលបានករណីអំពើហិង្សាក្នុងគ្រួសារមានចំនួន ៨៤​ករណី បណ្តាលឱ្យជនរងគ្រោះជាស្ត្រីស្លាប់ចំនួន ១៤ករណី។ ចំណែកការ​រំលោភសេពន្ថវៈទៅលើស្ត្រី និងកុមារី មានចំនួន ១៥៧ករណី​ បណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន ៩នាក់ ក្នុងនោះកុមារីមានចំនួន ៦នាក់។

ដោយឡែកសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៨ ករណីអំពើហិង្សា​មានចំនួន ៥៨​ករណី បណ្តាលឱ្យជនរងគ្រោះជាស្ត្រី ១០នាក់ស្លាប់ ហើយការ​រំលោភសេពន្ថវៈលើស្ត្រី និងកុមារីមានចំនួន ១២៧ករណី បណ្តាលឱ្យជនរងគ្រោះ៨ នាក់​ស្លាប់ ក្នុងនោះក្មេងស្រីមានចំនួន ៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ