ជ័យលាភីភាពយន្តរឿង «នារីសក់ខ្លី» ជំរុញសន្តិភាពតាម​រយៈ​ការ​ទប់ស្កាត់ការរំលោភផ្លូវភេទ

ព្រឹត្តិការណ៍ផ្តួចផ្តើមគំនិតប្រឆាំងអំពើហិង្សាផ្លូវភេទ នៅនិវេសនដ្ឋាន នៃអគ្គរាជទូតចក្រភពអង់គ្លេស យប់ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ហួត វុទ្ធី

ជ័យលាភីលេខ២ ផ្នែក​ភាពយន្តខ្នាតខ្លីក្នុងមហោស្រពភាពយន្តជាតិលើកទី២ រឿង «នារីសក់ខ្លី» ជំរុញឲ្យមានសន្តិភាពបន្ថែមទៀត តាម​រយៈ​ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទនៅពេលបច្ចុប្បន្ននេះ។

ថ្លែងក្នុងព្រឹត្តិការណ៍ផ្តួចផ្តើមគំនិតប្រឆាំងអំពើហិង្សាផ្លូវភេទ នៅនិវេសនដ្ឋាន នៃអគ្គរាជទូតចក្រភពអង់គ្លេស កាលពីយប់មិញ អ្នកដឹកនាំ និងអ្នក​និពន្ធភាពយន្តរឿង «នារីសក់ខ្លី» ដែលទើបត្រឡប់មកពីចូលរួមកម្មវិធីជួបជុំអ្នកផលិតភាពយន្តវ័យក្មេងនៅប្រទេសទេសអង់គ្លេស លោក ស្វាយ លីម៉េង លើកឡើងថា លោកមានឱកាសបានជជែក​ជាមួយបុគ្គល​ល្បីៗអំពីបញ្ហារំលោភបំពានផ្លូវភេទនៅកម្ពុជា។

អ្នកដឹកនាំ និងអ្នក​និពន្ធភាពយន្តរឿង «នារីសក់ខ្លី» លោក ស្វាយ លីម៉េង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ហួត វុទ្ធី

លោក លីម៉េង បន្តថា លោកបានរំលឹកពីរឿងរំលោភសម្លាប់កុមារីពីររូបនៅខេត្តកំពង់ឆ្នាំងផងដែរ ដោយថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានសន្តិភាព រឿងបែបនេះមិនគួរកើតមានឡើងឡើយ។ លោក លីម៉េង បានអំពាវនាវឲ្យទប់ស្កាត់ ឬនិយាយពីរឿងនេះដើម្បីឆ្ពោះទៅកសាងសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទក្នុងសង្គមជាតិទាំងអស់គ្នា។

ម្ចាស់ជ័យលាភីភាពយន្តខ្នាតខ្លីរឿង «នារីសក់ខ្លី» ដែលនិយាយទាក់ទងពីការរៀបការដោយបង្ខំក្នុងសម័យខ្មែរក្រហម ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តស្តីពីការផ្តួចផ្តើមគំនិតប្រឆាំងអំពើហិង្សាផ្លូវភេទ(PSVI Film Festival: Fighting Stigma through Film) នៅប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមប្រឆាំងអំពើហិង្សាផ្លូវភេទ(PSVI) មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិសាលភាពនៃអំពើហឹង្សាផ្លូវភេទលើស្ត្រី កុមារី បុរស​ និងក្មេងប្រុសនៅក្នុងស្ថានភាពនៃជម្លោះប្រដាប់អាវុធ និងប្រមូលផ្តុំសកម្មភាពសកលដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្សនេះ។ PSVI ត្រូវបានសហការបង្កើតដោយ​អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក William Hague និង​​ប្រេសិត​ពិសេសនៃ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួននិងជាតារាភាពយន្តហូលីវូត អ្នកស្រី Angelina Jolie។

កាលពីខែកក្កដា របាយការណ៍របស់សម្ព័ន្ធបងប្អូនស្រី ជាបណ្តុំអង្គការចំនួន៤ បង្ហាញថា អំពើ​ហិង្សាផ្លូវភេទយ៉ាងតិច ១​ករណីកើតឡើង​ក្នុងមួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយបានកើតឡើងចំពោះកុមារ​អាយុក្រោម ១៥ឆ្នាំ។ របាយការណ៍បញ្ជាក់ថា ជនល្មើសសុទ្ធតែធ្លាប់មានទំនាក់ទំនងជាមួយជនរងគ្រោះ ដូចជា សាច់ញាតិ មិត្តភ័ក្តិ ឬ​សង្សារជាដើម។​

របាយការណ៍អង្គការលីកាដូ​កាល​ពី​ឆ្នាំ២០១៧​កន្លង​មក ឱ្យដឹងថា អង្គការនេះទទួលបានករណីអំពើហិង្សាក្នុងគ្រួសារមានចំនួន ៨៤​ករណី បណ្តាលឱ្យជនរងគ្រោះជាស្ត្រីស្លាប់ចំនួន ១៤ករណី។ ចំណែកការ​រំលោភសេពន្ថវៈទៅលើស្ត្រី និងកុមារី មានចំនួន ១៥៧ករណី​ បណ្តាលឱ្យជនរងគ្រោះស្លាប់ចំនួន ៩នាក់ ក្នុងនោះកុមារីមានចំនួន ៦នាក់។

ដោយឡែកសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៨ ករណីអំពើហិង្សា​មានចំនួន ៥៨​ករណី បណ្តាលឱ្យជនរងគ្រោះជាស្ត្រី ១០នាក់ស្លាប់ ហើយការ​រំលោភសេពន្ថវៈលើស្ត្រី និងកុមារីមានចំនួន ១២៧ករណី បណ្តាលឱ្យជនរងគ្រោះ៨ នាក់​ស្លាប់ ក្នុងនោះក្មេងស្រីមានចំនួន ៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ