បណ្តាញស្ត្រីថា ស្ត្រីនៅតែទទួលរងការរើសអើងក្នុងវិស័យនយោបាយ

ពិធីប្រកាសបិទការអនុវត្តគម្រោង”ស្ដ្រីក្នុងវិស័យនយោបាយ” ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

បណ្តាញស្ត្រី ចង់ឱ្យមានការយកចិត្តទុកដាក់ចំពោះស្ត្រីក្នុងវិស័យនយោបាយបន្ថែមទៀត ដោយថា ដើម្បី​ជាផ្នែកមួយជួយឱ្យមានភាពប្រសើរឡើងស្ថានភាពរបស់ស្ត្រី និងជាផ្នែកមួយជួយដល់សង្គមជាតិផងដែរ។

តំណាងស្រ្តី និងជាជំទប់ទី២ ឃុំដូនកែវ មកពីខេត្តសៀមរាបម្នាក់ អ្នកស្រី ឆាយ សាត មានប្រសាសន៍ថា នៅឃុំមួយនេះ សមាជិកក្រុមប្រឹក្សាឃុំមានចំនួន ៩​នាក់ តែមានស្ត្រី ២នាក់ប៉ុណ្ណោះ។ អ្នកស្រីថា ចំនួនស្ត្រីតិចពេក​ធ្វើឱ្យ​​មានបញ្ហាប្រឈម​ក្នុងការបំពេញការងារ ម្យ៉ាងសំឡេងស្ត្រីតិចពេកធ្វើឱ្យ​សំណើ​ដែលលើកឡើងដោយស្ត្រី មិនត្រូវបានគេយកចិត្តទុកដាក់​។  ​

អ្នកស្រី ឆាយ សាត តំណាងស្រ្តី និងជាជំទប់ទី២ ឃុំដូនកែវ មកពីខេត្តសៀមរាបម្នាក់ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង​ពិធីប្រកាសបិទការអនុវត្តគម្រោង​ស្ត្រីក្នុងវិស័យនយោបាយ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

អ្នកស្រី ឱ្យដឹងថា៖ «យើងជាស្ត្រី គឺការងារច្រើន ហើយចុះនៅតាមភូមិក៏ដោយ គេផ្តោតយកតែស្ត្រី។ ម៉្លោះ​ហើយតទៅមុខ បញ្ហាប្រឈម គឺបុរសមានភាពរើសអើង​ទៅលើស្ត្រីដែរចាស៎។ បានថា រើសអើង ព្រោះពេលបោះឆ្នោតម្តងៗ ស្ត្រី​ឈរ​ឈ្មោះច្រើន តែមិនបានជាប់ជាស្ត្រី ជាប់តែបុរស»

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង​ពិធីប្រកាសបិទការអនុវត្តគម្រោង​ស្ត្រីក្នុងវិស័យនយោបាយ ប្រធានអង្គការសីលកា អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា ចំនួនស្ត្រីក្នុងក្របខណ្ឌអ្នកសម្រេចចិត្ត​គោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ មិនមានការកើនឡើងទេ។

អ្នកស្រីសង្កេតឃើញ​ថា ​ពលរដ្ឋជាស្ត្រីធម្មតាវិញ ការយល់ដឹង និងការចូលរួមក្នុងសកម្មភាពនយោបាយរបស់ពួកគាត់កើនឡើង ប៉ុន្តែ អ្នកស្រីថា នៅមានឧបសគ្គជាច្រើនទាំងកត្តាសង្គម និងកត្តាគ្រួសារ ព្រមទាំងមានការរើសអើងផងដែរ។ ​អ្នកស្រីបន្តថា នៅពេលចំនួនថ្នាក់ដឹកនាំជាស្ត្រីមានចំនួនតិចតួច ​ធ្វើ​ឱ្យការអនុវត្តគោលនយោបាយជាតិ មិនបានស្មើភាពគ្នា។

ប្រធានអង្គការសីលកា អ្នកស្រី ធីតា ឃឹះ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង​ពិធីប្រកាសបិទការអនុវត្តគម្រោង​ស្ត្រីក្នុងវិស័យនយោបាយ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

អ្នកស្រីមា​នប្រសាសន៍ថា៖ «ដូច្នេះ បើយើងឱ្យថ្នាក់ដឹកនាំច្រើនពេកទៅលើបុរស វាឃ្លោងដោយការអនុម័តកម្មវិធី ការអនុម័តថវិកាចំណាយទាំងប៉ុន្មាន វាឃ្លោង។ វាអត់ធ្លាក់ទៅក្នុង​សង្គមទេ។ អីចឹងទៅ វាអត់បានទៅបង្កើនការអភិវឌ្ឍ​សង្គមជាតិ។ អីចឹង វាមានបញ្ហានៅកន្លែងហ្នឹង»

តំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី ៦ ​មានចំនួន ១២៥រូប ក្នុងនោះស្រីមានចំនួន ១៩រូប។ ឧបនាយករដ្ឋមន្ត្រីមាន៩ រូប ស្រីមាន​១ រូប ចំណែករដ្ឋមន្ត្រីនៅតាមក្រសួងមានចំនួន២៩ គឺមានស្ត្រីជារដ្ឋមន្ត្រីចំនួន៣ រូប។ ​

ដោយឡែកសមាសភាពថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិជាស្ត្រីវិញ ក្នុងចំណោមរាជធានី​ខេត្តចំនួន ២៥ គឺ មានអភិបាលខេត្តជាស្ត្រីតែ ១រូបប៉ុណ្ណោះ គឺអភិបាលខេត្តកោះកុង។

យោងតាមរបាយការណ៍ធនាគារពិភពលោកកាលពីឆ្នាំ២០១៦ ឱ្យដឹងថា ស្ត្រីនៅកម្ពុជាមានចំនួនជាង ៥១ភាគរយ​នៃចំនួនប្រជាជនសរុប ប៉ុន្តែថា កិច្ចការងារនយោបាយត្រូវបាន​ដឹកនាំដោយបុរស។

របាយការណ៍ដែលចង់ក្រងដោយគម្រោង «ស្ត្រីក្នុងវិស័យនយោបាយ» បានលើកឡើងថាសំឡេងស្ត្រីក្នុងឆាកនយោបាយមានសភាពស្ងប់ស្ងាត់ ហើយតំណាងស្ត្រីក្នុងស្ថាប័នអំណាចនយោបាយគឺស្ថិតនៅក្នុងកម្រិតទាប។

របាយការណ៍ដដែលបង្ហាញថា ស្ត្រីប្រឈមបញ្ហាជាច្រើន ដែលរារាំងមិនឱ្យពួកគេចូលរួមពេញលេញក្នុងវិស័យនយោបាយ និងកិច្ចការសង្គម ដូចជាបញ្ហាភាពក្រីក្រ អនក្ខរកម្ម ការរើសអើង កង្វះការលើកទឹកចិត្ត និងកង្វះគោលនយោបាយជាក់លាក់ក្នុងការលើកកម្ពស់ និងផ្តល់ឱកាស​ដល់ស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ